គ្រូក្បាច់គុនល្បុក្កតោដែលស្រាវជ្រាវជាង ២០ឆ្នាំ អះអាងថា ក្បាច់គុនមួយថៃមានប្រភពចេញពីខ្មែរ
លោកតា សាន គឹមស៊ាន គឺជាគ្រូបង្វឹកល្បុក្កតោមួយរូបនៅក្នុងសាលាបង្រៀនល្បុក្កតោដែលស្ថិតក្នុងខេត្តសៀមរាប ។
លោកគ្រូ បានធ្វើបទសម្ភាសន៍ជាមួយសារពត៌មានចិនដ៏ល្បី South China Morning Post ដោយបានបញ្ជាក់យ៉ាងច្បាស់ថា ក្បាច់គុនមួយថៃមានប្រភពចេញពីល្បុក្កតោខ្មែរ ។
នៅក្នុងបទសម្ភាសន៍នោះលោកគ្រូបានលើកឡើងថា ល្បុក្កតោខ្មែរមានដើមកំណើតប្រហែលជា ២០០០ឆ្នាំមកហើយ ដោយមានរូបចម្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្តជាសំអាង ។ លោកគ្រូក៏បានបន្ថែមថា សូម្បីនៅសម័យអង្គរ ដែលជាចក្រភពដ៏រុងរឿង ក្បាច់គុនល្បុក្កតោដើរតួយ៉ាងសំខាន់ក្នុងការការពារប្រទេសជាតិទាំងមូល ។
ក្នុងនោះដែរ មួយថៃទទួលបានការវិវត្តពីល្បុក្កតោ ព្រោះថា នៅកំឡុងសតវត្សទី១២ និង ទី១៣ ចក្រភពអង្គរបានគ្រប់ដណ្តប់លើផ្នែកជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសេសជាងពាក់កណ្តាលប្រទេសថៃបច្ចុប្បន្ន ។
មួយវិញទៀតអ្វីដែលពិសេសនៃក្បាច់ល្បុក្កតោនេះមិនត្រឹមតែជាការប្រយុទ្ធគ្នាប៉ុណ្ណោះទេ តែវាគឺជាសិល្បៈមួយប្រភេទដែលបង្ហាញពីការការពារខ្លួនរបស់ប្រជាជននៅក្នុងសម័យកាលដែលពួកគេរស់នៅក្នុងព្រៃ ហើយស្វែងយល់ពីសកម្មភាពរបស់សត្វមកបង្កើតជាក្បាច់បានជាង ១០,០០០ ប្រភេទ ។
សូមបញ្ជាក់ថា លោកគ្រូជាអ្នករាជធានីភ្នំពេញ តែលោកគ្រូបានចូលរៀនល្បុក្កតោតាំងពីអាយុ ១៣ឆ្នាំ ព្រមទាំងបានធ្វើដំណើរទូទាំងប្រទេសកម្ពុជាដើម្បីបានរៀនសូត្របន្ថែមពីគ្រូចាស់ៗនៅតាមតំបន់ដាច់ស្រយ៉ាលបានយ៉ាងស្ទាត់ជំនាញ ។ ជាពិសេសលោកគ្រូ សង្ឃឹមថា លោកគ្រូនឹងបានចែករំលែកចំណេះដឹងនេះទៅកូនខ្មែរឱ្យបានច្រើនបំផុត និងអស់ពីសមត្ថភាព ៕