ក្រុមហ៊ុនសាមសុង និង វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាល Samsung Tech Institute ប្រចាំឆ្នាំ ២០១៩
ភ្នំពេញថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៩៖ វគ្គបណ្តុះបណ្តាល Samsung Tech Institute មានរយៈពេល ៨ សប្តាហ៍ ដែលរៀបចំឡើងដោយមានការសហការគ្នារវាងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស និង ក្រុមហ៊ុនសាមសុងអេឡិចត្រូនិចកម្ពុជា លើមុខជំនាញជួសជុលទូរស័ព្ទដៃទំនើបថ្មីៗ និង បរិក្ខារអេឡិចត្រូនិច សាមសុង ដែលក្នុងនោះមានសិក្ខាកាមចូលរួមសរុបចំនួន ៥០ នាក់ នៅពេលនេះបានបញ្ចប់ជាស្ថាពរហើយ ។
លោក សឹងហូរ ឆយ (Mr. Seungho Choi) អគ្គនាយកសាខាក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា «គោលដៅនៃវគ្គបណ្តុះបណ្តាល Samsung Tech Institute គឺដើម្បីបណ្តុះ ធនធានមនុស្សផ្នែកអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជាដោយផ្តល់នូវចំណេះដឹងច្បាស់លាស់ដល់សិស្សអំពីទ្រឹស្តី និង ការអនុវត្តជាមួយនឹងផលិតផលអេឡិចត្រូនិចទំនើបៗ ដែលត្រូវបានប្រើប្រាស់ជុំវិញពិភពលោក» ។ លោកបានបន្តទៀតថា «នៅសាមសុងយើងឲ្យតម្លៃខ្ពស់ក្នុងការចូលរួមអភិវឌ្ឍសង្គមសម្រាប់ភាពរីកចម្រើនក្នុងសហគមន៍ ។ យើងចង់ឲ្យប្រាកដថាសិស្សទាំងអស់ដែលបានបញ្ចប់ការសិក្សាពីវគ្គបណ្តុះបណ្តាលនេះនឹងអាចប្រើប្រាស់ជំនាញ ចំណេះដឹងរបស់ពួកគេដើម្បីស្វែងរកការងារល្អ ជាមួយប្រាក់ខែខ្ពស់ ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសាររបស់ពួកគេ ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិ» ។
ដោយឡែកក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសបានកោតសរសើរ និង រីករាយក្រៃលែងយ៉ាងខ្លាំងចំពោះក្រុមហ៊ុនសាមសុង ក្នុងការលើកកម្ពស់វិស័យបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជា ។ លោកបានថ្លែងថា «តាំងនាមឱ្យវិទ្យាសា្ថនទាំងមូលខ្ញុំ សូមអរគុណដល់ក្រុមហ៊ុនសាមសុងដែលបានបង្កើតវគ្គបណ្តុះបណ្តាល Samsung Tech Institute នេះឡើងដើម្បីឲ្យសិក្ខាកាមទាំងអស់បានដឹង ពីភាពជឿនលឿននៃបច្ចេកវិទ្យាបច្ចុប្បន្ន ដែលយើងនឹកស្មានមិនដល់ ។ ខ្ញុំជឿជាក់ថា សិស្សដែលបានបញ្ចាប់វគ្គ បណ្តុះបណ្តាលនេះ នឹងអាចប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ដើម្បីកសាងអាជីពឲ្យកាន់តែប្រសើរ ក៏ដូចជាចូលរួចជួយសង្គម» ។
កញ្ញា ប៉េង លីណា ជាសិស្សម្នាក់ក្នុងចំណោមសិស្សទាំងអស់ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល Samsung Tech Institute បានឲ្យដឹងថាគាត់ស្រឡាញ់វិស័យអេឡិចត្រូនិច និង មានបំណងចង់បើកមុខរបរផ្ទាល់ខ្លួនទៅថ្ងៃអនាគត ។ សិស្សវ័យ ២១ ឆ្នាំរូបនេះបានថ្លែងថា «ខ្ញុំមានបំណងចង់ចូលរៀនវគ្គនេះយូរណាស់មកហើយ គឺដើម្បីពង្រឹងជំនាញរបស់ខ្ញុំបន្ថែមទៀត និង ជួយឲ្យនាងខ្ញុំងាយស្រួលក្នុងការបំពេញក្ដីស្រមៃហើយប្រើប្រាស់ជំនាញរបស់ខ្ញុំដើម្បីបើកកន្លែងជុសជុលគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ» ។
កម្មវិធីបណ្តុះបណ្តាល Samsung Tech Institute ដែលបានបង្កើតឡើងមកនេះគឺពិតជាមានសារសំខាន់បំផុតក្នុងការអភិវឌ្ឍសមត្ថភាពដល់សិក្ខាកាមជំនាន់ក្រោយឱ្យមានជំនាញ ចំណេះដឹង និង ទេពកោសល្យ ក៏ដូចជាពង្រីកនូវឱកាសការងារឱ្យមានភាពកាន់តែទូលំទូលាយជូនដល់សិស្សនិស្សិតកម្ពុជាផងដែរ ។ ក្រុមហ៊ុនសាមសុងកម្ពុជា ក៏បានថ្លែងអំណរគុណផងដែរដល់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និង គណៈគ្រប់គ្រងទាំងអស់នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលធ្វើឱ្យវគ្គសិក្សានេះចេញជាផ្លែផ្កា និង បញ្ចប់ដោយជោគជ័យ ។