ពូម៉ៅ ជ្រូកខ្វៃខ្មែរឆ្ងាញ់ លក់ជ្រូកកណ្តុរអាំងកំពុងពេញនិយម
មិនមានតូបលក់ទេគឺទាល់តែមានអតិថិជនទាក់ទងកុម្ម៉ង់ទើបចាប់ផ្តើមធ្វើឱ្យភ្លាមៗក្តៅៗដឹកឱ្យដល់ទីកន្លែង ប៉ុណ្ណឹងហើយក៏នៅតែអាចលក់ដាច់ជាហូរហែក្នុងមួយថ្ងៃពី ៥ ទៅ ៦ ក្បាល ហើយបើពេលចូលឆ្នាំចិន សែនឆេងម៉េង និង សែនក្បាលទឹក ទើបខ្វៃច្រើនរាប់រយក្បាល ហើយជួលតូបគេនៅផ្សារអូរឫស្សីលក់ ។
លោក សាយ សុគន្ធា អាយុ ៣៣ ឆ្នាំ ដែលរៀនចប់បរិញ្ញាបត្រច្បាប់តាំងពីឆ្នាំ ២០១១ និង ជាអ្នកលក់ជ្រូកខ្វៃខ្មែរឆ្ងាញ់បានឱ្យដឹងថា សព្វថ្ងៃនេះអតិថិជននិយមចូលចិត្តជ្រូកកណ្តុរអាំងដែលជាស្នាដៃរបស់លោក ព្រោះគេយល់ថាមានរសជាតិឆ្ងាញ់ប្លែកមិនសូវមានខ្លាញ់ និង ឆាប់រងាន់ដូចជ្រូកខ្វៃ ។
ចំពោះជ្រូកកណ្តុរដែលលោកយកមកអាំងលក់គឺជាជ្រូកចិញ្ចឹមតាមបែបធម្មជាតិត្រូវបាននាំយកមកពីខេត្តមណ្ឌលគិរី រតនគិរី និង ខេត្តបាត់ដំបង ដោយជ្រូកទាំងនោះត្រូវបានបងប្អូនជនជាតិនៅតាមមូលដ្ឋានចិញ្ចឹមទុកលក់ឱ្យ ។
សព្វថ្ងៃក្នុងការលក់ជ្រូកកណ្តុរអាំងគឺដាច់ខ្លាំងនៅថ្ងៃសុក្រ និង ថ្ងៃសៅរ៍ ដោយគេទិញយកទៅហូបជុំគ្នាជាមួយក្រុមគ្រួសារ ឬ មិត្តភក្តិ ហើយខ្លះក៏ទិញយកទៅសែនផ្សេងៗដែលក្នុងនោះជ្រូកកណ្តុរអាំងប្រភេទ ៤ ទៅ ៥ គីឡូក្រាមមួយក្បាលលក់ថ្លៃពី ៧០ ម៉ឺនរៀលទៅ ៨៥ ម៉ឺនរៀល ជ្រូកអាំងប្រភេទ ៦ ទៅ ៧ គីឡូក្រាមលក់ថ្លៃ ៩៥ ម៉ឺនរៀល ជ្រូកអាំងប្រភេទ ៨ ទៅ ៩ គីឡូក្រាមលក់ថ្លៃ ១ លានរៀល ជ្រូកអាំងប្រភេទ ១០ ទៅ ១២ គីឡូក្រាមលក់ថ្លៃ ១ លាន ៥ ម៉ឺនរៀល និង ជ្រូកប្រភេទ ១២ ទៅ ១៥ គីឡូក្រាមលក់ថ្លៃ ១ លាន ១ សែនរៀល ។
ជ្រូកអាំងលក់តែនៅពេលមិនមានបុណ្យទាន ព្រោះពិបាកជាងខ្វៃដោយសារត្រូវមានអ្នកមើលថែឱ្យដិតដល់ចាំបង្វិលបើពុំនោះទេវាអាចខ្លោចអាចឆៅ តែបើខ្វៃគ្រាន់តែបញ្ចូលឡម្តងបានពី ១០ ទៅ ១២ក្បាល ។
ជ្រូកកណ្តុរអាំងភាគច្រើនគឺអ្នករស់នៅទីក្រុងភ្នំពេញនិយមចូលចិត្ត ដោយគេប្រាប់ថាមានជាតិណាស់អត់សូវមានខ្លាញ់ ញ៉ាំទៅឆ្ងាញ់ជាប់មាត់ហើយគេចូលចិត្តជ្រូកកណ្តុរប្រភេទ ៤ ទៅ ៥ គីឡូក្រាម ដែលហែកសាច់វាទៅដូចភ្លៅមាន់ ។ ជាមួយការកុម្ម៉ង់ទិញជ្រូកអាំងមួយក្បាលក៏មានការស្ងោរគ្រឿងក្នុងជាមួយទឹកដូងជូនអតិថិជនផងដែរ ។
លោក សាយ សុគន្ធា អ្នកលក់ជ្រូកខ្វៃខ្មែរឆ្ងាញ់បានបង្ហើបប្រាប់ដែរថា ដោយសារតែវិបត្តិនៃជំងឺកូវីដ ១៩ រាលដាលលើពិភពលោកទើបកាលពីសែនឆេងម៉េងកន្លងទៅការលក់ដូរមានការថយចុះប្រមាណជា ៥០ ភាគរយ ពោលគឺថ្ងៃសែនធំដែលធ្លាប់លក់បានពី ១០០ ទៅ ១៥០ ក្បាលបែរជាលក់បានត្រឹម ៦០ ក្បាលប៉ុណ្ណោះ ។
ចំពោះមូលហេតុដែលអតិថិជននិយមចូលចិត្តជ្រូកកណ្តុរអាំងរបស់លោក សំខាន់ដោយគេដឹងថាជ្រូកទាំងនោះជាជ្រូកចិញ្ចឹមតាមបែបធម្មជាតិកាត់ជ្រូកព្រៃ ពេលយកទៅអាំងមានរសជាតិឆ្ងាញ់ប្លែក អ្នកលក់មានការទទួលខុសត្រូវខ្ពស់មិនយកជ្រូកអន់គុណភាពលក់ឱ្យអតិថិជន មានទំនាក់ទំនងល្អជាមួយអតិថិជន ដឹកជញ្ជូនរហ័សទាន់ចិត្ត ។
រំឭកពីការនាំឱ្យឈានដល់ការចាប់ប្រកបអាជីវកម្មនេះលោក សាយ សុគន្ធា រៀបរាប់ថា កាលពីឆ្នាំ ២០១៧ លោកបានទៅលេងខេត្តមណ្ឌលគិរី ឃើញគេអាំងជ្រូកកណ្តុរពេលបានហូបសាច់ជ្រូកនោះឆ្ងាញ់ ទើបចាប់អារម្មណ៍ចង់ធ្វើឱ្យមិត្តភក្តិ និង ក្រុមគ្រួសារហូបដើម្បីឱ្យដឹងរសជាតិ ពេលមកវិញក៏សាកល្បងធ្វើដោយខ្លួនឯងហើយទទួលបានការចាប់អារម្មណ៍ពីមិត្តភក្តិ និង អ្នកជិតខាងចេះតែទាក់ទងកុម្ម៉ង់ឱ្យធ្វើលក់ឱ្យគេ ទើបសម្រេចចិត្តថាបើទោះមានការងារក្នុងក្រុមហ៊ុនអចលនទ្រព្យមួយក្តីក៏សុខចិត្តឆ្លៀតប្រកបរបរអាំងជ្រូក និង ខ្វៃជ្រូកបែបលក្ខណៈគ្រួសារដែលមានសមាជិកចំនួន ៥ នាក់ជាអ្នកអនុវត្តផ្ទាល់ ។ រាល់ថ្ងៃរបរលក់ជ្រូកកណ្តុរអាំងរបស់លោកភាគច្រើនអតិថិជនទាក់ទងតាមរយៈផេកដែលមានឈ្មោះថា «ជ្រូកខ្វៃខ្មែរឆ្ងាញ់» ៕