ទម្លាប់អាក្រក់ទាំង ៥ យ៉ាងរបស់អ្នករត់កង់បីឥណ្ឌានៅភ្នំពេញ ធ្វើឱ្យអ្នកដំណើរមួម៉ៅបំផុត
រ៉ឺម៉កកង់បីឥណ្ឌាជាមធ្យោបាយធ្វើដំណើរកំពុងពេញនិយមខ្លាំង សម្រាប់ប្រជាពលរដ្ឋខ្មែរ ពិសេសនៅរាជធានីភ្នំពេញ ។ វត្តមានកងបីឥណ្ឌាកាន់តែកើនឡើងៗ ខណៈរ៉ឺម៉កកង់បីខ្មែរ ស្ទើរតែលែងមានវត្តមាន ។ ទន្ទឹមនឹងនេះការបើកបរយ៉ាងអាណាធិបតេយ្យរបស់អ្នករត់កង់បីឥណ្ឌា បានធ្វើឱ្យក្លាយជារឿងដ៏ឈឺក្បាលមួយសម្រាប់អ្នកដំណើរ ព្រោះបានបង្កឱ្យមានការកកស្ទះកាន់តែខ្លាំង ពិសេសគឺបាត់បង់សណ្ដាប់ធ្នាប់ ។ ខាងក្រោមនេះជាកាសាកសួរពីអ្នកដំណើរមួយចំនួន បានលើកឡើងស្រដៀងគ្នា ពីទម្លាប់អាក្រក់មួយចំនួនរបស់អ្នករត់កង់បីឥណ្ឌា ៖
១. ជិះគ្មានដឹងគន្លងរថយន្ត គន្លងម៉ូតូ
អ្នកដំណើរ ១០០ នាក់ស្ទើរ ១០០ នាក់តែងធុញថប់រឿងនេះជាខ្លាំង ។ ព្រោះអ្នកបើកកង់បីឥណ្ឌាភាគធំ តែងជិះពេញផ្លូវ ពិសេសជិះបិទគន្លងសម្រាប់ម៉ូតូតែម្ដង ។ ឧទាហរណ៍គន្លងម៉ូតូ អាចឱ្យជិះបាន តែបែរជាកង់បីឥណ្ឌាទៅពាំងពីមុខធ្វើឱ្យស្ទះទាំងអស់គ្នា ។ ក្រៅជិះបិទផ្លូវម៉ូតូ គេសង្កេតឃើញជិះពង្រាយពេញផ្លូវគ្មានចេះតម្រង់ជួរតាមគន្លងឡើយ ។
២. បត់មិនមើលមុខមិនមើលក្រោយ
ដ្បិតថា រ៉ឺម៉កកង់បីឥណ្ឌាទាំងនោះ មិនធំដូចរថយន្តពិតមែន តែពេលបត់គួរតែមើលមុខក្រោយខ្លះ ។ តាមពលរដ្ឋមួយចំនួនធំលើកឡើងថា ពេលខ្លះពួកគាត់សឹងតែចាប់ហ្វ្រាំងមិនទាន់ ព្រោះអ្នករត់កង់បី ទាំងនោះត្រូវបត់ក៏បត់ភ្លាមតែម្ដង មិនដឹងថានៅសងខាង នៅពីក្រោយ មានឧបសគ្គអ្វីនោះទេ ។
៣. វ៉ាគេឯងដូចម៉ូតូគ្មានសណ្ដាប់ធ្នាប់
អ្នករត់កង់បីឥណ្ឌាខ្លះ វ៉ាជែងប្រជ្រៀតចូលកៀនកោះ ជិះសឹងតែប៉ះអ្នកដទៃតែម្ដង ។ ការបើកបរបែបនេះពិតជាអាចបង្កគ្រោះថ្នាក់ខ្លាំងដល់អ្នកដទៃ ពិសេសនោះធ្វើឱ្យចរាចរណ៍គ្មានសណ្ដាប់ធ្នាប់តែម្ដង ។
៤. មិនមានភាពស្មោះត្រង់
មានអ្នកដំណើរមួយចំនួនលើកឡើងថា អ្នករត់កង់បីឥណ្ឌាខ្លះ បន្លំស៊ីគីឡូថែម ជិះវាងវាត់ កាច់កុងចុះឡើងដើម្បីឱ្យបានឆ្ងាយបានលុយច្រើន ។ ការលេងល្បិចបែបនេះធ្លាប់កើតឡើងមិនតិចករណីទេ ហើយតែងបង្កឱ្យមានបញ្ហាជាមួយអ្នកដំណើរជាហូហែររួចមកហើយ ។
៥. ពេលមានបញ្ហាអីមិនចេះអធ្យាស្រ័យ
អ្នកណាមិនធ្លាប់និយាយរឿងនេះ ? ពេលដែលខ្លួនទៅបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ចេះអង្វរ លន់តួរ តែដល់តែពេលគេប៉ះពាល់បន្តិចបន្តួចគឺកាប់យកៗ ទារលុយកប់ៗ មិនចេះយោគយល់ឡើយ ៕
អត្ថបទ ៖ រាជ