គិតខុសស្រឡះ! ការពិត អ្នកដំណើរអង្គុយផ្នែកក្រោយក្នុងឡាន គ្រោះថ្នាក់ខ្លាំងបំផុត ពេលជួបបញ្ហា
មនុស្សភាគច្រើនប្រហែលជាគិតថា កៅអីខាងក្រោយ (ជួរទី២) របស់រថយន្ត គឺជាកន្លែងសុវត្ថិភាពបំផុត ព្រោះវាស្ថិតនៅឆ្ងាយពីកញ្ចក់មុខ និង តាប្លូរថយន្ត ។ ផ្ទុយទៅវិញ ការអង្គុយកៅអីខាងក្រោយ គឺប្រឈមនឹងគ្រោះថ្នាក់ខ្លាំងបំផុត ។
វិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវ៉េ (IIHS) បានប្រកាសថា “កៅអីខាងក្រោយជាតំបន់គ្រោះថ្នាក់បំផុត” ។ នេះបើយោងតាមការសិក្សាថ្មីមួយ ដែលបង្ហាញថា កៅអីខាងក្រោយខ្វះការការពារមួយចំនួន ដូចជា ៖
- ខ្សែក្រវ៉ាត់ខាងក្រោយមួយចំនួនមិនរឹតបន្តឹងដើម្បីទប់អ្នកដំណើរឱ្យនៅមួយកន្លែងពេលជួបគ្រោះថ្នាក់
- កង្វះពោងខាងមុខ (ផ្ទុះចេញពីកៅអីខាងមុខ) ដូចអ្នកដំណើរនៅផ្នែកខាងមុខ ខណៈវាកំពុងស្ថិតក្នុងការអភិវឌ្ឍនៅឡើយ
- ពោងវាំងននចំហៀង នៅមានតិចក្នុងការការពារអ្នកពីការបោកក្បាល
ចុះចំពោះកៅអីសម្រាប់ក្មេង (child seat) នៅខាងក្រោយវិញ?
កៅអីសម្រាប់ក្មេង (child seat) ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយហានិភ័យនៅផ្នែកខាងក្រោយ ហើយជាធម្មតាមានសុវត្ថិភាព ជាងក្មេងអង្គុយនៅកៅអីផ្នែកខាងមុខ ដែលប្រឈមនឹងការផ្ទុះពោងចេញមក ដោយវាអាចបង្កជាគ្រោះថ្នាក់លើសដើម ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានណែនាំឱ្យប្រើប្រាស់កៅអីសម្រាប់ក្មេងដែលបែរមុខទៅខាងក្រោយ (rear-facing child seat) ៕
ប្រភព ៖ CNET