ភាពខ្លាចរអានាវាទេសចរណ៍ Westerdam ត្រូវគេប្រដូចទៅនឹងតួអង្គអាត្មានិយមក្នុងរឿង Train to Busan
Train to Busan ជាខ្សែភាពយន្តកូរ៉េដ៏ល្បីល្បាញមួយកាលពីឆ្នាំ ២០១៦ ។ ភាពយន្តមួយនេះដែរ បានធ្វើឱ្យអ្នកទស្សនាភ័យតក់ស្លុត រំជួលចិត្ត និងស្រក់ទឹកភ្នែក ។ វាមិនគ្រាន់តែជាភាពយន្តមួយធ្វើឱ្យអ្នកទស្សនារំជើបរំជួលទៅតាមសាច់រឿងប៉ុណ្ណោះទេ តែបានបង្កប់នូវអត្ថន័យនិយាយអំពីមនុស្សនៅក្នុងសង្គមមួយមានគ្រប់ប្រភេទ ភាពអាត្មានិយម ភាពយករួចខ្លួន និងការជួយយកអាសារអ្នកដទៃ ចេះជួយគ្នាក្នុងគ្រាមានអាសន្នជាដើម ។
សាច់រឿងផ្ដើមចេញពីស្ត្រីម្នាក់បានឆ្លងវីរុស រត់ចូលទៅក្នុងរថភ្លើងមួយ ដែលមានអ្នកដំណើររាប់រយនាក់ ។ ក្រោយមក វីរុសក៏បានជ្រាប់ចូលខ្លួនស្ត្រីរូបនោះ ប្រែក្លាយជាខ្មោច Zombie រួចបានខាំបុគ្គលិកស្រីម្នាក់ ឆ្លងរោគបន្តក្នុងរថភ្លើង ។ ក្នុងរយៈពេលត្រឹមមួយពព្រិចភ្នែក ដោយការខាំតៗគ្នា មនុស្សជាច្រើននាក់បានក្លាយជា Zombie គួរឱ្យខ្លាចបំផុត ។
ត្រង់វគ្គមួយដែលធ្វើឱ្យអ្នកទស្សនាខឹងផង ស្អប់ផងនោះ គឺត្រង់វគ្គបុរសម្នាក់ បានបង្ហាញពីភាពអាត្មានិយមរបស់ខ្លួនក្នុងគ្រាកំពុងមានអាសន្ននោះ ។ សាច់រឿងត្រង់វគ្គនោះ គឺនៅសល់ទូរថភ្លើងមួយទៀតមិនទាន់មានមនុស្សឆ្លងខ្មោច Zombie នោះទេ ។ ពេលនោះមានបុរសម្នាក់ដែលប្រពន្ធកំពុងមានទម្ងន់ បានព្យាយាមវាយប្រតាយប្រតប់ជាមួយខ្មោច Zombie ហើយបានរត់គេចមកដល់ទូរថភ្លើងរបស់អ្នកដំណើរដែលមិនទាន់ឆ្លងរោគនោះ តែត្រូវបានបុរសចំណាស់ម្នាក់ទៀតបិទទ្វារទូរថភ្លើងមិនឱ្យចូលឡើយ ខណៈខ្មោច Zombie កំពុងដេញតាមពីក្រោយនោះ។
សាច់រឿងត្រង់វគ្គនេះហើយ ដែលត្រូវបានគេប្រដូចមកវីរុស Covid-19 (កូរ៉ូណា) ដែលធ្វើឱ្យមនុស្សគ្រប់គ្នាខ្លាចរអា ។ ជាក់ស្ដែង ដូចជានាវាទេសចរណ៍ Westerdam ដែលមានផ្ទុកមនុស្សជាង ២០០០នាក់ ត្រូវបានប្រទេសមួយចំនួនបដិសេធមិនឱ្យចូលចតក្នុងដែនសមុទ្ររបស់ខ្លួន ទាំងមិនទាន់ដឹងថាអ្នកទាំងនោះមានផ្ទុក Covid-19 ឬក៏អត់ផងនោះ ។ នាវាទេសចរណ៍ Westerdam ត្រូវបានប្រទេសមួយចំនួនដូចជា៖ ហ្វីលីពីន ថៃ ជប៉ុន កោះតៃវ៉ាន់ និងកោះហ្គាម បដិសេធមិនឱ្យចូលចតឡើយ រហូតដល់ចុងក្រោយរដ្ឋាភិបាលប្រទេសកម្ពុជាបានអនុញ្ញាតឱ្យនាវានោះចូលចត ។
បច្ចុប្បន្ននេះអ្នកដំណើរលើនាវានោះ ត្រូវបានក្រុមគ្រូពេទ្យធ្វើការត្រួតពិនិត្យសុខភាពយ៉ាងច្បាស់លាស់ មុនឱ្យពួកគេចុះពីនាវា ។ បន្ទាប់ពីចុះពីនាវា អ្នកទេសចរទាំងនោះត្រូវបានកម្ពុជាជួយចាត់ចែងរឿងសំបុត្រយន្តហោះ ដើម្បីបានទៅប្រទេសកំណើតពួកគេវិញរៀងៗខ្លួន ។ ជាមួយនឹងអំពើសប្បុរសធម៌របស់កម្ពុជានេះ បានធ្វើឱ្យអង្គការសុខភាពពិភពលោក, ស្ថានទូតអាមេរិកប្រចាំកម្ពុជា ស្ថានទូតបារាំង ព្រមទាំងអ្នកនៅជាប់ក្នុងនាវា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។
បន្ទាប់ពីការប្រកាសឱ្យនាវាអាមេរិកចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុនេះ បានធ្វើឱ្យបណ្ដាសារព័ត៌មានធំៗជុំវិញពិភពលោកចុះផ្សាយព្រោងព្រាត និងបានក្លាយជាព័ត៌មានដែលត្រូវបានគេតាមដានច្រើនបំផុតគិតត្រឹមថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ២០២០នេះ ៕