កូនខ្មែរគួរតែដឹង! អត្ថន័យរូបព្រះសង្ហារតំណាងស្ថាប័នព្រះបរមរាជវាំង និងព្រះមហាក្សត្រនៃប្រទេសកម្ពុជា
រូបព្រះសង្ហារដែលជានិច្ចកាលកូនខ្មែរតែងឃើញជារឿយៗនៅមុខព្រះបរមរាជវាំង ឬតាមរយៈឯកសារផ្សេងៗដែលពាក់ព័ន្ធនឹងព្រះមហាក្សត្រ ប៉ុន្តែអ្នកធ្លាប់ដឹងទេថា រូបព្រះសង្ហារដែលមានសរសេរអក្សរព្រះចៅក្រុងកម្ពុជាមានអត្ថន័យបែបណា?
តាមទំព័រវិគីភីឌា ព្រះសង្ហារ ឬសញ្ញាជាតិ គឺជាត្រាប្រពៃណី និងផ្លូវការសម្រាប់ព្រះចៅក្រុងកម្ពុជាធិបតី គឺព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយមានរូបសញ្ញាសំខាន់ៗ និង អត្ថន័យដូចតទៅ៖
- ពន្លឺឆពណ្ណរង្សីនៅពីលើតំណាងឲ្យបារមីរបស់ព្រះមហាក្សត្រ ដែលទ្រង់គ្រប់គ្រងប្រជានុរាស្ត្រប្រកបដោយទសពិធរាជធម៌ និងតំណាងឲ្យអរិយធម៌ខ្មែរ ដ៏ត្រចះត្រចង់ រុងរឿង។
- មកុដរាជ្យតំណាងឲ្យ មន្រ្តីរាជការ និងប្រជារាស្រ្ត ទាំងអស់គាំទ្រ និងលើកស្ទួយព្រះ មហាក្សត្រ ឲ្យគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជា
- ព្រះខ័នរាជ្យនៅក្រោមមកុដរាជ្យតំណាង ឲ្យ អំណាចនៃអាវុធដ៏ស័ក្តិសិទ្ធិបំផុតសម្រាប់ព្រះ មហាក្សត្រគ្រងរាជ្យ ក្នុងសន្តិភាព និងយុត្តិធម៌ ។
- សញ្ញានៅពីលើព្រះខ័នរាជ្យតំណាងឲ្យភាពនៃជោគជ័យ និងការអភិវឌ្ឍន៍រីកចម្រើនជានិច្ច និរន្តន៍សម្រាប់ ព្រះរាជាណាចក្រកម្ពុជា ។
- ជើងពានទ្រព្រះខ័នរាជ្យតំណាងឲ្យបល្ល័ងរាជ្យ ដែលជាអាសនៈកិត្តិយសនិងដ៏ពិសិដ្ឋបំផុតសម្រាប់ព្រះមហាក្សត្រទ្រង់គង់នៅថ្ងៃដែលរៀបចំក្នុងពិធីអភិសេកឡើងគ្រងរាជ្យសម្បត្តិ ។
- រាជបល្ល័ងតំណាងឲ្យព្រះមហាក្សត្រ ដែលជាទីសក្ការៈព្រមទាំងជាម្លប់ដ៏ត្រជាក់ត្រជុំដល់ ប្រជារាស្រ្តទាំងអស់នៅក្នុងព្រះនគរ ពីព្រោះព្រះមហាក្សត្រ ទ្រង់បានគ្រប់គ្រងប្រទេសប្រកប ដោយទសពិធរាជធម៌ដែលជាប្រភពផ្តល់នូវថាមពលខាងស្មារតី និងសម្ភារៈសម្រាប់ប្រទេសជាតិ ក្នុងការអភិវឌ្ឍន៍ និង និរន្តរភាព ។
- ក្សេតឆ័ត្រទាំងពីរ(ឆ័ត្ររួត)ដែលបានបាំងគ្របជាកិត្តិយស ពីលើបល្ល័ងតំណាងឲ្យអំណាចព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី និងការគ្រប់គ្រង របស់ព្រះមហាក្សត្រក្នុងព្រះរាជវង្សនៃ មហានគរខ្មែរដែលព្រះអង្គជាអ្នកថែរក្សា ប្រជារាស្ត្រហើយក៏តំណាងឲ្យភពទេវៈទាំងប្រាំបួនដែល មានទេវតាប្រកបដោយបារមីនិងឫទ្ធិអំណាចនៅចាំគ្រប់គ្រងថែរក្សាព្រះមហាក្សត្រជាប្រចាំ ។
- រាជសីហ៍និងគុជសីហ៍ឈរកាន់ក្សត្រឆ័ត្រទាំងពីរតំណាងឲ្យអំណាច និងមហិទ្ធឫទ្ធិនៅក្នុង របបរាជាធិបតេយ្យកម្ពុជា និងតំណាងឲ្យព្រះសុពណ៌បាទុកា(ទ្រនាប់ជើងមាស)ទាំងពីរក្នុងចំនែក មួយនៃកេតនភណ្ឌទាំងប្រាំយ៉ាង សម្រាប់រៀបចំពិធីអភិសេកព្រះរាជាទ្រង់ឡើងគ្រងរាជ្យ និងតំ ណាងឲ្យកម្លាំងរបស់ប្រជារាស្រ្តខ្មែរនៅជុំវិញព្រះរាជបល្ល័ង ។
- ពាក្យ “ព្រះចៅក្រុងកម្ពុជា” តំណាងឲ្យអធិបតីភាពនៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
រួមមកសញ្ញាជាតិមានអត្ថន័យបង្ហាញពីអំណាច និងយុត្តិធម៌នៃអរិយធម៌ខ្មែរដែលមានការចូលរួម ការពារពីកម្លាំងប្រជារាស្ត្រនៅជុំវិញរាជបល្ល័ង ព្រះមហាក្សត្រព្រមទាំងបង្ហាញពីជំនឿ និងបំណង ប្រាថ្នាដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋ ក្នុងការគោរពចំពោះព្រះមហាក្សត្រ។ លើសពីនេះទៅទៀត សញ្ញាជាតិ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះបានបង្ហាញឲ្យឃើញថាព្រះរាជាណាចក្រកម្ពុជា ជាប្រទេសឬជាតិសាសន៍មួយ មានអត្តសញ្ញាណជាតិរបស់ខ្លួន និងមានអធិបតីយភាពមិនចំនុះ ជាតិសាសន៍ណាមួយឡើយ ៕