ញាក់សាច់! ឡានបារាំង Peugeot 508 ប្រើ Hybrid ស៊ីសាំងតិចជាងអា Prius ៣ ដង
បន្ទាប់ពីបានបង្ហាញខ្លួនកាលពីឆ្នាំមុន នៅក្នុងកម្មវិធី Paris Auto Show ឥឡូវនេះ Peugeot បានបង្ហាញតួលេខនៃកម្រិតស៊ីសាំងរបស់រថយន្ត 508 Hybrid និង 508 SW Hybrid ។
យោងតាមការធ្វើតេស្តិ៍ រថយន្ត Peugeot 508 Hybrid អាចរត់បានចម្ងាយ ៥៤ គីឡូម៉ែត្រដោយប្រើប្រាស់ថាមពលអគ្គិសនី នៅក្នុងបើកបរ EV Mode ខណៈ 508 SW Hybrid ត្រឹម ៥២ គីឡូម៉ែត្រ ។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ 508 Hybrid និង 508 SW Hybrid មានកម្រិតស៊ីសាំងជាមធ្យម ត្រឹមតែ ១,៣ លីត្រប៉ុណ្ណោះសម្រាប់ការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ ។
សូមបញ្ជាក់ថា រថយន្ត Hybrid ទាំង ២ ម៉ូដែលខាងលើ ប្រើម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ ប្រភេទ PureTech Turbocharged ទំហំ ៤ ស៊ីឡាំង ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបានសរុប ២២២ សេះ ។ មិនតែប៉ុណ្ណោះ ពួកវាប្រើអាគុយកម្លាំង ១១,៨ គីឡូវ៉ាត់ម៉ោង ដែលអាចសាកភ្លើងពេញមិនដល់ ២ ម៉ោងឡើយតាមរយៈខ្សែកម្លាំង ៧ គីឡូវ៉ាត់ ។
Peugeot 508 Hybrid និង 508 SW Hybrid កំពុងដាក់លក់នៅប្រទេសបារាំងហើយ ខណៈតំបន់អឺរ៉ុបនឹងមានលក់នៅចុងឆ្នាំ ៕
ប្រភព ៖ Carscoops