ក្រុមហ៊ុនវីសាបង្ហាញកំណើនរបស់ប្រជាជនកម្ពុជា កំពុងទទួលយកការទូទាត់ប្រាក់តាមរយៈឌីជីថល
ក្រុមហ៊ុនវីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា ទូទាត់សាច់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិច អន្តរជាតិដ៏ធំលើពិភពលោកបានធ្វើសន្និសីទសារព័ត៌មាននៅសណ្ឋាគារ សូហ្វីតែលភូគីត្រា នាថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៩ បង្ហាញពីកំណើនរបស់ប្រជាជនកម្ពុជា ដែលកំពុងតែទទួលយកការទូទាត់ប្រាក់តាមរយៈ ឌីជីថល ពីមួយឆ្នាំទៅមួយឆ្នាំចំនួន ៤៣ ភាគរយលើតម្លៃសរុបនៃការទិញទំនិញ និង សេវាកម្មផ្សេងៗ ដោយការប្រើប្រាស់វីសាកាត និង មានការកើនទ្បើងរហូតដល់ ៥៨ ភាគរយ បើកគណនាលើចំនួនប្រតិបត្តិការ ។
ទិន្នន័យនេះបានមកពីការប្រៀបធៀប លើការចំណាយរវាង ឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៨ យោងលើការសិក្សាស្រាវជ្រាវអំពីឥរិយាបទក្នុងការបង់ប្រាក់របស់អតិថិជនប្រើប្រាស់វីសាកាត ក្នុងឆ្នាំ ២០១៨ ។ តាមរយៈការសិក្សានេះ បានរកឃើញថា ប្រជាពលរដ្ឋកម្ពុជាប្រហែល ១ ភាគ ៣ រំពឹងថា ការទូទាត់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលនឹងមានប្រជាប្រិយភាព ដោយសារតែវាមានភាពងាយស្រួល និង សុវត្ថិភាព បើប្រៀបធៀបជាមួយនឹងការប្រើសាច់ប្រាក់សុទ្ធ ហើយទន្ទឹមនឹងនោះដែរ ប្រជាជនកម្ពុជា ៥៤ ភាគរយ ជឿជាក់ថា សេដ្ឋកិច្ចនឹងរីកចម្រើនវិវត្តទៅដោយមិនចាំបាច់ប្រើសាច់ប្រាក់សុទ្ធនៅក្នុងរយៈពេល ៧ ឆ្នាំ ខាងមុខនេះ ។
តាមរយៈការសិក្សានេះក៏បានរកឃើញថា អតិថិជនអ្នកប្រើប្រាស់ បានមើលឃើញ និង បានព្យាករណ៍ថា ការទូទាត់ប្រាក់តាមរយៈអេឡិចត្រូនិក ទំនងជាត្រូវបានប្រើប្រាស់ នាពេលអនាគត ក្នុងនោះពួកគេរំពឹងថា ការទូទាត់បែបនេះនឹងត្រូវបានប្រើប្រាស់នៅតាមបណ្តាផ្សារទំនើប ៧៩ ភាគរយហើយ ៦១ ភាគរយ ក្នុងផ្សារទំនើបធំៗ និង ៤៩ ភាគរយនៅហាងទំនិញជាច្រើនទៀត ។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ប្រជាជនកម្ពុជា មានភាពសុទិដ្ឋិនិយមចំពោះវិស័យ សេដ្ឋកិច្ច ដោយយោងទៅលើការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីថា មានកំណើន GDP ៧ ភាគរយនៅឆ្នាំនេះ នឹងមានការថយចុះក្រោម ៧ ភាគរយបន្តិចនៅឆ្នាំក្រោយ ។ ដោយសារតែជំហរនៃកំណើនដ៏រឹងមាំនេះបានធ្វើឱ្យយើងមានការរំពឹងទុកថាប្រព័ន្ធនៃការទូទាត់ប្រាក់របស់ប្រទេសយើងនឹងរីកចម្រើនយ៉ាងឆាប់រហ័ស ចំណែកក្រុមហ៊ុនវីសាក៏មានការរំភើបរីករាយក្នុងការធ្វើការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ បណ្តាពាណិជ្ជករ និង អតិថិជនអ្នកប្រើប្រាស់ផ្ទាល់ ដើម្បីធ្វើឱ្យការរំពឹងទុកទាំងនេះក្លាយទៅជាការពិត ។
ប្រជាជនកម្ពុជាក៏កំពុងបង្ហាញអំពីសន្ទុះនៃការទទួលយកបច្ចេកវិទ្យាទូទាត់ប្រាក់បែបថ្មីនេះតាមរយៈការស្រាវជ្រាវបានបង្ហាញថា ២៤ ភាគរយនៃអ្នកត្រូវបានស្ទង់មតិ ចាប់អារម្មណ៍ទៅលើការទូទាត់ តាមរយៈទូរស័ព្ទដៃ ដោយក្នុងនោះ ១ ភាគ ៣ មានចំណាប់អារម្មណ៍ចំពោះការបង់ប្រាក់ដែលមិនចាំបាច់ប្រើក្រដាសប្រាក់សុទ្ធ ។
បើយើងងាកមកនិយាយពីការបង់ប្រាក់តាមរយៈទូរស័ព្ទដៃវិញ ការសិក្សាមួយនេះក៏បានរកឃើញថា អតិថិជនមានបំណងចង់ធ្វើការទូទាត់ប្រាក់តាមរយៈទូរស័ព្ទដៃទៅលើផលិតផល និង សេវាកម្មឈានមុខមួយចំនួនទាក់ទង និង ផ្នែកសុខភាព កីឡា ការទិញលក់រាយ ការកម្សាន្ត និង ដំណើរទេសចរណ៍ ជាដើម ។
អ្នកស្រីនាយិកាគ្រប់គ្រងវីសាបានបន្តថា ១ ភាគ ៣ នៃប្រជាជនកម្ពុជា ក៏បានបង្ហាញអំពីការចាប់អារម្មណ៍ក្នុងការទូទាត់ប្រាក់តាមរយៈការស្កេន QR កូដ ដែលជាសេវាកម្មបច្ចេកវិទ្យាថ្មីបំផុត បានបើកដំណើរការក្នុងភាពជាដៃគូជាមួយធនាគារជាច្រើនដោយក្រុមហ៊ុនវីសានៅកម្ពុជាកាលពីចុងឆ្នាំមុន ។
មកដល់ពេលនេះ ការទូទាត់ប្រាក់តាមរយៈ QR កូដ ត្រូវបានគេទទួលស្គាល់នៅក្នុងហាងទំនិញជាង ១៣២៦ កន្លែង ដែលចំនួននេះកើនឡើងទ្វេដងបើប្រៀបធៀប ជាមួយនឹងចំនួននៃហាងទំនិញនៅពេលដែលបច្ចេកវិទ្យានេះ ទើបត្រូវបានដាក់ឱ្យដំណើរការ ។
អ្នកស្រី ម៉ូនីកា បានបន្ថែមទៀតថា យើងមានក្តីរំភើបរីករាយ ដែលបានឃើញសន្ទុះប្រជាជនកម្ពុជាក្នុងការទទួលយកបរិបទថ្មីទាក់ទងនឹងការទូទាត់ប្រាក់តាមរយៈឌីជីថល ។ យើងប្តេជ្ញាធ្វើការជាមួយរដ្ឋាភិបាល និង ធនាគារជាដៃគូរបស់យើង ក្នុងការណែនាំនូវការទូទាត់ប្រាក់តាមរយៈភាពច្នៃប្រឌិតនៃបច្ចេកវិទ្យាថ្មីៗ ដែលផ្តល់នូវមធ្យោបាយលឿនបំផុត និង ងាយស្រួល ព្រមទាំងមានសុវត្ថិភាពក្នុងការបង់ប្រាក់ និង ទទួលប្រាក់សម្រាប់ប្រជាជនគ្រប់រូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕