១ ឆ្នាំរកបាន ២០ ម៉ឺនដុល្លារ ពីការដាំដំណាំចម្រុះនៅក្បែរតំបន់ព្រំដែនកម្ពុជា-វៀតណាម (វីដេអូ)
ការរស់នៅតាមបន្ទាត់ព្រំដែន វាមិនមែនជាការងាយស្រួលប៉ុន្មានឡើយ កាលពីជិត ១០ ឆ្នាំមុន បញ្ហាជំលោះព្រំដែនបានធ្វើឱ្យកសិករម្នាក់ៗរស់នៅក្បែរព្រំដែនជួបការលំបាកយ៉ាងខ្លាំងក្នុងការប្រកបរបរធ្វើស្រែចម្ការ ។ ប៉ុន្តែនៅពេលនេះ ស្រុកមានសន្តិភាព បានធ្វើឱ្យកសិករ រស់នៅតាមតំបន់ព្រំដែន ជាពិសេសអ្នករស់នៅតំបន់ព្រំដែនកម្ពុជា វៀតណាម មានការផ្លាស់ប្តូរមុខមាត់ថ្មី សឹងតែមិនគួរឱ្យជឿ ។
លោក កែវ ឈី ជាកសិករម្នាក់រស់នៅជាប់តំបន់ព្រំដែន កម្ពុជា វៀតណាម នៅក្នុងភូមិសាស្រ្ត ភូមិកន្ទោង ឃុំកន្ទោង ស្រុករមាសហែក ខេត្តស្វាយរៀង បានរៀបរាប់ថា« គាត់បានតស៊ូរស់នៅទីនោះ តាំងពីស្រុកមានសង្គ្រាមមកម្ល៉េះ ដែលពេលនោះកុំថាឡើយការធ្វើស្រែចម្ការ និង ការហូបគ្រប់គ្រាន់នោះ សូម្បីតែដេកនៅផ្ទះក៏មិនបានផង ទាំងសង្គ្រាមឆ្លងដែន ទាំងចោរកម្ម តែងតែកើតមាននៅតំបន់នេះស្ទើររាល់ថ្ងៃ រាល់យប់ ក្រោយពីចប់សង្គ្រាម បន្សល់ទុគ្រាប់មិនទាន់ផ្ទុះរាប់មិនអស់ទៀត ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏គាត់មិនបានបោះបង់ដីស្រែចម្ការទាំងនោះចោលឡើយ ព្រមទាំងទិញបន្ថែម បន្តិចម្តងៗ បានដី ៥០ ហិកតារហូតដល់សព្វថ្ងៃនេះ» ។
លោក កែវ ឈី បានបន្តទៀតថា« ក្រោយពីសំអាតគ្រាប់មីនអស់ គាត់បានជ្រើសរើសការដាំដំណាំ ចម្ការចម្រុះ ជាច្រើនមុខ ដូចជា ក្រូចពោធិ៍សាត់ ក្រូចឆ្មារ ក្រូចថ្លុង ស្រកានាគ ដូងក្រអូប ស្វាយគ្រប់ប្រភេទ ទុរ៉េន ចេក ទៀប ។ល។ នៅរដូវប្រមូលផលឆ្នាំនេះ ជួបបញ្ហាជម្ងឺកូវីដ ១៩ គាត់អាចលក់ផលដំណាំបានតែ ប្រមាណ ១៥ ម៉ឺនដុល្លារប៉ុណ្ណោះនៅឆ្នាំនេះ ។ ប៉ុន្តែសម្រាប់ឆ្នាំមុនៗវិញ គាត់លក់បាន ពី ២០ ទៅ ៣០ ម៉ឺដុល្លារឯណ្ណោះ នេះមិនទាន់គិតពីការចំណាយ ត្រឡប់ទៅវិញ លើការថែរទាំប្រចាំថ្ងៃនោះឡើយ ។ ចំពោះផលដំណាំ ដែលគាត់ដាំបានវិញ មិនភ័យខ្វះទីផ្សារឡើយ គឺភាគច្រើនលក់ទៅកាន់ទីផ្សារប្រទេសវៀតណាម ព្រោះគាត់មិនប្រើជីគីមីឡើយ ដោយប្រើតែលាមគោ ទើបឈ្មួញខាងវៀតណាមចូលមកទិញយកទៅស្រុកគេ ដោយគេមកទិញដល់ចម្ការតែម្តង ។ ឯតម្លៃវិញក៏បានខ្ពស់ ជាងដំណាំរបស់គេដែលប្រើជីគីមីផងដែរ ។ នៅក្នុងភូមិគាត់ ក៏មានបងប្អូនគាត់ ពីរគ្រួសារទៀតបានប្រកបរបរកសិកម្មដំណាំចម្រុះដូចគ្នានេះដែរ ដែលបងប្អូនគាត់ទាំង ៣ គ្រួសារសុទ្ធតែមានដីជាង ៥០ ហិកតាម្នាក់ៗ»។
ទោះបីជាផ្លូវថ្នល់មិនទាន់ល្អឥតខ្ចោះក្តី ក៏លោកអាចដឹកកសិផលទៅកាន់ទីផ្សារបានយ៉ាងរលូន ពិសេសផ្សារនៅប្រទេសវៀតណាម ដែលឈ្មួញគេទៅទិញដល់ចម្ការតែម្តង ។ រាល់ថ្ងៃនេះ កសិផលរបស់លោក កែវ ឈី មិនពិបាកទីផ្សារឡើយ ។ បើបងប្អូនត្រូវការផ្លែឈើគ្រប់មុខ គ្មានគីមីអាចទាក់ទងទៅកាន់លេខទូរស័ព្ទរបស់គាត់តាមរយៈលេខ ០១២ ៧៧ ៦៣ ៤២ ៕