កំពូលឡានស្ព័រចិន ប្រើ Hybrid តម្លៃ ២,២ លានដុល្លារ
Hongqi ដែលជាម៉ាករថយន្តប្រណីតមួយរបស់ប្រទេសចិន បានដាក់បង្ហាញកំពូលរថយន្តស្ព័រ Hongqi S9 Hypercar ដំណើរការដោយម៉ាស៊ីន Hybrid នៅក្នុងកម្មវិធី Frankfurt Motor Show ឆ្នាំ ២០១៩ ក្នុងប្រទេសអាល្លឺម៉ង់ ។
Hongqi S9 Hypercar ដំណើរការដោយម៉ាស៊ីនសាំង Turbocharged ទំហំ ៨ ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី ដែលបង្កើតកម្លាំងបានសរុប ១ ៤០០ សេះ អនុញ្ញាតឱ្យវាអាចរត់ពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ១,៩ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ទៅ ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
Hongqi S9 Hypercar មិនត្រឹមតែមានកម្លាំងខ្លាំងនោះទេ ប៉ុន្តែការរចនារូបរាងរបស់វាក៏បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើនផងដែរ ដោយតួខ្លួនរបស់វាផលិតចេញពី Carbon Fiber ហើយមានទ្វារបើកឡើងដូច Lamborghini អីចឹង ។
យ៉ាងណាមិញ កំពូលរថយន្តស្ព័ររបស់ចិននេះនឹងចូលសង្វាក់ផលិតកម្ម ហើយចេញលក់នៅឆ្នាំ ២០២១ ក្នុងតម្លៃប្រមាណ ២,២ លានដុល្លារ ៕
ប្រភព ៖ Carscoops