ឃើញស្រមោលខ្មៅៗក្បែរបង្អួចរាល់យប់ ភ័យបះសក់ តែពេលដឹងការពិត ដាច់ចង្កេះ!
ថ្មីៗនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ State of the Nation Address នៅក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅ មានអ្នកជិតខាងម្នាក់ បានរាយការណ៍ទៅខាងអគារខុនដូមួយ ដែលនាងបានឃើញស្រមោលមួយខ្មៅៗឈរក្បែរបង្អួច។ ដោយមានការបារម្ភពីសុវត្ថិភាព អ្នកជិតខាងម្នាក់បានយករឿងនោះទៅប្រាប់ម្ចាស់អគារ ដើម្បីឱ្យចុះទៅពិនិត្យថាមានអ្វីកើតឡើង ឬជាអ្វីឱ្យប្រាកដ។
តួយ៉ាង នាម៉ោងប្រហែល ១១:៣០ យប់ ម្ចាស់បន្ទប់ខុនដូរូបនោះ បានទទួលទូរស័ព្ទ ពីអ្នកគ្រប់គ្រងអគាររបស់នាងរៀបរាប់ថាអ្នកនៅខុនដូក្បែរៗនោះ មានការព្រួយបារម្ភណាស់ ព្រោះរយៈពេល ៤ ថ្ងៃជាប់ៗគ្នាហើយ ដែលពួកគេតែងតែឃើញស្រមោលបុរសម្នាក់ឈរមើលមកតាមបង្អួច។
ដោយឡែក ទាំងក្ដីហួសចិត្ត ព្រមទាំងអស់សំណើចផងនោះ ម្ចាស់បន្ទប់ ហើយក៏ជាម្ចាស់គណនី TikTok ដែលមានឈ្មោះថា @snowlight711 បានបង្ហោះវីដេអូមួយ ដោយភ្ជាប់ជាមួយនឹងស្រមោលបុរសម្នាក់ដែលកំពុងតែឈរវៀច-ក នៅក្បែរបង្អួចបន្ទប់របស់នាង។ បន្ថែមពីនេះទៅទៀត ក្នុងវីដេអូនោះនាងក៏បានរៀបរាប់ថា៖ «ឱ្យនាងប្រាប់គេយ៉ាងម៉េចទៅ? ថានោះគ្រាន់តែជារូបបញ្ឈររបស់ Seokjin ទេ»។
យ៉ាងណាមិញ បើទោះបីនេះជារឿងមួយដែលមើលទៅគួឱ្យអស់សំណើចក្ដី ប៉ុន្តែបន្ទាប់ពីវីដេអូមួយនោះល្បីពេញ TikTok រួចមក មានមហាជនជាច្រើនបានបញ្ចេញមតិនៅក្នុងវីដេអូរបស់នាងទៅកាន់អ្នកជិតខាងរបស់នារីម្នាក់នោះថា ជាអ្នកជិតខាងមួយដែលល្អ ចេះបារម្ភពីសុវត្ថិភាពអ្នកជិតខាងរបស់ខ្លួន។ មិនតែប៉ុណ្ណោះ គេក៏សង្ឃឹមថាអ្នកជិតខាងរបស់នារីម្នាក់នោះបានឃើញវីដេអូការពិត នៅពីក្រោយស្រមោលរូបបុរសម្នាក់នោះ ដើម្បីឱ្យលែងភ័យព្រួយតទៅទៀត៕