កៀកចូលឆ្នាំថ្មីហើយ! មកដឹងអត្ថន័យ ថ្ងៃសង្ក្រាន្តទាំង ៣ ថ្ងៃ នៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
តាមប្រពៃណីទំនៀមទម្លាប់ខ្មែរតាំងពីបរមបុរាណមកតែងប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិជារៀងឆ្នាំក្នុងខែ មេសា ។ ពិធីចូលឆ្នាំខ្មែរត្រូវបានប្រារព្ធឡើងរយៈពេល ៣ ថ្ងៃ ហើយថ្ងៃនីមួយៗសុទ្ធតែមានអត្ថន័យខុសៗគ្នា ។ តើរយៈពេល ៣ ថ្ងៃនៃពិធីចូលឆ្នាំខ្មែរមានអត្ថន័យដូចម្ដេច?
១. ថ្ងៃមហាសង្ក្រាន្ត
មហាសង្រ្កាន្ត ជាពាក្យសំស្ក្រឹតមកពីពាក្យ មហា (Moha) + សង្រ្កាន្ត (Sankranti)។ ពាក្យ មហា ប្រែថា ជាធំ។ ពាក្យ សង្រ្កាន្តប្រែថា ដំណើរចាកចេញរបស់ព្រះអាទិត្យពីមេនរាសី មកគោចរតាមទិសខ្សែតែមួយក្នុងរយៈពេល ១២ខែ ។ ថ្ងៃមហាសង្រ្កាន្ត ជាថ្ងៃសម្រាប់ទទួលសង្រ្កាន្តធំ ដែលឈានចូលមកដល់ ។ ក្នុងពេលដែលសង្រ្កាន្តចុះមកដល់ ឬក្នុងពេលដែលដំណើរចាកចេញរបស់ព្រះអាទិត្យពីមេនរាសី មកគោចរតាមទិសខ្សែតែមួយ តែងតែមានទេពធីតាមួយអង្គ ដែលជាបុត្រីរបស់កបិលមហាព្រហ្ម បានយាងចុះមកឋានកណ្ដាល យាងសំដៅទៅកាន់ភ្នំសុមេរុ ។
នៅថ្ងៃនេះ ប្រជាពលរដ្ឋត្រូវរៀបចំសំណែនព្រេង និងគ្រឿងសក្ការៈបូជា ដូចជា បាយសី ១គូ, ស្លាធម៌ ១គូ, ធូប ៥, ទៀន ៥, ទឹកអប់ ១គូ, ផ្កាភ្ញី, លាជ, ទឹក ១ ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ និង ភាក្សាហារទៅតាមទេពធីតានីមួយៗ ដើម្បីកាត់ឆុងនៅឧបពមង្គល និង សុំពរជ័យសេរីសួស្ដី ឬ បួងសួងបំណងប្រាថ្នា ផងដែរ ។
២. វារៈវ័នបត
វារៈវ័នបត ជាដំណើរនៃការដង្ហែរក្បាល ព្រះព្រហ្ម ព័ទ្ធជុំវិញភ្នំកៃឡាស ចំនួន ៦០នាទី រួចយកក្បាលព្រះព្រហ្មនោះត្រឡប់ទៅទុកក្នុងគុហា គន្ធម៉ាលី នាភ្នំព្រះសុម៉ែ នាឯឋានសួគ៌វិញ។ ថ្ងៃទីពីរនេះដែរ គេយកចង្ហាន់ទៅប្រគេនភិក្ខុទាំងឡាយនៅតាមវត្តអារាម អ្នកខ្លះគេចែកទានដល់អ្នកក្រខ្សត់ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយ នៅជុំវិញព្រះវិហារ ឬ នៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ។ នៅពេលព្រលប់ គេប្រគេនភេសជ្ជៈ ដល់ភិក្ខុទាំងឡាយ និមន្តភិក្ខុសូត្រចម្រើនព្រះបរិត្ត និង សំដែងធម្មទេសនាទាក់ទងអំពីប្រវត្តិព្រេងនិទាននៃពីធីបុណ្យចូលឆ្នាំខ្មែរ ។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមនីចេតិយ ហើយនិមន្តភិក្ខុទាំងឡាយ បង្សុកូលចេតិយ បញ្ជូនមគ្គផល ដល់វិញ្ញាណក្ខន្ធបងប្អូន ដែលបានស្លាប់ទៅ ។
៣. វារៈឡើងស័ក
ការផ្លាសប្ដូរសករាជថ្មីនៃឆ្នាំសត្វទាំង ១២ ហើយថ្ងៃទីបីនេះជាថ្ងៃផ្សារភ្ជាប់ទៅនិងពិធីស្រង់ព្រះ ដែលពុទ្ធបរិស័ទត្រូវយកទឹកស្រង់ព្រះ ហើយទឹកដែលហូរចេញពីព្រះគេយកទៅលប់លាងមុខដើម្បីបណ្ដេញនៅឧពទ្រុព្ទចង្រៃ ហើយពិធីស្រង់ព្រះនេះទាក់ទងនិងប្រវត្តិ ព្រះកែវមរកត ផងដែរ ។ ហើយកូនៗទាំងអស់ត្រូវស្រង់ព្រះរស់នៅក្នុងផ្ទះដើម្បីជាការលាងបាប ហើយជាការដឹងគុណឪពុកម្ដាយក្នុងការផ្ដល់កំណើតមកផងដែរ ចំនែកឯភិក្ខុសង្ឃត្រូវចេញមកស្រោចទឹកដល់ឧបាសក់ដើម្បីជំរះភាពឧបទ្រុព្ទចង្រៃនៃឆ្នាំចាស់ហើយលើករាសីនៅឆ្នាំថ្មីនាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំ៕
ប្រភព៖ សៀវភៅតម្រាមហាសង្ក្រាន្ត