កាន់តែព្រួយបារម្ភ! ក្មេងៗប្រេស៊ីលកំពុងមានបញ្ហាផ្លូវដង្ហើម ដោយផ្សែងឆេះព្រៃ Amazon
ក្មេងៗក្នុងប្រទេសប្រេស៊ីលកំពុងមានការពិបាកក្នុងការដកដង្ហើម ខណៈទទួលរងផលប៉ះពាល់ពីផ្សែងដែលបោកបក់មកពីភ្លើងឆេះព្រៃ Amazon ។
បើតាមសារព័ត៌មាន Associated Press បានឲ្យដឹងថា មានមនុស្សជាច្រើនបានផ្ដល់ព័ត៌មានជុំវិញបញ្ហាសុខភាពផ្នែកផ្លូវដង្ហើម ដែលកំពុងតែកើនឡើងខ្លាំងក្នុងមន្ទីរពេទ្យកុមារ Cosme e Damia នៃទីក្រុង Porto Velho ជាយព្រៃ Amazon ។ លោក Daniel Pires ជាគ្រូពេទ្យប្រចាំមន្ទីរពេទ្យកុមារនោះបាននិយាយថា ចំនួនករណីជំងឺផ្លូវដង្ហើមនេះបានកើនឡើងប្រមាណ ១២០ ទៅ ១៣០ ករណីក្នុងដើមខែសីហា ដែលអាចបណ្ដាលមកពីផ្សែងភ្លើងឆេះព្រៃ រហូតដល់ថ្ងៃទី ២០ ខែសីហា បញ្ហាសុខភាពកុមារនេះ បានកើនឡើងរហូតដល់ ២៨០ ករណី ។ លោកបាននិយាយទៀតថា ក្មេងៗគឺមានអាការៈក្អកខ្លាំង និងរលាកសួត ដែលវាអាចទាក់ទងគ្នានឹងការសាយភាយខ្លាំងនៃផ្សែងឆេះព្រៃ Amazon នេះ ។
គួរបញ្ជាក់ថា បើគិតត្រឹមឆ្នាំនេះ ប្រទេសប្រេស៊ីលបានទទួលរងផលប៉ះពាល់ពីភ្លើងឆេះព្រៃរហូតដល់ទៅជាង ៧២ ៨៤៣ ដង នេះបើតាមមជ្ឈមណ្ឌលស្រាវជ្រាវលំហអាកាសរបស់ប្រទេសប្រេស៊ីល INPE បញ្ជាក់ ដែលតួលេខនេះ គឺកើនឡើងរហូតដល់ ៨៣ ភាគរយ រាប់គិតចាប់ពីឆ្នាំមុនមក ៕
ប្រភព៖ 9GAG