ខុសគ្នាដូចម៉េចខ្លះរវាង ឡានអគ្គិសនី Hybrid និង Plug-in Hybrid?
មនុស្សភាគច្រើនអាចនឹងមានការយល់ច្រឡំ និង មិនទាន់ស្គាល់ច្បាស់ពីរថយន្តប្រើអគ្គិសនី , Hybrid និង Plug-in Hybrid ឡើយ ។
រថយន្តអគ្គិសនី EV ឬ Electric Vehicle (ប្រើអគ្គិសនីសុទ្ធ)
រថយន្តអគ្គិសនី ដំណើរការលើថាមពលអគ្គិសនីតែមួយមុខគត់ ហើយត្រូវការសាកភ្លើងវិញនៅពេលអស់ ។ វាត្រូវការបំពេញថាមពលដោយសាកភ្លើងតាមរយៈខ្សែសាក និង មិនត្រូវការសាំង ឬ ប្រេងដទៃទៀតឡើយ ។ វាប្រើប្រាស់ម៉ូទ័រអគ្គិសនីដើម្បីបញ្ជាកង់រថយន្ត និង អ្វីគ្រប់យ៉ាងនៅលើរថយន្ត ។
រថយន្ត Hybrid (ប្រើសាំង និង អាគុយ)
រថយន្ត Hybrid ប្រើប្រាស់អាគុយតូច តែអាចសាកបានតាមរយៈការជាន់ហ្វ្រាំងរថយន្ត និង ពេលដកជើងចេញពីហ្គ៊ែរឱ្យវាទៅមុខដោយស្វ័យប្រវត្តិ ។ រថយន្ត Hybrid ធម្មតា អាចបើកនៅក្នុង EV Mode (ប្រើអគ្គិសនីសុទ្ធ) បាន (នៅពេលដែលរថយន្តមានសាំង) ប៉ុន្តែការបើកបរនៅក្នុង EV Mode គឺមានកំណត់ និង អាចបើកបានជិតបំផុត មុនពេលម៉ាស៊ីនដំណើរការដោយស្វ័យប្រវត្តិ ។ ម៉ាស៊ីនក៏នឹងដំណើរការដោយស្វ័យប្រវត្តិផងដែរ នៅពេលដែលត្រូវការកម្លាំងខ្លាំង ដូចជាពេលជាន់វ៉ា និង ជាន់ក្នុងល្បឿនលឿនជាដើម ។
រថយន្ត Plug-in Hybrid (ប្រើសាំង , អាគុយ និង អគ្គិសនី)
រថយន្ត Plug-in Hybrid រួមបញ្ចូលគ្នាទាំង Hybrid និង អគ្គិសនី ។ វាប្រើអាគុយធំជាងរថយន្តប្រភេទ Hybrid ដែលជាលទ្ធផលធ្វើឱ្យអ្នកអាចបើកបរក្នុង EV Mode ចម្ងាយឆ្ងាយ ទៅតាមម៉ូដែលរថយន្តដែលអ្នកប្រើប្រាស់ ។ ជាមួយគ្នានេះ អាគុយរថយន្ត Plug-in Hybrid អាចសាកនៅពេលជាន់ហ្វ្រាំងរថយន្ត ក៏ដូចជា សាកភ្លើង ផងដែរ ។ នៅពេលរថយន្តប្រភេទនេះអស់អាគុយ នោះម៉ាស៊ីននឹងដំណើរការឡើងភ្លាម ប៉ុន្តែមិនមែនរាល់រថយន្ត Plug-in Hybrid សុទ្ធតែបែបនេះទេ ។ ប្រភេទខ្លះ ម៉ាស៊ីនដំណើរការឡើង បន្ទាប់ពីអស់អាគុយ និង ខ្លះទៀត នៅពេលត្រូវការកម្លាំង ទោះបីជាអាគុយនៅក៏ដោយ ៕
ប្រភព ៖ carfromjapan