Hilltop Observatory កន្លែងមើលផ្កាយ មានទេសភាពស្អាតបំផុត នៅមណ្ឌលគិរី
Hilltop ជារមណីយដ្ឋានថ្មីមួយ ដែលទើបតែដំណើរការ កាលពីពេលថ្មីៗនេះ ទាំងទីតាំង និង ភាពទាក់ទាញបានធ្វើឱ្យទីនេះក្លាយទៅកន្លែងកម្សាន្តដ៏មានប្រជាប្រិយភាពមួយ នៅក្នុងក្រុងសែនមនោរម្យ ។ រមណីយដ្ឋាន Hilltop ត្រូវបានគេរៀបចំ ជាសំណង់ថ្មីៗជាច្រើនយ៉ាងស្រស់ស្អាត ជាពិសេសកន្លែង មើលផ្កាយ មើលព្រៃព្រឹក្សាគួរជាទីចាប់អារម្មណ៍ក្រៃលែងសម្រាប់ភ្ញៀវទេសចរ ។
លោក វឿន ប្រយុទ្ធ នាយកគ្រប់គ្រង របស់ Hilltop បានឱ្យដឹងថា Hilltop បានចាប់ផ្តើមដំណើរការសាកល្បង នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៩ នេះប៉ុណ្ណោះ តែមានការគាំទ្រយ៉ាងច្រើនពីសំណាក់ភ្ញៀវទេសចរ ជាតិ និង អន្តរជាតិ ។ បុគ្គលិកដែលបម្រើការងារនៅទីនេះ ៨០ ភាគរយ ជាជនជាតិភាគតិតភ្នង ការដែលរូបលោក សម្រេចចិត្ត ជ្រើសរើសយកបងប្អូនជនជាតិភាគតិចមកបម្រើការនោះ គឺដោយសារលោកចង់លើកស្ទួយ វប្បធម៌ជនជាតិភាគតិច ហើយម៉្យាងវិញទៀតលោកចង់រួមចំណែកលើកស្ទួយជីវភាព បងប្អូននៅទីនេះផង ។ នៅ Hilltop មានកន្លែង មើលផ្កាយ មើលព្រៃព្រឹក្សា យ៉ាងខ្ពស់ អាចមើលបានរហូតដល់ទៅ ១៨០ ដឺក្រេ មានអាងហែលទឹក មានកន្លែងហាត់ប្រាណ បឹងការឡូ មានសួនច្បារយ៉ាងស្រស់ស្អាត និង មានសំណង់ជាច្រើនទៀតដើម្បីបម្រើភ្ញៀវទេសចរ ហើយនៅក្នុងពេលប្រម៉ូសិននេះការស្នាក់នៅមានតម្លៃតែ ៦០ ដុល្លារក្នុងមួយយប់ ។
ប្រសិនបើលោកអ្នក ចង់ទៅលំហែកាយនៅ Hilltop មិនពិបាកឡើយគឺមានចម្ងាយតែ ៤.៥គីឡូម៉ែត្រ ប៉ុណ្ណោះពីរង្វង់មូលគោព្រៃ ស្ថិតនៅតាមបណ្តោយផ្លូវដាក់ដាំ ក្នុង ភូមិគីឡូលេខ៧ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ Hilltop ត្រូវបានសង់នៅលើដីទីទួលខ្ពស់ ដើម្បីងាយស្រួលក្នុងការទស្សនា ទេសភាពធម្មជាតិ របស់ភ្ញៀវទេសចរ ៕
ដោយ៖សុថាត់