លែងពិបាកហើយ! ផ្ទេរកម្មសិទ្ធិយានយន្ត និង បង់ពន្ធប្រថាប់ត្រា ធ្វើនៅកន្លែងតែមួយ
នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៩ នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកពន្ធដារ បានជួបពិភាក្សាគ្នាអំពី “នីតិវិធីរួមក្នុងការផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រា” នៅកន្លែងតែមួយ ។
កិច្ចប្រជុំនេះ បានពិនិត្យពិភាក្សាទៅលើលំហូរចរន្តដំណើរការតាមប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការអនុវត្តនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត និង បង់ពន្ធប្រថាប់ត្រា។ អង្គប្រជុំបានសម្រេចឯកភាពលើការធ្វើនីតិវិធីរួមផ្ទេរកម្មសិទ្ធិយានយន្ត និង បង់ពន្ធប្រថាប់ត្រានៅកន្លែងតែមួយ ឆ្លុះបង្ហាញការគិតគូដិតដល់ និង យល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ បង្កភាពងាយស្រួល និង ចំណេញពេលវេលា ។ នីតិវិធីរួមនេះ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងក្រសួងសាធារណការ និង ដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី និង ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល មានសង្ឃឹមយ៉ាងមុតមាំថា លំហូរចរន្តដំណើរការតាមប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការអនុវត្តនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត និង បង់ពន្ធប្រថាប់ត្រានេះ នឹងដំណើរការទៅបានយ៉ាងរលូន នឹងជួយចូលរួមទៅដល់ការពង្រឹងនូវគ្រប់គ្រងមធ្យោបាយធ្វើដំណើរ និង ទិន្នន័យសន្តិសុខជាតិ ព្រមទាំងជួយបង្កើនចំណូលពន្ធរដ្ឋឱ្យបានកាន់តែមានភាពល្អប្រសើរឡើង ៕
អត្ថបទ ៖ រាជ