វាសនាមនុស្សមើលមិនឃើញមែន! ក្លាយជាថៅកែស្រី ផ្តើមចេញពីទុន ១៥០ ដុល្លារគត់
ជោគជតារាសីរបស់មនុស្សយើងពិតជាមើលមិនឃើញ និង មិនអាចដឹងជាមុនបានដែរថា វានឹងប្រែប្រួល រីកចម្រើន ឬ ក៏ធ្លាក់ចុះ នៅពេលវេលាណាមួយក៏មិនដឹង ដូច្នេះគឺមានតែការខិតខំប្រឹងប្រែងតស៊ូក្នុងឆាកជីវិត និង កុំអស់សង្ឃឹមដូចជាស្ថាបនិកហាងបង្អែម «ហាក់ហេង» លោកស្រី ថុល សុខឡាង ទម្រាំតែទទួលបាន ជោគជ័យក្នុងដំណើរការអាជីវកម្ម ដូចពេលនេះគឺបានឆ្លងកាត់ជីវិតតស៊ូជូរចត់ជាច្រើន ពោលគឺផ្តើមពីមានដើមទុនត្រឹមតែ ១៥០ ដុល្លារប៉ុណ្ណោះ ។
លោកស្រី ថុល សុខឡាង អាយុ ៣២ ឆ្នាំជាស្ថាបនិកហាងបង្អែម «ហាក់ហេង» មានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដែលគេបានស្គាល់ថា ជាហាងលក់ទឹកត្រចៀកកាំ ,បង្អែម និង អាហារសម្រន់បានរំឭករៀបរាប់ពីជីវិតតស៊ូក្នុងអាជីវកម្មរបស់ខ្លួនថា៖ ក្រោយពីរៀនចប់បរិញ្ញាបត្រផ្នែកដេគ័រពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោកស្រីក៏បានរៀបការជាមួយស្វាមី ដែលមានមុខរបរជាគ្រូបង្រៀនម្នាក់ នាឆ្នាំ ២០១១ ។
ជីវភាពក្រោយពីរៀបការមានការលំបាកខ្វះខាត ដោយពុំដឹងថា ចាប់យកមុខរបរអ្វីជាដុំកំភួនដើម្បីចិញ្ចឹមជីវិតឡើយ ។ ម្ល៉ោះហើយ ទើបនឹកឃើញបើកកន្លែងទទួលបោកគក់ខោអាវ ដែលរបរនេះ រកមួយថ្ងៃសម្រាប់មួយថ្ងៃពុំអាចធ្វើឱ្យជីវភាពគ្រួសារលោកស្រីបានធូរស្រាល ឬប្រសើរឡើយ ។ ព្រោះម៉ូយបោកគក់មានតែដដែលមិនអាចអូសទាញភ្ញៀវពីកន្លែងផ្សេងមកបោកគក់កន្លែងយើងបានទេ ព្រោះគេចង់បោកគក់ខោអាវនៅក្បែរផ្ទះហើយកន្លែងបោកគក់មានគ្រប់ទីកន្លែង ។
ជាចៃដន្យ នៅពេលមួយ នាដើមឆ្នាំ២០១៥ ដោយសារម្តាយឈឺ ចង់ឱ្យម្តាយបានជាសះស្បើយមានកម្លាំង ក៏នឹកឃើញដល់ទឹកមាត់ត្រចៀកកាំ ដែលល្បីថា អាចព្យាបាលជំងឺព្រមទាំងលើកកម្លាំងទៀតផងនោះ ទើបលោកស្រីផ្តាំឱ្យស្វាមី ដែលនៅធ្វើការឯខេត្តព្រះសីហនុទិញទឹកមាត់ត្រចៀកកាំផ្ញើមកឱ្យ គិតទៅអស់ប្រាក់ចំនួន ១៥០ដុល្លារ ហើយរៀបចំធ្វើជាភេសជ្ជៈទឹកមាត់ត្រចៀកកាំសម្រាប់ជូនម្តាយពិសារ ។ ក្រោយពីបានពិសារភេសជ្ជៈទឹកមាត់ត្រចៀកកាំសុទ្ធ ដែលធ្វើដោយផ្ទាល់ដៃរបស់លោកស្រី បានសង្កេតឃើញថា ម្តាយរបស់លោកស្រីបានធូរស្រាល និងមានកម្លាំងជាងមុន ទើបល្បីដល់អ្នកជិតខាងខ្លះបានសុំចែកទិញ ,ខ្លះក៏សួររកថា មានលក់ដែរទេ?ដោយពួកគេចង់បានយកទៅជូនជីដូនជីតាឪពុក ម្តាយចាស់ៗដើម្បីឱ្យគាត់មានសុខភាពល្អ ។
ព្រោះតែសង្កេតឃើញថា មានគេសួររកទិញច្រើន ទើបបែកគំនិតទិញសំបុកទឹកមាត់ត្រចៀកកាំពីខេត្តព្រះសីហនុមកផលិតជាភេសជ្ជៈលក់ដាច់ជាហូរហែ រហូតដល់ពេលនេះ ដែលកាន់តែមានអ្នកដឹង និង ស្គាល់ទិញកាន់តែច្រើន មានទាំងអ្នកមកទិញផ្ទាល់ដល់ទីកន្លែងព្រមទាំងទិញតាមអនឡាញ ដោយសារគេដឹងពីគុណភាពទឹកមាត់ត្រចៀកកាំសុទ្ធល្អមិនក្លែងក្លាយ ។
បច្ចុប្បន្នសំបុកត្រចៀកកាំ ដែលជាវត្ថុធាតុដើមសម្រាប់យកមកធ្វើជាភេសជ្ជៈទឹកមាត់ត្រចៀកកាំនៅក្នុងហាងបង្អែម« ហាក់ហេង»ត្រូវបាននាំមកពីបណ្តាខេត្តជាប់មាត់សមុទ្រមានដូចជាខេត្ត ព្រះសីហនុ ,កោះកុង,កំពត ជាដើម ។
មិនត្រឹមតែមានលក់ទឹកមាត់ត្រចៀកកាំមួយមុខនោះទេ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ដែលតែងតែសួររកដូចជាបង្អែម ,អាហារសម្រន់នោះ ទើបលោកស្រីបានច្នៃប្រឌិតធ្វើលក់ទៀត ហើយក៏មានភ្ញៀវចូលទិញដល់កន្លែងព្រមទាំងកុម្ម៉ង់តាមអនឡាញឱ្យដឹកឱ្យស្ទើរតែមិនទាន់ ព្រោះតែលក់ដាច់ខ្លាំងពេក ។
ឈានចេញពីជីវិតជោគជ័យក្នុងអាជីវកម្មនោះ លោកស្រី ថុល សុខឡាង ពេលនេះបានរៀបចំពង្រីកហាងរបស់ខ្លួនបន្ថែមទៀត ដោយប្រើប្រាស់បុគ្គលិកសរុបជិត ៣០ នាក់ , មានរថយន្ត ៣ គ្រឿង ,មានផ្ទះសំណាក់មួយ នៅខេត្តព្រះសីហនុយីហោ « ហាក់ហេង» , មានដីចម្ការមួយកន្លែងនៅត្រែងត្រយឹងជិតពេជ្រនិល ដែលត្រៀមដាំដំណាំបែបធម្មជាតិទុកលក់ជូនអតិថិជននាពេលខាងមុខ ព្រមទាំងកំពុងរៀបចំធ្វើផ្ទះត្រចៀកកាំនៅខេត្តកំពត លើដីផ្ទាល់ខ្លួនដើម្បីទៅថ្ងៃមុខធានាផ្គត់ផ្គង់គ្រប់គ្រាន់នូវវត្ថុធាតុដើមសម្រាប់ផលិត ភេសជ្ជៈទឹកមាត់ត្រចៀកកាំ ៕