ខ្យងឥលូវមានហាងឆេងណាស់ តោះ! មកដឹងពីបទពិសោធន៍ និង បច្ចេកទេសចិញ្ចឹម
បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋភាគច្រើនមិនបានដឹងថា ខ្យងដែលគេបានស្ងោរដាក់លក់នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ ជាខ្យងចិញ្ចឹមនោះទេ ដែលខ្យងចិញ្ចឹមទាំងនោះមានការនាំចូលមកពីបណ្តាប្រទេសជិតខាង និង ចិញ្ចឹមនៅក្នុងស្រុក ។ ហើយអ្នកប្រកបមុខរបរចិញ្ចឹមខ្យងនេះ កំពុងទទួលបានការគាំទ្រ និង កាកកប ដោយសារតែវាមានទីផ្សារល្អ ។
ខ្យងគេអាចយកសាច់របស់វា មកចម្អិនជាម្ហូបអាហារបានជាច្រើនមុខ ច្រើនប្រភេទទៅតាមតម្រូវការ របស់អ្នកទទួលទាន ។ កន្លងមក មុខរបរចិញ្ចឹមខ្ចងលក់ត្រូវបានប្រជាពលរដ្ឋទូទៅមើលរំលង ដោយសារតែពួកគាត់បានគិតថា គេមិនដែលចិញ្ចឹមសត្វខ្យងនោះទេ វាច្រើនតែកើតឡើងតាមបែបធម្មជាតិ នៅតាមទឹកស្ទឹង បឹង បួរ ឬ តាមវាលស្រែជាដើម ។ ប៉ុន្តែឥឡូវនេះ ខ្យងធម្មជាតិទាំងអស់នោះ វាបានខ្សត់ខ្សោយ ស្ទើរតែអស់ទៅហើយ នៅតាមបឹងធម្មជាតិ ឬ វាលស្រែទាំងអស់នោះ ដូច្នេះតម្រូវឱ្យគេចិញ្ចឹមដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ នាពេលបច្ចុប្បន្ននេះ ។
លោក ហាច ឆន ជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ និង វារីវប្បកម្ម ចិញ្ចឹមសត្វខ្យងនេះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិអូររណា ឃុំស្រែខ្ទុម ស្រុក កែវសីម៉ា ខេត្តមណ្ឌលគិរីបានរៀបរាប់ប្រាប់ពីមុខរបរចិញ្ចឹមខ្ចងរបស់លោកថា រាល់ថ្ងៃនេះ ខ្ញុំមានអាងចិញ្ចឹមខ្ចងចំនួន ២០អាង ហើយការចិញ្ចឹមខ្ចងរបស់ខ្ញុំនេះគឺចិញ្ចឹមតាមបែបធម្មជាតិ ហើយក៏កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ដោយក្នុងមួយថ្ងៃៗរកខ្យងលក់ឱ្យពួកគាត់មិនទាន់នោះទេ ។ ការលក់ខ្យងរាល់ថ្ងៃនេះគឺខ្ញុំលក់តែខ្យងពូជនោះទេ ឱ្យទៅអតិថិជន ឬ ប្រជាពលរដ្ឋ ដែលពួកគាត់ចង់យកទៅចិញ្ចឹមដើម្បីលក់បន្ត ដោយក្នុងមួយគីឡូក្រាម ខ្ញុំលក់ក្នុងតម្លៃ ៣ម៉ឺនរៀល ដោយក្នុងមួយខែខ្ញុំអាចរកចំណូលបានពីមុខរបរចិញ្ចឹមខ្យងនេះ ចន្លោះពីជាង ៥០០ដុល្លារ ទៅ ជាង ១០០០ដុល្លារ ។
*** បទពិសោធន៍ និង បច្ចេកទេសក្នុងការចិញ្ចឹមខ្យង
លោក ហាច ឆន បានប្រាប់ពីបទពិសោធន៍ និង បច្ចេកទេសក្នុងការចិញ្ចឹមខ្យងនេះថា សម្រាប់ខ្យង ដែលយើងត្រូវយកមកចិញ្ចឹមនេះ គឺយើងយកពូជខ្យងពីក្នុងបឹង ឬ ខ្យងស្រែ ដែលមានពងពណ៌ ស គូទវាស្រួចបន្តិច ហើយក្បាលវាទាល ដែលជាប្រភេទខ្យងខ្មែរ ដែលគេយកវាទៅធ្វើជាម្ហូបអាហារ ។ តែមុននឹងយើងយកវាមកចិញ្ចឹម យើងត្រូវរៀបចំកន្លែងចិញ្ចឹមវាឱ្យហើយ ដោយយើងធ្វើជាអាងតង់ បើយើងចិញ្ចឹមវានៅក្នុងអាងថ្មនោះគឺចិញ្ចឹមមិនកើតនោះទេ ។ ហើយសម្រាប់ទឹកចិញ្ចឹមខ្យងនោះ យើងត្រូវផលិតម្រិតទឹកគឺ PH ក្រោម ៧ ឬ លើស ៧បន្តិច ។ សម្រាប់សារធាតុរ៉ែនៅទឹកឱ្យមានចន្លោះពី ១៥០ ទៅ ៣០០ ។ ហើយកម្រិតកកបង្កនៅក្នុងទឹកចន្លោះពី៨០០ ទៅ ១០០០ ( តាមរយៈឧបករណ៍សម្រាប់វាស់ ឬ ពិនិត្យមើល )។ បើយើងយកមកចិញ្ចឹមធម្មតានោះគឺវាងាប់អស់តែម្តង ។ ខ្យងគឺវាបង្កកូនដោយធម្មជាតិ ខ្យងមួយ វាអាចដើរតួនាទីជាញីផង និង ជាឈ្មោលផង នៅពេលយើងរៀបចំអាងរួចហើយ យើងយកខ្យងពូជនោះ ទៅដាក់នៅក្ុងអាងតង់ ដែលមានប្រក់ស្បៃពីលើ ហើយវានឹងឡើងពងនៅតាមជញ្ជាំងអាងនោះ ។ បន្ទាប់ពីវាពងហើយ រយៈពេល ២ខែគឺយើងអាចប្រមូលវាយកទៅលក់បានហើយ ដោយខ្យងមួយគ្រាប់អាចពងកូនបានចន្លោះពី ៣០០គ្រាប់ ទៅ ៥០០គ្រាប់ ។
ក្នុងការចិញ្ចឹមខ្យងនេះគឺធ្វើអាងទៅតាមលទ្ធភាព ឬ ទំហំដីដែលយើងមាន ប៉ុន្តែសម្រាប់ផ្ទៃអាងមួយម៉ែត្រការ៉េយើងត្រូវដាក់មេខ្យងពូជចំនួន ១០គ្រាប់ ។ នៅពេលវាចាប់ផ្តើមពងកូនហើយ រយៈពេល២ខែក្រោយមកគឺយើងអាចប្រមូលផលពីវាស្ទើរតែរាល់ថ្ងៃ ។ ទីផ្សារខ្យងរាល់ថ្ងៃនេះគឺល្អខ្លាំងណាស់ ដោយខ្យងពូជ ១គីឡូក្រាមមានតម្លៃ ៣ម៉ឺនរៀល ខ្ញុំរកតែខ្យងលក់ឱ្យម៉ូយមិនបាននោះទេ ដែលគេបានទិញយកទៅចិញ្ចឹមបន្តទៀត ។ សត្វខ្យងនេះគឺវាចូលចិត្តស៊ីប្រភេទផ្លែឈើទុំដូចជា ខ្នុរទុំ ស្វាយទុំ ល្ហុងទុំ និង ប្រភេទឫសរុក្ខជាតិដូចជា ឫសកំប្លោក ឬ ឫសចកជាដើម ។ ការចិញ្ចឹមខ្យងរបស់ខ្ញុំនេះគឺចិញ្ចឹមទៅតាមគោលការណ៍ធម្មជាតិ មិនមានប្រើចំណីអ្វីផ្សេងក្រៅពីផ្លែឈើ ឫសរុក្ខជាតិ ឬ ចំណីកូនត្រីនោះឡើយ ។ ហើយនៅពេលខាងមុខនេះ ខ្ញុំនឹងពង្រីកអាងចិញ្ចឹមខ្យងឱ្យបាន១០០អាង ។
បើបង ប្អូនចង់រៀនពីបច្ចេកទេសក្នុងការចិញ្ចឹមខ្យង ឬ សត្វផ្សេងៗទៀតនោះ អាចទាក់ទងទៅលោក ហាច ឆន តាមរយៈលេខទូរស័ព្ទ ០៩៧ ៨៨ ១១ ៤០០ ៕