(វីដេអូ) រៀបការជិត ១ ឆ្នាំ ទីបំផុតស្វាមីបណ្ដូលចិត្ត ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើបថាចង់បានកូនហើយ គឺយកចំនួនប៉ុណ្ណេះ
ពិធីការិនី និង ជាតារាសម្ដែង អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន បានប្ដូរឈ្មោះកញ្ញាទៅជាអ្នកនាងក្នុងវ័យជាង ៣០ ឆ្នាំ ដោយអ្នកនាងបានសម្រេចចិត្តកាន់ដៃបុរសសង្ហាជាអ្នកមានមុខមាត់ក្នុងសង្គមឈ្មោះ ឌី ពេជ្រ ចូលរោងការតាមប្រពៃណីកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ ដោយពិធីមង្គលការរបស់តារាស្រីរូបនេះ និង ស្វាមី បានប្រារព្ធឡើងយ៉ាងអធិកអធម ក្រោមវត្តមានចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗលំដាប់ប្រទេស ភ្ញៀវកិត្តិយស និង សិល្បករ សិល្បការិនីជាច្រើនកុះករ។
រយៈពេលជិត ១ ឆ្នាំដែលអ្នកទាំងពីរបានរៀបការក្លាយជាប្ដីប្រពន្ធតាមប្រពៃណីមក ហ៊ិន ច័ន្ទនីរ័ត្ន រស់នៅក្នុងជីវិតគូយ៉ាងមានក្ដីសុខ ព្រមជាមួយនឹងជីវភាពធូរធារ ដើរលេងក្រេបទឹកឃ្មុំនៅក្រៅប្រទេស រស់នៅក្នុងវីឡាធំស្កឹមស្កៃ ប៉ុន្ដែមកដល់ពេលនេះ គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ ហាក់មិនទាន់ប្រកាសដំណឹងល្អ ពាក់ព័ន្ធនឹងរឿងទាយាទដំបូងនៅឡើយ ខណៈកន្លងមកក៏មានលេចដំរួយសង្ស័យខ្លះៗពីមហាជនថា ហ៊ិន ច័ន្ទនីរ័ត្ន ទំនងជិតមានដំណឹងល្អរឿងកូនចៅហើយ។
និយាយដល់រឿងទាយាទស្នងត្រកូល ថ្មីៗនេះ លោក ឌី ពេជ្រ ស្វាមីជាទីស្រឡាញ់របស់អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហើបពីគម្រោងទៅថ្ងៃអនាគតចង់បានកូនចំនួន ៣ នាក់ឯណោះ។ ដ្បិតថាក្រោយរៀបការរួច ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបែងចែកពេលវេលាមើលថែស្វាមី បំពេញតួនាទីជាភរិយាល្អ មើលថែក្រុមគ្រួសារក៏ពិតមែន ប៉ុន្ដែតារាស្រីរូបនេះ នៅតែបន្តធ្វើការងារក្នុងក្ដីស្រមៃក្នុងនាមជាសិល្បការិនីមួយរូប នៅបម្រើដល់ចំណីចក្ខុទស្សនិកជនអ្នកគាំទ្រ មិនឃ្លាតឆ្ងាយទៅណាឡើយ៕