BMW X5 Protection VR6 ពាក់អាវក្រោះ អាចការពារគ្រាប់ AK និង គ្រាប់បែក
BMW បានផលិតរថយន្តការពារគ្រាប់ម៉ូដែល X5 Protection VR6 ដែលអាចការពារអ្នកប្រើប្រាស់ពីការបាញ់ប្រហារ ព្រមទាំងការបំផ្ទុះគ្រាប់បែកទៀតផង ។
រថយន្ត SUV របស់អាល្លឺម៉ង់ខាងលើ ត្រូវបានបំពាក់កម្រិតការពារ VR6 ដែលអាចទប់ទល់នឹងគ្រាប់កាំភ្លើង AK-47 ក៏ដូចជាការបំផ្ទុះ ១៥ គីឡូក្រាមពីរយៈចម្ងាយ ៤ ម៉ែត្រផងដែរ ។ មិនតែប៉ុណ្ណោះ X5 Protection VR6 មានបំពាក់អាវក្រោះការពារបាតក្រោម ដើម្បីទប់ទល់នឹងគ្រាប់បែគដៃ និង គ្រាប់បែកបញ្ជាទៀតផង ។
ដើម្បីធានាថាតួខ្លួនខាងក្រៅរបស់វាអាចទប់ទល់នឹងការវាយប្រហារទាំងនោះបាន X5 Protection VR6 បានប្រើដែកថែបដ៏រឹងមាំបំផុតមួយជុំរថយន្ត ព្រមទាំងកញ្ចក់ការពារគ្រាប់កម្រាស់ ៣៣ មីល្លីម៉ែត្រ ។
ទោះជាយ៉ាងណា BMW មិនបានបញ្ជាក់ថាវាមានតម្លៃ និង ទម្ងន់ប៉ុន្មានឡើយ ប៉ុន្តែវាប្រើម៉ាស៊ីនសាំងចំណុះ ៤,៤ លីត្រ Twin-turbocharged ទំហំ ៨ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៥៣០ សេះ អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រប្រើពេលត្រឹម ៥,៩ វិនាទី ហើយមានល្បឿនអតិបរមាដល់ទៅ ២១០ គីឡូម៉ែត្រក្នុងមួយម៉ោង ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព ៖ Carscoops