តាអាយុ ៦៨ ឆ្នាំផឹកស្រវឹង ពួយឡើងបង្គោលអង់តែនកម្ពស់ ៥០ ម៉ែត្រ ទាល់ចៅអាយុ ៦ ឆ្នាំមកលួងទើបព្រមចុះ
ថ្មីៗនេះ មានហេតុការណ៍ដ៏គួរឱ្យហួសចិត្តមួយបានកើតឡើងនៅប្រទេសថៃ ដោយមានបុរសចំណាស់វ័យ ៦៨ ឆ្នាំម្នាក់ ផឹកស្រាស្រវឹង រួចទៅឡើងលើបង្គោលអង់តែនទូរស័ព្ទកម្ពស់ ៥០ ម៉ែត្រ មិនព្រមចុះ ទាល់តែចៅអាយុ ៦ ឆ្នាំមកជួយលួងទើបព្រម។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើងនៅខេត្ត Nakhon Ratchasima ប្រទេសថៃ ដោយក្នុងគេបានប្រទះបុរសចំណាស់ម្នាក់ វ័យ ៦៨ ឆ្នាំ បាន និង កំពុងតែនៅលើអង់តែនទូរស័ព្ទមួយនាកណ្តាលភូមិ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុកអ្នកភូមិជាខ្លាំង។ ក្នុងនោះ ម្នាក់ៗបាននាំគ្នាស្រែកឱ្យបុរសចំណាស់រូបនេះ ចុះមកខាងក្រោមវិញ តែបុរសនេះមិនព្រមចុះមកឡើយ រហូតដល់អាជ្ញាធរប្រចាំតំបន់បានទៅនាំចៅស្រីអាយុ ៦ ឆ្នាំរបស់បុរសខាងលើ មកជួយនិយាយលួងលោម ទើបព្រមចុះមកវិញដោយសុវត្ថិភាព។
យ៉ាងណាមិញ ខាងក្រុមគ្រួសារបានឱ្យដឹងថា បុរសចំណាស់រូបនេះចូលចិត្តផឹកស្រាជាប្រចាំ ហើយតែងតែស្រវឹងទាល់តែបាត់ការគ្រប់គ្រងខ្លួនឯងជារឿយៗ តែគេមិននឹកស្មានថាលើកនេះគឺដល់ថ្នាក់ឡើងលើបង្គោលអង់តែនទូរស័ព្ទបែបនេះឡើយ៕
ប្រភព៖ Khaosod