មានដីតែកន្លះហិកតា ដាំតែបន្លែចម្រុះ រកចំណូលបានច្រើនមិនចាញ់ធ្វើការក្រុមហ៊ុនទេ
មានមុខរបរកសិកម្មតូចតាចមួយចំនួន ដែលប្រជាកសិករ នៅតាមទីជនបទស្រុកស្រែចម្ការភាគច្រើនមិនសូវចាប់អារម្មណ៍ប៉ុន្មានឡើយ ប៉ុន្តែមុខរបរដាំដុះតូចតាចទាំងនោះ ក៏អាចឱ្យពួកគាត់រកចំណូលបានច្រើនគួរសមដែរ ដែលអាចធ្វើឱ្យគ្រួសាររបស់ពួកគាត់ មានជីវភាពធូរធាថែមមួយក្រិតទៀត ។
ជាក់ស្តែង ដូចជាកសិករម្នាក់ ឈ្មោះ យង់ សុខរឿន រស់នៅ ភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រូបគាត់មានតែដី កន្លះហិកតា គាត់បានសម្រេចចិត្តដាំននោងជ្រុង និង ត្រសក់ស្រូវ ដែលមកទល់ពេលនេះ គាត់រកបានចំណូលយ៉ាងច្រើន ពីការដាំដុះដំណាំកសិកម្មរបស់គាត់ ដែលខ្លួនគាត់ផ្ទាល់មិននឹកស្មានថា គាត់អាចធ្វើវាបានជោគជ័យបែបនេះឡើយ ។
លោក យង់ សុខរឿន បានរៀបរាប់ថា ដំបូងឡើយ រូបគាត់មិនបានចាប់អារម្មណ៍ក្នុងការដាំបន្លែ ននោងជ្រុង និង ត្រសក់ស្រូវនេះវឡើយ គឺគាត់រកស៊ីដើរម៉ៅដើមស្វាយគេដើម្បីលក់ ប៉ុន្តែវាមិនកាក់កបឡើយ ។ ក្រោយមកមានក្មួយរបស់គាត់ម្នាក់ ដែលទៅធ្វើការផ្នែកកសិកម្មនៅ ប្រទេសជប៉ុន បានណែនាំឱ្យគាត់ ដាំបន្លែ ដោយប្រើប្រាស់ថ្នាំ និង ជីធម្មជាតិ ដែលផ្សំតាមរូបមន្ត ដែលគេធ្វើនៅប្រទេសជប៉ុនរួចមក រូបគាត់ក៏សម្រេចចិត្ត ដាំននោងជ្រុង និង ត្រសក់ស្រូវ នៅលើផ្ទៃដីកន្លះហិកតា ដែលដីនេះជាដីគ្មានជីជាតិពីមុនមក ដែលមិនអាចដាំដំណាំអ្វីបានឡើយ ។
ក្រោយពីរូបគាត់ដាំបានមួយឆ្នាំ គាត់បានប្រែក្លាយពីដីដែលរិចរិលគ្មានជីជាតិ ទៅជាដីដែលមានជីជាតិល្អ អាចដាំ ននោងជ្រុង និង ត្រសក់ស្រូវបាន ដោយទទួលផលគួរជាទីពេញចិត្ត ។ ចំពោះ ននោងជ្រុង រូបគាត់បេះលក់បាន ជាមធ្យម ៣០០ គីឡូក្រាមក្នុងមួយថ្ងៃ ។ ដោយឡែកត្រសក់ស្រូវវិញ រូបគាត់បេះលក់បានប្រមាណជា ២០០ គីឡូក្រាម ក្នុង មួយយថ្ងៃ ។ ចំពោះតម្លៃវិញ គឺ ននោងជ្រុង និង ត្រសក់ស្រូវមានតម្លៃប្រហាក់ប្រហែគ្នា គឺ តម្លៃពី ១ ៥០០ ទៅ ២ ០០០ រៀលក្នុង ១ គីឡូក្រាម ។ ចំពោះទីផ្សារវិញ វាមិនលំបាកឡើយ គឺមានម៉ូយគេមកទិញដល់ចម្ការតែម្តង មិនដែលសល់ឡើយ ។ ក្នុង ១ ឆ្នាំៗរូបគាត់អាចដាំ ននោងជ្រុង ចម្រុះជាមួយ ត្រសក់ស្រូវបាន ៣ ដង ដែល១ដងៗរូបគាត់ អាចប្រមូលផលបាន ប្រហែល ១ ខែកន្លះ ។
លោក យង់ សុខរឿន បានឱ្យដឹងពីការដាំដុះ ននោងជ្រុង និង ត្រសក់ស្រូវថា ដំបូងឡើយ រូបគាត់ត្រូវភ្ជួរដីហាល់ឱ្យស្ងួតល្អ រួចបាចជីកំប៉ុស្តិ៍ រួចតប្រពន្ធស្រោចស្រពឱ្យបានល្អ រួចហើយ ចាប់ផ្តើមដាំត្រសក់ស្រូវមុន( ដាំគ្រាប់) បន្ទាប់ពីដាំរយៈពេលពី ១៥ ទៅ ២០ថ្ងៃ ត្រសក់ស្រូវមានការលូតលាស់ និង ចាប់ផ្តើមបោះទង ទើបចាប់ផ្តើមដាំននោងជ្រុងបន្តទៀត រួចធ្វើទ្រើងឱ្យវាឡើង ។ ចំពោះការប្រើជីវិញ រូបគាត់ប្រើតែជីធម្មជាតិ ដែមានស្លឹកឈើ បន្លែស្អុយរលួយ ត្រាំទុកក្នុងពាង រួចយកវាទៅស្រោចគល់ និង ថ្នាំបាញ់ការពារសត្វល្អិត ។ ចំពោះថ្នាំបាញ់ការពារសត្វល្អិតនោះគឺរូបគាត់ផ្សំពីដើមឈើក្នុងស្រុក មានដើមស្លាក់ ស្លែង និង ដើមឈើផ្សេងៗទៀត យកទៅចិញ្ជ្រាំរូចដាក់ត្រាំក្នុងពាង ក្នុងរយៈពេលសមស្របណាមួយ តែបើទុកវាកាន់តែយូរគឺកាន់តែល្អដើម្បីឱ្យដើមរុក្ខជាតិទាំងនោះរលួយ រួចយកវាទៅបាញ់លើ ននោង ឬ ត្រសក់ស្រូវ ជាការស្រេច ។ ប្រសើនបើបងប្អូនចង់ទិញ ននោងជ្រុង ត្រសក់ស្រូវ ឬ ក៏ចង់ដឹងពីបច្ចេកទេសដាំដុះបន្លែទាំងនេះ អាចទាក់ទងទៅកាន់ លោក យង់ សុខរឿន តាមរយៈលេខទូរស័ព្៖ទ០១៧ ៥២ ៥៣ ០៤ ៕