ម្ចាស់ផ្ទះជួលនៅភ្នំពេញម្នាក់ ប្រកាសមិនយកថ្លៃបន្ទប់ជួលពីកម្មកររោងចក្រ ៣ខែ
មិនសរសើរមិនបាននូវទឹកចិត្តដ៏សប្បុរសរបស់ម្ចាស់ផ្ទះជួលមួយកន្លែង នៅភូមិព្រៃព្រីងត្បូង ១ សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នពេញ បានសម្រេចមិនយកឈ្នួលផ្ទះ ពីកម្មកររោងច្រចំនួន ៣ ខែ ខណៈពេល ដែល វីរុសកូវីដ ១៩ កំពុងតែមានវត្តមាននៅប្រទេសកម្ពុជា ។ ការសម្រេចចិត្តបែបនេះ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ និង អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបានកើតសរសើរនូវទឹកដ៏សប្បុរសរបស់ម្ចាស់ផ្ទះជួលនេះ ។
ម្ចាស់ផ្ទះជួល ដែលមានទឹកចិត្តសប្បុរសធម៌នេះ មានឈ្មោះ លោក យិន សវនាថ ដែលមានអាស័យដ្ឋាន នៅភូមិព្រៃព្រីងត្បូង ១ សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានបន្ទប់ជួលចំនួន ១៨ បន្ទប់ តែពេលនេះគាត់មិនយកថ្លៃបន្ទប់ឈ្នួលចំនួន ៣ ខែ ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ នេះតទៅ សម្រាប់បងប្អូនកម្មករ កម្មការិនីដែលបានជួលបន្ទប់ស្នាក់នៅផ្ទះរបស់គាត់ ។
ព័ត៌មាននេះ ត្រូវបានម្ចាស់ផ្ទះ ដែលមានគណនីហ្វេសប៊ុក ឈ្មោះ Souvrnead Yin បានបង្ហោះសារថា ផ្ទះដែលមាន ១៨ បន្ទប់ សំរាប់ជួលឱ្យបងប្អូនកម្មកររោងចក្រ នៅភូមិព្រៃព្រិងត្បូង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់ពីថ្ងៃនេះតទៅ មិនយកថ្លៃឈ្នួលបន្ទប់ពីបងប្អូនកម្មកររោងចក្រចំនួន ៣ ខែ ។
គ្រាន់តែបានឃើញព័ត៌មាននេះភ្លាម បងប្អូនអ្នកជួលផ្ទះរបស់គាត់មានការសប្បាយរីករាយយ៉ាងខ្លាំង និង បន់ស្រន់្យវត្ថុសក្តិសិទ្ធតាមថែរក្សាក្សាក្រុមគ្រួសារគាត់ឱ្យមានសេចក្តីសុខគ្រប់ពេលវេលា ៕