ទេវតាឆ្នាំថ្មី ព្រះនាងគោរាគៈទេវី នឹងយាងមកដល់ថ្ងៃចន្ទ ៦ រោច ១៣ មេសា សូមរៀបរណ្ដាប់ទាំងនេះទទួលទ្រង់
តាមសៀវភៅតម្រាមហាសង្ក្រាន្ត ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ពស ២៥៦៤ នេះ នឹងឈានចូលមកដល់នៅថ្ងៃចន្ទ ៦រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស.២០២០ វេលាម៉ោង ២០ និង ៤៨ នាទីយប់ ។ ទេពធីតាដែលយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោកឆ្នាំថ្មីនេះ ជាបុត្រីទី ២នៃកបិលមហាព្រហ្ម ព្រះនាងគោរាគៈទេវី ក្នុងកិរិយាផ្ទំបើកព្រះនេត្រលើខ្នងព្យាគ្ឃៈ (ស្តេចខ្លា) ជាពាហនៈ ទ្រង់អម្ពរពណ៌លឿង លម្អព្រះកាណ៌ ដោយផ្កាអង្គារបុស្ស អភរណៈ កែវមុក្តា ភក្សាហារទ្រង់តេលំ (ប្រេង) ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហត្តឆ្វេងទ្រង់ឈើច្រត់ ។
រូបភាព៖ ដួង ម៉ានិច
រណ្ដាប់ទទួលទេវតាឆ្នាំថ្មី តាមទំនៀមខ្មែរពីបុរាណរៀងមក គឺត្រូវរៀបរានទេវតាក្រាលសំពត់ពណ៌ស នៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលិការផ្សេងៗ។ សម្រាប់ប្រជារាស្ត្រធម្មតារណ្ដាប់ទទួលទេវតាឆ្នាំថ្មី មានជាអាទិ៍៖
- បាយសី៥ថ្នាក់មួយគូ, ៣ថ្នាក់មួយគូ
- បាយសីប៉ាឆាមមួយគូ
- ស្លាធម៌មួយគូ
- ទឹកអប់មួយគូ
- ទៀន៥ធូប៥
- ចេកមួយគូដាក់លើជើងពាន
- ផ្លែឈើត្រឹម៣ទៅ៥មុខទៅតាមធនធានរៀងខ្លួន
- គ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើ
- ទឹកស្អាតពីរកែវ
នៅវេលាទេពធីតាសង្ក្រាន្តឆ្នាំថ្មីយាងចុះមក ត្រូវជួបជុំគ្រួសារ ដើម្បីថ្វាយបង្គំព្រះនមសិកា ព្រះរតនត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតវិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងទៅលើព្រះធម៌ ព្រះសង្ឃជាទីពឹងទីរលឹក លុះចប់ពិធីទទួលទេវតា ។ នៅក្នុងថ្ហៃសង្ក្រាន្តទាំងបីថ្ងៃ ប្រជាពលរដ្ឋប្រុសស្រីទាំងឡាយត្រូវខំលះបង់ចិត្តអាក្រក់អន្យតិរ្ថិយជាប់ដោយគំនុំគុំកួន ព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យទានតាមប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជានិច្ច នោះទេវតានឹងឲ្យពរសព្ទសាធុការ ឲ្យលោកអ្នកមានសិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ ៕