មកស្គាល់ទីឋានដ៏ស័ក្ដិសិទ្ធិមួយនៅសៀមរាប មានចម្លាក់លើផ្ទាំងថ្មជ្រោះដ៏អស្ចារ្យ
តាមទំព័រវិគីភីឌា ក្បាលស្ពានមានទីតាំងស្ថិតនៅចំងាយ ៥០ គីឡូម៉ែត្រពី ក្រុងសៀមរាប និង ប្រហែល ១៨គីឡូម៉ែត្រពី ប្រាសាទបន្ទាយស្រី ។ កន្លែងនេះត្រូវបានគេស្គាល់ថាជាជ្រលងនៃលិង្គ១០០០ មានចម្លាក់ធ្វើអំពីថ្មនៅក្នុង និង ជុំវិញស្ទឹងក្បាលស្ពាន ។
ចម្លាក់ទាំងនេះភាគច្រើនសាងឡើងពីសតវត្សទី១១ ដល់ទី ១៣ ក្បាលស្ពានត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី១ និង ស្ថាបនារួចជាស្ថាពរដោយ ព្រះបាទឧទ័យទិត្យវរ្ម័នទី២ ។
ដោយសារគេយល់ថា ទឹកដែលហូរតាមទីនេះជាប្រភពនៃការចម្រុងចម្រើន និងត្រជាក់ត្រជុំ ហើយម្យ៉ាង ទៀតយកទៅប្រើការក្នុងកសិកម្មផង គេបានឆ្លាក់លិង្គរាប់មិនអស់ ដែលស្នងព្រះឥសូរនៅ តាមបាតស្ទឹង ចាប់ពីខាងជើងផែ្នកខាងលើនៃស្ពានថ្មធម្មជាតិ ចុះរហូតដល់ទឹកធ្លាក់។ ដូចេ្នះហើយបានជាសិលាចារិក សំស្រ្កិតហៅទីនេះថា សហព្រះលិង្គ១ ។
ម្តងៗមានឆ្លាក់យោនីជាបល្ល័ង្កភ្ជាប់ជាមួយផង ចម្លាក់ទាំងនេះ រាយនៅបាតស្ទឹង ប្រវែងប្រមាណ២០០ម៉ែត្រ នៅតាមច្រាំងនិងនៅលើជញ្ឆាំងខ្លះៗផង ។
ក្រៅពីនេះចម្លាក់នៅច្រើនកនែ្លងមានរូបព្រះវិស្ណុផ្ទុំកណ្តាលមហាសមុទ្រនាអន្តរកប្បមួយ ។ ព្រះព្រហ្មផុស ចេញពីផ្ចិតព្រះនារាយណ៍តាមផ្កាឈូកមួយទងដើម្បីបង្កើតលោកថ្មី។ គឺទឹកដែលហូរកាត់ ព្រមទាំងទទួល មន្តពីចម្លាក់ អស់ទាំងនេះឯងដែលបង្កើតជាស្ទឹងឬស្សី ហើយបែកខ្នាយមកជាស្ទឹងពួក និង ស្ទឹងសៀមរាប ៕