បន្តិចទៀត ឡើងទៅលេងលើកំពូលភ្នំជីសូរ លែងលំបាកដូចមុនទៀតហើយ ព្រោះមានផ្លូវស្អាត
អាជ្ញាធរនៅខេត្តតាកែវ បានចាប់ផ្ដើមឈូសឆាយធ្វើផ្លូវឡើងទៅកាន់កំពូលភ្នំជីសូរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់រថយន្ត ដែលឡើងទៅលើកំពូលភ្នំជីសូរនោះ ជាពិសេសដើម្បីទាក់ទាញភ្ញៀវទេសចរណ៏ជាតិ និង អន្តរជាតិ ឱ្យទៅទស្សនាប្រាសាទបុរាណប្រវត្តិសាស្រ្ត នៅលើកំពូលភ្នំនោះ ឱ្យបានកាន់តែច្រើនជាងមុនបន្ថែមទៀត ។
មានគ្រឿងចក្រជាច្រើនគ្រឿងបានសំរុកឡើងទៅឈូសឆាយ ចាប់តាំងពីជើងភ្នំរហូតដល់កំពូលភ្នំ ។ ភ្នំជីសូរ ស្ថិតនៅភូមិស្លា ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ ។
បើធ្វើដំណើរតាមរថយន្ត ពីភ្នំពេញតាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និង ប្រាសាទនាងខ្មៅ មានចម្ងាយប្រមាណជា ៦២ គ.ម ដោយប្រើរយៈពេលប្រហែល១ម៉ោង ពេលទៅដល់ក្លោងទ្វារច្រកចូល រួចបត់ស្តាំចូលតាមផ្លូវលំមួយ មានប្រវែង ៥ គីឡូម៉ែត្រពីផ្លូវជាតិ ។ បើធ្វើដំណើរពីទីរួមខេត្តមានចម្ងាយ ២៧ គ.ម ។ ភ្នំជីសូរមានកម្ពស់ប្រវែង ១៣០ម៉ែត្រ ប្រាសាទនៅលើកំពូលភ្នំជីសូរនោះ ត្រូវបានកសាងឡើងដោយ ព្រះបាទសូរ្យវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០)សម្រាប់ឧទ្ទិសថ្វាយដល់ព្រហ្មមញ្ញសាសនា ៕