មុនឃាតកសម្លាប់ ជនរងគ្រោះធ្លាប់ប្រាប់បងស្រីខ្លួនថា គេប៉ងសម្លាប់ជាច្រើនដងមកហើយ! (វីដេអូ)
ករណីឃាតកម្មយ៉ាងព្រៃផ្សៃបង្កឡើងដោយជនដៃដល់គេស្គាល់ថាជាម្តាយបង្កើតតារាចម្រៀងស្រី ពេជ្រ សូលីកា ដែលសម្លាប់ស្រ្តីវ័យ ៥០ ឆ្នាំម្នាក់ឈ្មោះ ងិន សុខលី នៅក្នុងបុរីថោន សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ បានធ្វើឱ្យកក្រើកពេញប្រទេស និង ក្នុងបណ្តាញសង្គម ។
ពាក់ព័ន្ធនឹងករណីឃាតកម្មដ៏ក្តៅគគុកនេះដែរ នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២០ នេះ សមត្ថកិច្ចបាន និង កំពុងដំណើរការតាមនិត្តិវិធីដើម្បីផ្តន្ទាទោសជនដៃដល់តាមច្បាប់ ។ ដោយឡែក មានរឿងមួយគួរឱ្យចាប់អារម្មណ៍ និង សឹងតែមិនគួរឱ្យជឿសោះទាក់ទងនឹងជនរងគ្រោះ ដោយបានប្រាប់បងស្រីខ្លួនមុនត្រូវគេសម្លាប់ ។
បើតាមការសម្ភាសពីសំណាក់សារព័ត៌មាន TVFB ទៅកាន់បងស្រីជនរងគ្រោះ ដែលបានរៀបរាប់ឱ្យដឹងទាំងភាពខ្សឹកខ្សួលអួលដើម-ក និង ស្លុតចិត្តនោះថា ប្អូនស្រីពៅរបស់អ្នកស្រីត្រូវគេសម្លាប់ ដោយវាយធ្វើបាបជាច្រើនកន្លែង និង ចាប់ចងខ្ទប់ដង្ហើមរហូតដល់ស្លាប់ ហើយកន្លងមក ជនរងគ្រោះដែលជាប្អូនស្រីខ្លួននោះ ធ្លាប់ប្រាប់ថាមានគេប៉ុនប៉ងចង់សម្លាប់ជាច្រើនដងមកហើយ ។
បងស្រីជនរងគ្រោះបន្ថែមថា អ្នកស្រីធ្លាប់បាននិយាយប្រាប់ប្អូន ឱ្យប្រយ័ត្នប្រយែងខ្លួន ឈប់ទាក់ទងជាមួយឃាតកទៅ ហើយឈប់ទារលុយដែលជំពាក់ និង ចោលលុយនោះទៅ ប៉ុន្តែជនរងគ្រោះមិនជឿ ទើបមកជួបរឿងអាក្រក់បែបនេះទាល់តែបាន៕
ប្រភពវីដេអូ ៖ TVFB