រកផ្លូវវៀងទៅ! ក្រសួងប្រកាសផ្អាកការធ្វើដំណើរបណ្តោះអាសន្ន ផ្លូវជាតិលេខ ៥០C ទៅខេត្តកំពង់ធំ
ឥឡូវនេះ កំណាត់ផ្លូវជាតិលេខ ៥០ C ចាប់ពីចំណុចភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់ទន្លេមេគង្គ ដែលមិនអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៅមកបានឡើយ ។ ដូច្នេះបើបងប្អូន ដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ ៥០Cនេះ គួរតែវៀងទៅផ្លូវផ្សេងវិញ ។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណៈការ និង ដឹកជញ្ជូន បានឱ្យដឹងថា ដោយពិនិត្យឃើញថាកម្ពស់ទឹកទន្លេ បាន និង កំពុងកើតឡើងជាបន្ទបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃបានធ្វើឱ្យកំណាត់ផ្លូវជាតិលេខ ៥០C ចាប់ពីចំណុចផ្លូវកែង ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង រហូតដល់ចំណុចព្រំប្រទល់ខេត្តកំពង់ធំ ចាប់ផ្ដើមលិច និង ហូរកាត់ផ្លូវដោយកន្លែងៗ ដែលអាចបង្កឱ្យមានការខូចខាត ដោយអន្លើ និង ងាយទទួលរងការខូចខាតខ្លាំងក្នុងពេលដែលយានយន្តគ្រប់ប្រភេទនៅតែបន្តការធ្វើចរាចរណ៍ឆ្លងកាត់ ។
នៅក្នុងសេចក្តីជូនដំណឹងនោះ ក៏បានបញ្ជាក់ថា ដើម្បីការពារសុវត្ថិភាពដល់ការធ្វើដំណើរ និងបញ្ជៀសគ្រោះថ្នាក់ ដែលកើតឡើងជាយថាហេតុនោះ ក្រសួងសូមធ្វើការផ្អាក ការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ ៥០C ជាបណ្ដោះអាសន្ន ចាប់ពីចំណុចផ្លូវកែងកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ចំណុចព្រំប្រទល់ខេត្តកំពង់ធំ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់រដូវទឹកស្រក់ និង មានការជូនដំណឹងជាថ្មី ៕