បង្កើតមុខរបរចិញ្ចឹមបង្គាធម្មជាតិ ១ ឆ្នាំសល់លុយ ១ ម៉ឺនដុល្លារ
បច្ចុប្បន្នប្រទេសកម្ពុជាមានក្រុមហ៊ុនចិញ្ចឹមបង្គាតាមបែបធម្មជាតិដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅក្នុង ភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានផ្ទៃដីចិញ្ចឹមបង្គាប្រមាណជា ១០០ហិកតា ដោយបែងចែកជាស្រះចិញ្ចឹមចំនួន ២០ស្រះ ដែលក្នុងមួយឆ្នាំៗក្រុមហ៊ុនទទួលបានផលចំណេញពីការចិញ្ចឹមបង្គានេះប្រមាណជា ១ម៉ឺនដុល្លារ បន្ទាប់ពីការដកប្រាក់ចំណាយផ្សេងៗរួច ។ បង្គាធម្មជាតិកំពុងតែមានទីផ្សារល្អ នៅក្នុងប្រទេសកម្ពុជា បានធ្វើឱ្យប្រជាកសិករមួយចំនួន បានផ្លាស់ប្តូរមុខរបរពីការធ្វើស្រែ ចម្ការ មកប្រកបរបរចិញ្ចឹមបង្គាវិញ ។
លោក សេង ចាយ ប្រធានគ្រប់គ្រងបច្ចេកទេសរបស់ក្រុមហ៊ុន ហេង ហេង ដែលជាក្រុមហ៊ុនចិញ្ចឹមបង្គានៅខេត្តព្រះសីហនុនោះ បានមានប្រសាសន៍ក្នុងពេលដែលឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានចុះទៅត្រួតពិនិត្យពីវឌ្ឍនភាពនៃការអភិវឌ្ឍកសិដ្ឋានចិញ្ចឹមបង្គាបែបធម្មជាតិរបស់ក្រុមហ៊ុននេះ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២០នេះ ថា« បច្ចុប្បន្នក្នុងកសិដ្ឋានមានផ្ទៃដីទំហំ ១០០ហិកតា បែងចែកជាស្រះចិញ្ចឹម ២០ស្រះ ដោយបានអនុវត្តបច្ចេកទេសចិញ្ចឹមបង្គាដូចជាការ គ្រប់គ្រង ប្រើប្រាស់ និង សម្អាតទឹក(water treatment)។ ចំពោះការចិញ្ចឹមបច្ចុប្បន្ន ដាក់កូនបង្គា ១០លានកូន ក្នុងស្រះទាំង ២០ ហើយចាប់ផ្តើមប្រមូលផលជាបណ្តើរ ចាប់ពីអាយុ ៤៥ថ្ងៃ នៅដំណាក់កាលដំបូងសម្រាប់ធ្វើបង្គាក្រៀម ឬ បរិភោគស្រស់ ។ ដំណាក់កាលទី២ អាយុបាន ៣ខែ អាចប្រមូលផលបានចំនួន ៣តោនក្នុង១ហិកតា ។ ហើយក្នុង ១ឆ្នាំចាប់បាន ៣ដង ដោយក្នុង១ហិកតាដាក់កូនបង្គាបានចំនួន ៥ ម៉ឺនក្បាល »។
ចំពោះកម្រៃវិញ ក្នុង១ឆ្នាំក្រុមហ៊ុននេះអាចរកចំណូលបាន ១ម៉ឺនដុល្លារ (ដកប្រាក់ចំណាយរួច)បង្គាធម្មជាតិនេះ មានតម្លៃចន្លោះពី ៥-៧ដុល្លារក្នុង១គីឡូក្រាម។ បង្គាធម្មជាតិនេះ ទីផ្សារកំពុងមានការពេញនិយមយ៉ាងខ្លាំង ជាពិសេសតាមភោជនីយដ្ឋានធំៗនៅខេត្តព្រះសីហនុ និង នៅរាជធានីភ្នំពេញ ។ ទៅថ្ងៃអនាគត ក្រុមហ៊ុននេះគ្រោងពង្រីកផ្ទៃដីចិញ្ចឹមបន្ថែម ភ្ញាស់កូនបង្គា និង កូនក្តាមលក់ជូនប្រជានេសាទក្នុងតំបន់នេះ ព្រមទាំងបង្កើតសិប្បកម្មបង្គាក្រៀមថែមទៀត ។ ដោយឡែក សម្រាប់កសិករដែលធ្លាប់តែធ្វើស្រែ ទទួលផលតាមយថាកម្ម បច្ចុប្បន្នងាកមកប្រកាន់យករបរចិញ្ចឹមបង្គា តាមបែបធម្មជាតិ ហើយនឹងពង្រីកផ្ទៃដីបន្ថែម ដោយអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុន ៕