កប់បាត់! Mazda នឹងបង្ហាញគំរូឡានអគ្គិសនី នៅខែក្រោយនេះ!
Mazda នឹងដាក់បង្ហាញរថយន្តប្រើអគ្គិសនីរបស់ខ្លួននៅខែក្រោយនេះ ក្នុងកម្មវិធី Tokyo Motor Show ។
លោក Yoshikazu Nagai អ្នកនាំពាក្យរបស់ក្រុមហ៊ុន Mazda បានឱ្យដឹងថា គំរូរថយន្តអគ្គិសនីជាច្រើននឹងត្រូវដាក់បង្ហាញក្នុងកម្មវិធីខាងលើនោះ ហើយអាចឱ្យបើកបរសាកល្បងបានទៀតផង ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ វានឹងប្រើតួខ្លួនម៉ូដែល CX-30 ប៉ុន្តែប្រើគ្រោងឆ្អឹងសម្រាប់រថយន្តអគ្គិសនីថ្មី ។
ទោះបីជាយ៉ាងណា លោក Nagai បានបញ្ជាក់ថា វានឹងជារថយន្តម៉ូដែលថ្មីសន្លាង មិនមែនជា CX-30 ដែលប្រើអគ្គិសនីឡើយ ។
បើយោងតាមប្រភពព័ត៌មានបានឱ្យដឹងថា គំរូរថយន្តអគ្គិសនីរបស់ Mazda ដែលនឹងបង្ហាញខ្លួននៅ Tokyo Motor Show នឹងប្រើកញ្ចប់អាគុយកម្លាំង ៣៥,៥ គីឡូវ៉ាត់ម៉ោង និង ម៉ូទ័រអគ្គិសនីមួយ ដែលបង្កើកកម្លាំងសរុបបាន ១៤២ សេះ ។
មិនទាន់មានព័ត៌មានលម្អិតអំពីចម្ងាយដែលវាអាចបើកបរបានឡើយ ប៉ុន្តែគេរំពឹងថា កញ្ចប់អាគុយប៉ុណ្ណេះអាចឱ្យវាបើកបានចម្ងាយចន្លោះពី ១៦០ ទៅ ២៤០ គីឡូម៉ែត្ររាល់ពេលសាកភ្លើងពេញម្តង ៕
ប្រភព ៖ Carscoops