Toyota 4Runner ឆ្នាំ ២០២០ រូបរាងមិនខ្ចីតែ តែបំពាក់បច្ចេកវិទ្យាថ្មីច្រើន
ក្រុមហ៊ុន Toyota ទើបតែបានបញ្ចេញ រថយន្ត SUV ដែលមានតួខ្លួនរឹងមាំ 4Runner ស៊េរីឆ្នាំ ២០២០ ជាផ្លូវការ ខណៈវាបានបង្ហាញខ្លួននៅលើទីផ្សារសហរដ្ឋអាមេរិក រយៈពេល ១០ ឆ្នាំមកហើយ ។
ចាប់តាំងពីទទួលបានការអាប់ដេតក្នុងឆ្នាំ ២០១៤ មក រថយន្ត Toyota 4Runner ទទួលបានការកែកុនតិចតួចបំផុត តែបានបន្ថែមម៉ូដែល 4Runner TRD Pro ក្នុងឆ្នាំ ២០១៥ ។
ដោយឡែក សម្រាប់ស៊េរីឆ្នាំ ២០២០ នេះ Toyota បានសម្រេចចិត្តបំពាក់កញ្ចប់បច្ចេកវិទ្យា Toyota Safety Sense P (TSS-P) មកស្តង់ដារតែម្តងលើ 4Runner គ្រប់ម៉ូដែលទាំងអស់ ។ មិនតែប៉ុណ្ណោះ មុខងារសុវត្ថិភាព រួមមានដូចជា Pre-Collision System with Pedestrian Detection, Lane Departure Alert with Sway Warning System, Automatic High Beams និង High-Speed Dynamic Radar Cruise Control (DRCC) ផងដែរ ។
ក្រៅពីនោះ 4Runner ឆ្នាំ ២០២០ ក៏បានរចនាកុងទ័រថ្មី ជាមួយនឹងអេក្រង់បង្ហាញព័ត៌មានកម្សាន្ត ទំហំ ៨ អ៊ីង ប្រភេទ Touchscreen ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay, Android Auto និង Amazon Alexa ទៀតផង ។ អ្វីដែលពិសេស វាបានបន្ថែមរន្ធដោត USB ចំនួន ២ ដល់អ្នកដំណើរអង្គុយក្រោយ ដែលងាយស្រួលក្នុងការសាកថ្មទូរស័ព្ទជាដើម ។
សូមបញ្ជាក់ថា Toyota 4Runner ថ្មី នៅតែប្រើម៉ាស៊ីនដដែល គឺ ចំណុះ ៤,០ លីត្រ ទំហំ ៦ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ២៧០ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៥ វគ្គ ប្រភេទ ECT ព្រមទាំង ជម្រើសប្រព័ន្ធបើកបរប៉ុងមួយ និង ប៉ុងពីរ ។ យ៉ាងណាមិញ Toyota មិនទាន់បានបង្ហាញតម្លៃរបស់ 4Runner ឆ្នាំ ២០២០ នេះនៅឡើយទេ ៕
ប្រភព ៖ Carscoops