គ្រូគណិតប្រាប់មេរៀនសំខាន់ៗ និយមចេញប្រឡងបាក់ឌុប បើធ្វើ ២ លំហាត់នេះបាន គឺជាប់ធូរល្ហុយ
ការប្រឡងមធ្យមសិក្សាទុតិយភូមិកាន់តែជិតមកដល់ មិនថាសិស្សផ្នែកសង្គម ឬ ផ្នែកវិទ្យាសាស្ត្រ កំពុងតែខិតប្រឹងប្រែងរៀនសូត្រជាខ្លាំង ។ បើក្រឡេកទៅមើលសិស្សផ្នែកវិទ្យាសាស្ត្រវិញ អាចថាកំពុងផ្ដោតខ្លាំងលើមុខវិជ្ជាគណិត ព្រោះពិន្ទុរហូតដល់ ១២០ ពិន្ទុឯណោះ ។
លោកគ្រូ រ៉ន សារិទ្ធ បង្រៀនមុខវិជ្ជាគណិតវិទ្យា នៅសាលាជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានបង្ហើបថា មុខវិជ្ជាដែលចេញមិនដែលខានមានដូចជា កំផ្លេច លីមីត ឌីផេរ៉ង់ស្យែល អាំងតេក្រាល អនុគម ប្រូបាប ធរណីមាត្រក្នុងលំហ Funtions Geometry ។ លោកគ្រូគណិតដ៏ឆ្នើមរូបនេះប្រាប់ទៀតថា ចំពោះអ្នកមិនសូវពូកែគណិត មិនបាច់សម្រុកមើលទាំងអស់ក៏បាន អាចផ្ដោតលើមេរៀន ធរណីមាត្រ ពិន្ទុមិនដែលក្រោម ២០ទេ គឺ ២០ ទៅ ២៥ ពិន្ទុ និង ផ្ដោតលើអនុគម ពិន្ទុពី ៣០ ទៅ ៣៥ ។ ដូច្នេះបើធ្វើតែមុខនេះត្រូវគឺ ជិតជាប់ទៅហើយ អាចបាន ៦០ ពិន្ទុ ហើយព្យាយាមធ្វើលំហាត់ផ្សេងៗ ទៀតយកត្រឹមពីរទៅបីពិន្ទុទៀត គឺជាប់ហើយ ព្រោះពិន្ទុគណិត ១២៥ បើយកបានត្រឹម ៦២ កន្លះ គឺជាប់ធូរ ។
សូមជម្រាបជូនថា ការប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៩ និង ២០ សីហា ២០១៩ ខាងមុខនេះហើយ ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ