កម្ពុជាបណ្តេញជនជាតិចិន ៦១នាក់ ពាក់ពន្ឋ័បទល្មើសឆបោក តាមប្រព័ន្ធទូរគមនាគមន៍
នៅព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ២០២០ ជនជាតិចិនប្រុស ស្រីចំនួន ៦១ នាក់ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍កម្ពុជា បណ្តេញចេញពីប្រទេសកម្ពុជា តាមច្រកទ្វារអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ។
លោកឧត្តមសេនីយ៍ទោ វឌ្ឍន: មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី បានឱ្យដឹងថា ដោយមានការចង្អុល និង ដឹកនាំពីលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធីសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ បានបណ្តេញចេញជនជាតិចិនចំនួន ៦១នាក់ ក្នុងនោះមានស្រី ៦នាក់ ។
លោក វឌ្ឍន: មង្គល បានឱ្យដឹងបន្តទៀតថា ជនសង្ស័យខាងលើ ទទួលមកពីនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បទល្មើស ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ត្រូវបានបណ្តេញចេញតាមប្រកាសក្រសួងមហាផ្ទៃ ហាមចូលព្រះរាជាណាចក្រកម្ពុជារយ:ពេល ៣ ឆ្នាំ ដោយមានយន្តហោះពិសេសចំនួន ២ គ្រឿងមកទទួលជនសង្ស័យ ៕