បារមីស្នងរូប ព្រះអង្គចេក ព្រះអង្គចម និង ឥសីអគ្គីនេត្រល្បីព្យាបាលជំងឺពូកែស័ក្តិសិទ្ធ
បើសិនចង់ទៅរកលោកគ្រូអគ្គីនេត្រូវធ្វើដំណើរពីក្រុងសៀមរាប តាមផ្លូវជាតិលេខ៦ ក្នុងទិសដៅទៅខេត្តបន្ទាយមានជ័យ មានចម្ងាយប្រមាណជា ៣០ គីឡូម៉ែត្រ នោះនឹងទៅដល់ស្រុកពួកនៃ ខេត្តសៀមរាប ។ លោកគ្រូស្នងរូបបារមីឥសីអគ្គីនេត្រ ព្រះអង្គចេក ព្រះអង្គចម ដែលអ្នកស្រុក នៅទីនោះបានស្គាល់គាត់គ្រប់ៗគ្នាថា លោកគ្រូ រ៉ា ។
នៅទីនោះ មានមនុស្សម្នាចេញចូលឥតដាច់ ដោយពួកគាត់បាននាំគ្នាទៅឱ្យលោកគ្រូព្យាបាលជំងឺឱ្យ និង សម្រាកព្យាបាលក្នុងរោងធំមួយ ដែលត្រូវគេសង់ឡើងជាប់ក្បែរនឹងផ្ទះគ្រូ ។ សម្រាប់ការព្យាបាលជំងឺនោះវិញ លោកគ្រូកាន់បារមីព្រះអង្គចេក អង្គចម ចេះព្យាបាលជំងឺមិនរើសមុខឡើយ រាប់ទាំងពីការដោះអំពើ តាមបែបផ្លូវងងឹត ដែលគេអាចដឹងតៗគ្នាពីអ្នកជំងឺថា លោកគ្រូចេះដោះអំពើមិនថា បែបធ្មប់ ត្រូវស្នេហ៍គេ ត្រូវផ្នាយ ឬ អ្វីនោះទេ គាត់ដោះចេញបានយ៉ាងស័ក្តិសិទ្ធិ ។ ម៉្យាងវិញទៀត គាត់ក៏អាចព្យាបាលជំងឺសព្វយ៉ាង ដោយប្រើតែឱសថតាមបែបខ្មែរបុរាណ គួបផ្សំនឹងមន្តអាគម តែអាចព្យាបាលជំងឺទាំងឡាយឱ្យបានជាសះស្បើយយ៉ាងឆាប់រហ័សទៀត ។
សម្រាប់អ្នកនៅឆ្ងាយ បារមីព្រះអង្គចេក ព្រះអង្គចម ក៏ជួយដោះអំពើបានដែរ តែត្រូវរៀបចំជាគ្រឿងរណ្តាប់ទៅតាមអ្វីដែលលោកគ្រូប្រាប់តាមទូរស័ព្ទ ដូចជាត្រូវមានទឹកមួយផ្តឹល ផ្កា ធូប និង ទៀន ហើយលោកគ្រូនឹងបញ្ចុះមន្តអាគមទៅក្នុងទឹក ដែលរៀបចំនោះ បន្ទាប់ពីធ្វើកិច្ចហើយ លោកគ្រូនឹងឱ្យអ្នកជំងឺផឹកទឹកមន្តនោះ ។
តែមិនអាចដោះអស់ពីអ្វី ដែលមាននៅក្នុងខ្លួនអ្នកជំងឺអស់នោះទេ ដូច្នេះអ្នកជំងឺចាំបាច់ត្រូវមកជួបលោកគ្រូផ្ទាល់ ដើម្បីដោះយកអ្វីៗទាំងឡាយ ដែលមាននៅក្នុងខ្លួនអ្នកជំងឺឱ្យអស់ ពោលគឺត្រូវស្រោចទឹក និង បណ្តេញដោយផ្ទាល់ពីបារមី ទើបអ្នកជំងឺបានជាដាច់តែម្តង ។ បើនិយាយពីគ្រឿងរណ្តាប់សម្រាប់ជួបគ្រូវិញ មានធូបម្លូស្លា ដោយត្រូវចំណាយអស់ត្រឹមតែ ១ ៥០០ រៀលប៉ុណ្ណោះ ។ ប៉ុន្តែការជឿ ឬ មិនជឿស្រេចតែលោកអ្នកពិចារណា ដោយខ្លួនឯងចុះ ៕
(រូថតៈតុលា)