បដិមាព្រះសិវៈរាំ ដែលបានបែកបាក់ជាបំណែកតូចៗរហូតដល់ ១ ម៉ឺនបំណែកនោះ ត្រូវបានផ្គុំឡើងវិញហើយ
ឥឡូវនេះ បដិមាព្រះសិវៈរាំ ដែលបានបែកជាបំណែកតូចៗប្រមាណជា ១០ ០០០បំណែកនោះ ត្រូវបានក្រុមអ្នកជំនាញនៃអភិរក្សដ្ឋានអង្គរ សហការជាមួយអាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិអប្សរា សារៈមន្ទីរជាតិភ្នំពេញ និង សាលាបារាំងចុងបូព៌ាធ្វើការជួសជុលផ្គុំរូបរាង តាមទម្រង់ដើមឡើងវិញហើយ ។
បដិមាព្រះសិវៈរាំនេះ មានកម្ពស់៥ម៉ែត្រ មានព្រះសិរ២ជាន់ ព្រះភក្ត្រ៥ ព្រះហស្ថ១០ មានប្រភពមកពីប្រាសាទក្រហមនៅកោះកេរ នាស.វ.ទី១០នៃគ.ស. ស្ថិតក្នុងសភាពបាក់បែកចំនួន១០០០០បំណែក បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងធ្វើការផ្គុំឡើងវិញ ។ ភាពខ្ទេចខ្ទាំរាងកាយ ១ម៉ឺនបំណែកនៃទេពអង្គនេះ បណ្តាលមកពីកត្តាធម្មជាតិនៃអាយុកាល ភាពវឹកវរនៃសង្គ្រាមស៊ីវិល និង ពួកឈ្មួញទុច្ចរិតមួយចំនួនឆ្លៀតឱកាសស្រុកទេសគ្មានសុខសន្តិភាពនាពេលកន្លងមក ក៏បានអារកាត់ព្រះសិរយកទៅជួញដូរ ហើយវាយបំបែករូបរាងកាយ ដែលពុកផុយឱ្យបែកខ្ទេច គួរឱ្យសង្វេគបុរាណវត្ថុដ៏ធំនេះក្រៃ ។
ទាក់ទងនឹងការប្រមូលបំណែកនៃព្រះសិវៈរាំមកធ្វើការអភិរក្សឡើងវិញ គឺនៅឆ្នាំ២០១២
សាលាបារាំងចុងបូព៌ា បានសហការជាមួយអាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើកំណាយស្រាវជ្រាវរួមគ្នាដើម្បីប្រមូលនូវបំណែកនៃព្រះសិវៈរាំ ដែលសេសសល់ពីការបំផ្លាញទាំងក្នុងដីខ្លះ និង គរលើដីលាយឡំនឹងបំណែកឥដ្ឋខ្លះ មករក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក៏ប៉ុន្តែដោយសារនៅទីនោះមានការលំបាកក្នុងការជួសជុល ក៏បានផ្ទេរមកអភិរក្សដ្ឋានអង្គរវិញ។ ក្នុងការជួសជុលនេះ ក៏បានយកបំណែកដៃចំនួន៥ និង ព្រះភក្ត្រចំនួនពីរមកពីសារមន្ទីរជាតិភ្នំពេញ ដែលបារាំងបានយកទៅរក្សាទុកនៅឆ្នាំ១៩៦០ ដើម្បីផ្គុំឱ្យចេញរូបរាងដើមវិញ។
លោក ឆាន់ ចំរើន អនុប្រធាននាយកដ្ឋានគាំពារ និង អភិរក្សសំណង់បុរាណនៃក្រសួងវប្បធម៌បានឱ្យដឹងថា មកដល់ពេលនេះ ការជួលជុល និង ផ្គុំបំណែកបដិមាព្រះសិវៈរាំ បានដំណើរការជាង២ខែមកហើយ ដោយក្រុមអ្នកជំនាញបច្ចេកទេសខ្មែរមកពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិអប្សរា និង សារមន្ទីរជាតិភ្នំពេញ។ ជាលទ្ធផល យើងផ្គុំបានផ្នែកទ្រូង ការព្យាបាលពង្រឹងថ្មដែលពុកផុយខ្លះ រួមទាំងផ្នែកផ្សេងៗទៀត។ ក្នុងនោះដែរក៏ជាការសោកស្តាយ ដែលព្រះភក្ត្រចំនួនបីត្រូវបានបាត់បង់ ហើយក្រុមការងារក៏កំពុងពិចារណាថា គួរបំពេញបន្ថែម និង ប្រើថ្មថ្មីក្នុងកម្រិតណាក្នុងការបំពេញនៅកន្លែងបាត់បង់ផ្នែកផ្សេងទៀត។ ក្នុងការអនុវត្តការងារ យើងមិនទាន់ហ៊ានកំណត់ពីវេលាសម្រេចទេ ព្រោះមានការលំបាកខ្លាំង ដោយសារបំណែករូបមានដល់ទៅមួយម៉ឺនដុំទាំងតូច ធំ ដែលបំណែកខ្លះតូចពិបាកក្នុងការផ្គុំ ត្រូវការពេលវេលាច្រើនក្នុងការយកថ្មមកភ្ជាប់ឱ្យត្រូវគ្នា កន្លែងខ្លះមានស្នាមមុខដាប់ច្រើន ឯថ្មខ្លះទ្រុឌទ្រោមខ្លាំងត្រូវការព្យាបាលនិង ពង្រឹង។ ចំពោះការផ្គុំឱ្យចេញជារូបរាង គឺផ្គុំពីសាច់ក្នុងមកក្រៅ ដែលទាមទារការយកចិត្តទុកដាក់ អត់ធ្មត់ ពេលវេលា ការស្រឡាញ់ ទើបអាចធ្វើបានសម្រេច ។
ការផ្គុំនៃបំណែក បដិមា ព្រះសិវៈរាំ ដែលមានបំណែករហូតដល់ទៅ ១ម៉ឺនបំណែកនោះគឺពិតជាមានការលំបាកយ៉ាងខ្លាំង តែទោះជាយ៉ាងណាក្រុមអ្នកជំនាញបានប្តេជ្ញាថា នឹងបំពេញកិច្ចការនេះឱ្យបានសម្រេច ។ នេះបើយោងតាមអាជ្ញាធរជាតិអប្សារា ៕
ដោយ ៖ ចំណូល