ដើម្បីផ្គត់ផ្គង់ទីផ្សារ កសិករ ហ៊ាន់ សុធី ចង់ប្រែក្លាយពីការចិញ្ចឹមត្រីតូចតាចទៅជាកសិដ្ឋានចិញ្ចឹមត្រីដ៏ធំមួយ
ក្រោយពីការចាប់ផ្តើម ចិញ្ចឹម ត្រីអណ្តែង នៅក្នុងស្រះចំនួន ១៣ ដែលទទួលបានជោគជ័យនោះ កសិករ ហ៊ាន់ សុធី បានពង្រីកគម្រោង ចិញ្ចឹមត្រី អណ្តែង កង្កែប និង ចិញ្ចឹមមាន់ ឱ្យក្លាយទៅជាកសិដ្ឋានចិញ្ចឹមសត្វ និង ត្រីដ៏ធំមួយ បន្ទាប់ពីគាត់បានផលិតចំណីសត្វ និង ចំណីត្រី បានទទួលជោគជ័យ ដែលធ្វើឱ្យត្រីលូតលាស់ធំលឿន ។
បច្ចុប្បន្ន លោក ហ៊ាន់ សុធី ជាកសិកររស់នៅក្នុង ភូមិស្រែសៀម ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានចិញ្ចឹមត្រីអណ្តែងក្នុងអាងប្លាស្ទិកដំបូងចំនួន ១៣ ស្រះ ដែលស្រះចំនួន ៤ មានទំហំ ៨ ម៉ែត្រ គុណ ៣ម៉ែត្រ ដោយនៅក្នុងស្រះនីមួយៗដាក់ចិញ្ចឹមត្រីអណ្តែងកូនកាត់ចំនួន ១៥ គីឡូក្រាម ដែលក្នុង ១គីឡូក្រាម មានកូនត្រីចំនួន ១៤៥ ក្បាល ។ ហើយ ស្រះទំហំ ៥ម៉ែត្រ គុណ ៣ម៉ែត្រមានចំនួន ៩ ស្រះ ដោយដាក់ចិញ្ចឹមត្រីអណ្តែងកូនកាត់ចំនួន ១០ គីឡូក្រាម ក្នុង១ស្រះ ហើយក្នុង១គឡីឡូក្រាម មានកូនត្រីចំនួន ២១៥ ក្បាល។
ក្រៅពីនេះ លោក ហាន់ សុធី ក៏បានចិញ្ចឹមកង្កែប ចំនួន ២ ០០០ ក្បាលក្នុងអាងចំនួន ២ ផងដែរ ។ ការចិញ្ចឹមត្រីក្នុងអាងប្លាស្ទិច សាមញ្ញ ងាយ ប្រើទីធ្លាដីតូច តែអាចទទួលបានចំណូលច្រើន តែត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ចណៈបច្ចេកទេស ។ ដោយនៅក្នុងខែ មិថុនានេះ សង្ឃឹមថា អាចប្រមូលត្រីបានប្រមាណជា ២,៥ តោន ។ ត្រីអណ្តែងលក់បានពី ៤ ៥០០ ទៅ ៥ ០០០ រៀលក្នុង១គីឡូក្រាម តម្លៃលក់បោះដុំ ហើយលក់រាយតម្លៃ ពី ៦ ០០០ ទៅ ៧ ០០០ រៀលក្នុង១គីឡូក្រាម ។ ចណែកកង្កែបលក់បានក្នុងតម្លៃ ១៣ ០០០ រៀលក្នុង១ គីឡូក្រាម ។
លោក ហ៊ាន់ សុធី បានបន្ថែមទៀតថា ពេលនេះគាត់ បានបង្កើតស្រះធំថ្មីចំនួន ៥ ទៀត ហើយនៅចុងឆ្នាំនេះ គាត់ពង្រីកស្រះចំនួន ៩ ទៀត ដែលស្រះនិមួយៗមានទំហំ ៥ គុណ ៩ ម៉ែត្រ និង ជាបន្តបន្ទាប់ទៀត លោកចង់ប្រែក្លាយកន្លែងចិញ្ចឹមសត្វ និង ត្រីរបស់លោកទៅជាកសិដ្ឋានដ៏ធំមួយដើម្បី ចិញ្ចឹមត្រី កង្កែប ចិញ្ចឹមមាន់ និង រៀនបង្កើតចំណីត្រី សត្វ ដោយមានការគាំទ្រពីមន្ត្រីជំនាញនៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តត្បូងឃ្មុំ ។
លោក ហ៊ាន់ សុធី បានបង្ហាញពីការ ផ្សំចំណីត្រី(ចក)ថា ដំបូងគាត់ត្រូវ រៀបចំស្រះ ជាមុនសិន ដែលស្រះនោះមានទំហ៊ំប៉ុន្មានក៏បាន ទៅតាមការចង់បានរបស់យើង និង មានជម្រៅ ៣ តឹក រួចទៅ ទិញមេចំណីសត្វ អាសូឡា(A sola)ពីកន្លែងលក់ចំណីសត្វ ដែលយកមកផ្សំជាមួយ ស្កររងូ អំបិល លាមកគោស្ងួត ដាក់ចូលក្នុងទឹក កាលណាទឹកកាន់ស្អុយ ការបង្កើតចំណីកាន់តែល្អ ។ ប្រសិនបើលោកអ្នកត្រូវការទិញត្រី ឬ ចង់ដឹងពីការចិញ្ចឹមត្រីរបស់កសិករ ហ៊ាន់ សុធី នោះ អាចទាក់ទងទៅលោកដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទ ០១២ ៣៥៤ ០៥៩/០៩៦ ៦៧១ ៨០ ០៣ ៕