មានដីធំទូលាយ មិនបាច់ទៅធ្វើការឱ្យគេទេ ចិញ្ចឹមមេមាន់តែជាង ១០០ ក្បាល ក៏អាចរកចំណូលបានច្រើនដែរ
ក្រៅពីការប្រកបរបរធ្វើស្រែ ចម្ការនោះ លោក ផុន សេងឌី រស់នៅភូមិប្រាសាទ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានចាប់យកមុខរបរថ្មីមួយទៀត ដើម្បីផ្គត់ផ្គង់គ្រួសារនោះគឺរបរចិញ្ចឹមមាន់ស្រែ ដែលធ្វើឱ្យគ្រួសាររបស់គាត់មានជីវភាពធូរធាជាងមុន ដែលមុខរបរចិញ្ចឹមមាន់របស់គាត់នេះ ត្រូវបានមន្ទីរកសិកម្ម ទទួលស្គាល់ថា ជាកសិករ គំរូម្នាក់ ដែលទទួលបានជោគជ័យលើរបរចិញ្ចឹមមាន់ យកសាច់ ភ្ញាស់កូនលក់ ។
លោក ផុន សេងឌី បានបង្ហាញពីបទពិសោធន៍ក្នុងការចិញ្ចឹមមានស្រែរបស់លោកថា ដំបូងលោកមានទ្រុងចិញ្ចឹមមាន់ស្រែទំហំ ១២ ម៉ែត្រ គុណ ១៨ ម៉ែត្រ ធ្វើអំពីដែក និង កំពុងចិញ្ចឹមមាន់ស្រែយកសាច់ និង កូន បានចំនួន ១៩៨ ក្បាល ក្នុងនោះមានមេមាន់ពូជចំនួន ១៨០ ក្បាល មាន់ឈ្មោលចំនួន ១៨ ក្បាល ។ ដោយក្នុង១ខែៗគាត់អាចភ្ញាស់កូនមានលក់បានជាង ៣០០ ក្បាល ដែលក្នុងក្នុង១ ក្បាល លក់ក្នុងតម្លៃ ៦ ០០០ រៀល ។ ហើយមកដល់ពេលនេះ គាត់លក់កូនមាន់មួយលើកៗបានចំនួនប្រមាណជាង ២ ០០០ កូន និង លក់មាន់សាច់សរុបប្រមាណជា ៥០០ គីឡូក្រាម តម្លៃ ២០ ០០០ រៀល ក្នុងមួយគីឡូក្រាម ។
ហើយលោកមានគម្រោងពង្រីកការចិញ្ចឹមមាន់នេះ ឱ្យធំជាងមុនបន្ថែមទៀត នាថ្ងៃខាងមុខ ដោយលោកសង្កេតឃើញថា បច្ចុប្បន្ននេះ តម្រូវការទីផ្សារមាន់ស្រែ មានច្រើន តាមរយៈអ្នកប្រមូលទិញចល័តក្នុងស្រុក និង កសិករទិញកូនមាន់របស់លោកយកទៅចិញ្ចឹមផ្ទាល់ ក៏ច្រើនដែរ ។ បើយើងមានបច្ចេកទេសចិញ្ចឹមមាន់ត្រឹមត្រូវ មានមេមាន់តែជាង ១០០ក្បាល ធ្វើការឱ្យគេបានប្រាក់ខែ ៣០០ ទៅ ៥០០ ដុល្លារនោះ គួរតែងាកមកបង្កើតមុខរបរចិញ្ចឹមមាន់ខ្លួនឯង ល្អជាង ហើយមានពេលទៅធ្វើការអ្វីផ្សេងៗបានទៀតផង ។
លោក ផុន សេងឌី បានរៀបរាប់ទៀតថា លោកចាប់ផ្តើមមុខរបរចិញ្ចឹមមាន់ស្រែនេះ នៅឆ្នាំ ២០១៨ ដែលបានរៀនសូត្របទពិសោធន៍ពីលោកស្រី ពុធ សុជា ជាកសិករទទួលបានជ័យលាភី ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទកាលពីឆ្នាំ ២០១៧ ។ លោក ផុន សេងឌី បានបង្ហាញពីការពេញចិត្តនឹងការចិញ្ចឹមមាន់ថា ជាសេចក្តីស្រឡាញ់ និង ប៉ងប្រាថ្នាជាយូរមកហើយ ដែលជាក់ស្តែងមកដល់ពេលនេះ ធ្វើឱ្យគាត់មើលឃើញពីភាពជោគជ័យ និង មានមហិច្ឆិតា ពង្រីកបន្ថែមទៀត នាពេលខាងមុខ ។
លោក ផុន សេងឌី បានបង្ហាញពីបទពិសោធន៍ក្នុងការចិញ្ចឹមមាន់ចំនួន ៥ ចំណុច ដែលទទួលបានជោគជ័យគឺ ទី១-ការរៀបចំទ្រុង បណ្តោយថ្ងៃ ឱ្យពន្លឺចូលបានគ្រប់គ្រាន់ ។ ទី២-ការជ្រើសរើសពូជមេបា ក៏ដូចជាកូនមាន់ ដែលមានសុខភាពល្អ រឹងមាំមិនមានជំងឺ ពូជមាន់ដែលផ្តល់ការលូតលាស់លឿន ព្រមទាំងចាក់វ៉ាក់សាំង ការពារជំងឺគ្រប់គ្រាន់តាមបច្ចេកទេស ។ ទី៣-ការថែទាំឱ្យបានដិតដល់ ព្រឹក ល្ងាច ដោយការយកចិត្តទុកដាក់ ។ ទី៤-ការអនុវត្តវិធានជីវសុវត្ថិភាពជាប្រចាំ បាញ់សម្លាប់មេរោគទៀងទាត់ និង ទី៥-ការផ្សំចំណីដោយខ្លួនឯង ដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ជាពិសេស ។
លោក ផុន សេងឌី បានបង្ហាញពីបទពិសោធន៍ការផ្សំចំណីសម្រាប់ចិញ្ចឹមមាន់សាច់អាយុចាប់ពី ២១ ថ្ងៃឡើងទៅថា ដើម្បីបានចំណីស្រស់ ៩ គីឡូក្រាម ត្រូវប្រើសមាសធាតុផ្សំមាន ពោតកិន ២ គីឡូក្រាម ,កន្ទក់ ១,៥ គីឡូក្រាម, ចុងអង្ករ ០,៥ គីឡូក្រាម ,ម៉្សៅត្រី ០,៥ គីឡូក្រា ម, អំបិល ១ ខាំ ,ស្ក ០,៥ ខាំ ,ចំណីសម្រេច ២ គីឡូក្រាម ប្រភេទបន្លែបន្ថែម ៣ គីឡូក្រាម លាយជាមួយទឹកស្អាត ៣ លីត្ររួចច្របល់ចូលគ្នាឱ្យសព្វ ទើបយកទៅដាក់ឱ្យមាន់ស៊ីភ្លាមៗតែម្តង ។
សូមបញ្ជាក់ថា ចំណីផ្សំនេះ មិនអាចទុកយូរបានទេ ក្រែងជូរ ផ្អូម ដែលបណ្តាលឱ្យមាន់ឈឺ ។ ការធ្វើបែបនេះ សាច់មាន់មានរសជាតិឆ្ងាញ់ សុវត្ថិភាព គ្មានមេរោគ សាច់មានគុណភាព និង កាត់បន្ថយចំណាយលើចំណីពីក្រុមហ៊ុនបានមួយចំណែក ។ ដោយឡែកសម្រាប់កូនមាន់អាយុតិចជាង ២១ ថ្ងៃ ត្រូវប្រើចំណីសម្រេច(ចំណីក្រុមហ៊ុន)ដែលទិញមកពីផ្សារស្រាប់ ។ ប្រសិនបើ បងប្អូនមានបំណងចង់ទិញមាន់សាច់ និង កូនមាន់របស់គាត់ យកទៅចិញ្ចឹមនោះ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទរបស់លោកផ្ទាល់គឺ ០៩០ ២៥៥ ២៥៥/០៧៧ ៩៩ ៨៨ ៥៧ ៕