អ្នកស្រុកកំពង់សៀមជិតបានឆ្លងស្ពានបេតុងថ្មីនេះហើយ
នៅសប្តាហ៍ក្រោយនេះ ស្ពានបេតុងកៀនជ្រៃ នៅក្នុងភូមិស្ពានថ្មី ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នឹងស្ថាបនារួចរាល់ជាស្ថាពរហើយ ដែលអាជ្ញាធរខេត្តគ្រោងនឹងដាក់ឱ្យប្រើប្រាស់ នាពេលឆាប់ៗខាងមុខនេះ ។
ស្ពានបេតុងកៀនជ្រៃថ្មីនេះ ត្រូវបានស្ថាបនាឡើងវិញ បន្ទាប់ពីទឹកហូរច្រោះដាច់ជើងសសរស្ពាន ។ ស្ពាននេះ មានប្រវែង៩០ ម៉ែត្រ ទទឹង១០ ម៉ែត្រ ជាចំណងដៃរបស់រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ។ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមបានចុះទៅពិនិត្យការស្ថាបនាស្ពាននេះ កាលពីថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២០ ។
គូររំលឹកផងដែរថា កាលពីរដូវទឹកឡើង នាឆ្នាំ២០១៩កន្លងទៅ ស្ពានកៀនជ្រៃនេះ បានរងនូវការប៉ះពាល់យ៉ាងដំណំ ដោយសារទឹកជំនន់ហូរច្រោះគ្រឹះសសរស្ពានមិនអាចឱ្យធ្វើចររាចរណ៍បាន ទេីបអាជ្ញាធរសម្រេចវាយកម្ទេចស្ពាននេះចោល ដើម្បីស្ថាបនាស្ពានបេតុងថ្មី ដែលមានទទឹងធំជាងមុន និង ផ្អាកចរាចរណ៍មួយរយៈសិន ដោយតម្រូវឱ្យធ្វេីដំណេីរតាមផ្លូវវៀងវិញ ៕