រាជធានី ក្រុងចំនួន ៣ របស់កម្ពុជានឹងត្រូវជ្រើសរើសបង្កើតជាក្រុង វៃឆ្លាត របស់អាស៊ាន
ឥឡូវនេះ រដ្ឋាភិបាល និង អង្គការ JICA មានគម្រោងបង្កើតទីក្រុងឆ្លាតវៃ ( Smart Cities) អាស៊ាន-ជប៉ុន តាមគម្រោងរបស់អង្គការ JICA បានជ្រើសរើសយកទីក្រុងចំនួន ៣ ដើម្បីបង្កើតទីក្រុងឆ្លាតវៃរបស់អាស៊ាន ក្នុងនោះ គេបានសម្រេចជ្រើសយកទីក្រុងសៀមរាប ក្រុងបាត់ដំបង និង រាជធានីភ្នំពេញ ។
នៅក្នុងជំនួបមួយ ជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយក អាជ្ញាធរជាតិអប្សរា លោក តាណាកា កូតារ៉ុ អនុប្រធាន JICA បានបង្ហាញពីគម្រោងរៀបចំ Smart Cities (ទីក្រុងឆ្លាតវៃ) អាស៊ាន-ជប៉ុន ដែលរាជរដ្ឋាភិបាលជប៉ុនទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជានៅដើមឆ្នាំ២០១៩ ដោយគម្រោងនេះ ត្រូវអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព ដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ICT គឺសំដៅដល់ការផ្ដល់លទ្ធភាពប្រើប្រាស់ព័ត៌មាន ដោយប្រើមធ្យោបាយទូរគមនាគមន៍ ដើម្បីដោះស្រាយបញ្ហាមួយចំនួន ដូចជាលំនៅដ្ឋានប្រជាជន ការកកស្ទះចរាចរណ៍ និង បរិស្ថាន។ គម្រោងទីក្រុងឆ្លាតវៃ ដែលអាស៊ានបានជ្រើសរើសនេះរួមមាន ភ្នំពេញ សៀមរាប និង បាត់ដំបង។
ឯកឧត្តម ហង់ ពៅ បានមានប្រសាសន៍ថា នេះជាកិច្ចការ ដែលអាជ្ញាធរជាតិអប្សរាចង់បាននាពេលអនាគត ដូចជារៀបចំ Smart Cities រួមនឹងការចង់ក្រងឯកសារនានាពីកិច្ចការអភិរក្សជាដើម ។ នេះបើយោងតាមអាជ្ញាធរជាតិអប្សរា ៕