ប៉ិនប្រសប់មែន! អ្នកសៀមរាប យកផ្អាវមកត្បាញជាកន្ទេល ក្បូរក្បាច់ស្អាតៗណាស់ ជួយគាំទ្រផង
បុព្វបុរសខ្មែរយើងបានបន្សល់ទុកនូវសិល្បៈវប្បធម៌ ប្រពៃណីទំនៀមទម្លាប់យ៉ាងល្អប្រណិតជាច្រើនសម្រាប់កូនខ្មែរជំនាន់ក្រោយដែលអាចយកទៅច្នៃចេញជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ ។
ជាមួយគ្នានោះដែរ ផ្អាវជាឈ្មោះឈើពួកតចសារជាតិមួយប្រភេទ ដើមតូចៗទាបៗ ខ្នងធាងសក ហើយត្រូវបានគេយកមកត្បាញជាកន្ទេល ធ្វើស្លឹកវិចនំ និង សម្ភារៈជាច្រើនទៀត ដែលត្រូវបានគេហៅថា កន្ទេលផ្អាវ នំគមផ្អាវ អន្សមផ្អាវ សម្លកកូរគមផ្អាវ អំបោសផ្អាវជាដើម ។
យ៉ាងណាមិញមានគណនីហ្វេសប៊ុកឈ្មោះ Phanny Ch បានបង្ហោះរូបកន្ទេលផ្អាវស្អាតៗ រំលេចដោយពណ៌ចម្រុះជាច្រើនប្រភេទ ដែលមានការទាក់ទាញជាខ្លាំង ។ លោកក៏បានភ្ជាប់ជាមួយសារថា៖ “នំអន្សមផ្អាវ គមផ្អាវ អំបោសផ្អាវ ធ្លាប់ឃើញធ្លាប់ញ៉ាំធ្លាប់ប្រើ ប៉ុន្តែមិនដែលបានឃើញកន្ទេលផ្អាវស្អាតៗបែបនេះទេ ធ្វើពិបាក ចំណាយពេលច្រើន និងតម្រូវឱ្យត្បាញពេលយប់ដោយសារពេលថ្ងៃផ្អាវស្រួយពិបាកត្បាញ ។ កន្ទេលផ្អាវស្រស់ស្អាតទាំងអស់នេះត្បាញដោយក្រមុំៗ?ស្រុកអង្គរធំ ខេត្តសៀមរាប” ។
សូមបញ្ជាក់ផងដែរថាប្រភេទកន្ទេលផ្អាវខាងលើនេះ មានតម្លៃចាប់ពី ៦ម៉ឺនរៀលឡើងទៅអាស្រ័យទៅតាមទំហំរបស់វាផងដែរ ៕