សមត្ថកិច្ចចាប់ជនឆបោក ប្តីប្រពន្ធលក់អាហារបំប៉នថា ជាថ្នាំការពារកូវីដ-១៩
កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនពីរនាក់ប្តី ប្រពន្ធ ដែលបានយកអាហារបំប៉នដើរលក់បោកប្រាស់ឱ្យប្រជាពលរដ្ឋទិញ ក្នុងតម្លៃ ៥០០ ដុល្លារ ដោយពួកគេបានអួតថាអាចការពារជំងឺកូវីដ ១៩ បាន ហើយអាចប្រើប្រាស់បានរហូតដល់មួយគ្រួសារឯណ្ណោះ ដោយមិនចាំបាច់ប្រើសម៉ាស់ការពារឡើយ ។
ពួកក្រុមជនឱកាសនិយម ២ នាក់ប្តីប្រពន្ធនេះ ត្រូវបានកម្លាំងនគរបាល ខេត្តកំពង់ឆ្នាំងធ្វើការឃាត់ខ្លួន កាលពីរសៀលថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២០នេះ បន្ទាប់ពីពួកគេ ធ្វើសកម្មភាពឆបោកប្រជាពលរដ្ឋ ដោយយកផលិតផលជាប្រភេទអាហារបំប៉ន ទៅលក់ជូនប្រជាពលរដ្ឋ ដោយអះអាងថា ជាឱសថការពារជំងឺ Covid-19 នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
បច្ចុប្បន្ន ជនឱកាសនិយមទាំង២ នាក់ប្តី ប្រពន្ធនេះ ត្រូវបានកម្លាំងនគរបាល ខេត្តកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕
ប្រភព៖ស្នងការនគរបាលខេត្តកំពង់ឆ្នាំង