Ferrari គំរាមប្តឹងម្ចាស់ឡាន ដោយសារថតរូបមិនសមរម្យជាមួយឡាន
ម្ចាស់រថយន្តប្រភេទ Supercar ភាគច្រើន តែងមានជីវិតបែបឡូយឆាយ និង ស៊ីវីល័យ ។ ជាក់ស្តែង លោក Philip Plein ជាអ្នករចនាម៉ូដជនជាតិអាល្លឺម៉ង់ ដែលមានចំនួន Follower ជិត ២ លាននាក់ តែងបង្ហោះរូបបង្អួតពីរថយន្ត សម្លៀកបំពាក់ថ្លៃ និង ស្រីស្អាតជាដើម ។
ថ្មីៗនេះ លោក Philip បានបង្ហោះរូបថតប៉ុន្មានសន្លឹក ដែលថតជាមួយរថយន្ត Lamborghini Urus, Rolls-Royce Cullinan និង Ferrari 812 Superfast ពណ៌បៃតង ដោយមាននារីសិចស៊ីអមក្បែរនោះផងដែរ ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Ferrari មិនពេញចិត្តនឹងរូបថតទាំងនោះឡើយ ព្រោះខ្លាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន ។
Philip អះអាងថា លោកទទួលបានសំបុត្រមួយច្បាប់ពីមេធាវីរបស់ក្រុមហ៊ុន Ferrari ដោយបញ្ជាឱ្យលោកលុបរូបមួយចំនួនចោល ។ រូបដែលប៉ះពាល់ខ្លាំងបំផុត គឺ រូបស្បែកជើងរបស់លោក Philip ដាក់លើរថយន្ត Ferrari ។ Ferrari ថែមទាំងគំរាមចាត់ការតាមផ្លូវច្បាប់ទៀតផង ប្រសិនបើលោក Philip មិនធ្វើតាមក្នុងរយៈពេល ៤៨ ម៉ោង ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Philip មិនបានលុបរូបទាំងនោះចោលឡើយ ហើយអះអាងថា លោកពិតជាខកចិត្ត និង មិនពេញចិត្តចំពោះទង្វើរបស់ Ferrari ឡើយ ព្រោះលោកគឺជាអ្នកប្រើប្រាស់រថយន្ត Ferrari ចាស់ឆ្នាំម្នាក់ដែរ ។
“ខ្ញុំស្រឡាញ់រថយន្ត ជាពិសេសគឺ Ferrari តែម្តង ។ ខ្ញុំបានទិញ Ferrari ដំបូងបង្អស់កាលពី ១០ ឆ្នាំមុន ហើយថ្មីៗនេះទើបតែទិញ Ferrari ឱ្យម្តាយរបស់ខ្ញុំជាកាដូទៀត ។ ខ្ញុំគិតថាវាជារឿងគួរឱ្យអស់សំណើចណាស់ ដែលអតិថិជនដ៏ល្អដូចជារូបខ្ញុំ ទទួលបានសំបុត្រគំរាមបែបនេះពី Ferrari” ។ នេះបើតាមការរ៉ាយរ៉ាប់របស់លោក Philip ៕
ដោយ ៖ ឡុង
ប្រភព ៖ Carbuzz