អ្នកប្រកបរបរចម្លាក់ប្រាក់ ស្ពាន់ នៅកំពុងហ្លួងស្ទើរដាច់បាយទៅហើយ ដោយសារតែជំងឺកូវីដ ១៩
ដោយសារតែ ការរីករាលដាលនៃជំងឺកូវីដ ១៩ បានធ្វើឱ្យប្រជាពលរដ្ឋ អ្នកប្រកបរបរចម្លាក់ប្រាក់នៅភូមិពោតូច ឃុំកំពុងហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល ស្ទើរតែដាច់បាយទៅហើយ ដោយសារតែមិនមានភ្ញៀវកុម្ម៉ង់ ឬ ចូលទៅទិញវត្ថុអានុស្សាវរីយ៍ ដែលធ្វើដោយដៃរបស់ពួកគាត់ផ្ទាល់ ។ តាមអ្វី ដែលបានសង្កេតផ្ទាល់ ដោយសារតែជំងឺកូវីដ ១៩នេះ បានធ្វើឱ្យផ្ទះប្រជាពលរដ្ឋមួយចំនួន ដែលប្រកបរបរចម្លាក់ប្រាក់ ឬ ស្ពាន់នេះ បានបិទទ្វារលែងប្រកបរបរចម្លាក់នេះ ។
លោក ស្សី ជាជាងចម្លាក់ប្រាក់ម្នាក់ នៅក្នុងភូមិពោតូច ឃុំកំពង់ហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល ហើយនៅក្នុងផ្ទះរបស់លោក មានលក់វត្ថុអានុស្សាវរីយ៍ធ្វើពីប្រាក់ និង ស្ពាន់នោះ បានមានប្រសាសន៍ថា កាលពីមុនជំងឺកូវីដ ១៩ ចូលរាតត្បាតនោះគឺមានភ្ញៀវចេញចូលជាហូរហែ ហើយមានភ្ញៀវកុម្ម៉ង់ទិញ និង លក់ដាច់ជារៀងរាល់ថ្ងៃ ប៉ុន្តែនៅពេលជំងឺកូវីដ ១៩នេះ ចូលរាតត្បាតគឺស្ងាត់ភ្ញៀវឈឹងតែម្តង ។ មានផ្ទះធ្វើចម្លាក់ប្រាក់នេះខ្លះ បានបិទទ្វារ ហើយទៅប្រកបមុខរបរអ្វីផ្សេងជំនួសវិញ ។ កាលពីមុន នៅពេលខ្ញុំធ្វើចម្លាក់នេះបាន ខ្ញុំតែងតែយកទៅលក់ និង ឱ្យម៉ូយ ដែលកុម្ម៉ង់នៅភ្នំពេញ ជាហូរហែ ប៉ុន្តែឥឡូវគឺចប់តែម្តង ។
បើទោះបីជា ផ្ទះលែងធ្វើចម្លាក់ប្រាក់ ស្ពាន់ ដោយសារតែមិនមានអ្នកកុម្ម៉ង់ទិញយ៉ាងណាក្តី ប៉ុន្តែផ្ទះបងស្រី សុភាព នៅតែដាក់តាំងលក់វត្ថុអានុស្សាវរីយ៍ធ្វើពីប្រាក់ ដែលនៅសេសសល់ពីមុនមក ។ បងស្រីបានប្រាប់អ្នកយកព័ត៌មានរបស់យើងថា ដោយសារតែជំងឺកូវីដ ១៩ បានចូលរាតត្បាតនោះ បានធ្វើឱ្យអ្នកលក់ដូរវត្ថុអានុស្សាវរីយ៍ធ្វើពីប្រាក់ ឬ ស្ពាន់ នៅក្នុងឃុំកំពង់ហ្លួង ស្រុកពញ្ញាឮនេះ ស្ទើរតែដាច់បាយទៅហើយ ព្រោះតែមិនមានភ្ញៀវកុម្ម៉ង់ ឬ ទិញវត្ថុអានុស្សាវរីយ៍ទាំងអស់នេះ ។ មិនដឹងជាដល់ពេលណានោះទេ ទើបស្ថានភាពនេះ បានធូរស្រាលមកវិញ បើនៅតែបន្តអូសអន្លាយទៀតនោះ ប្រហែលជាបោះបង់មុខរបរនេះ ចោលហើយមើលទៅ ៕