តិចនិចចិញ្ចឹមត្រីអណ្តែងងាយៗ ទទួលបានផលល្អ អ្នកមានបំណងចង់បង្កើតមុខរបរនេះ ត្រូវម៉ាច់!
បច្ចុប្បន្ន ប្រជាពលរដ្ឋនៅតំបន់ស្រុកស្រែចម្ការមួយចំនួន បាននាំគ្នាងាកមកប្រកបរបរចិញ្ចឹមត្រីអណ្តែង សម្រាប់លក់ផ្គត់ផ្គង់នៅលើទីផ្សារ ដោយពួកគាត់យល់ឃើញថា ការប្រកបរបរចិញ្ចឹមត្រីអណ្តែងនេះគឺវាងាយស្រួលក្នុងការចិញ្ចឹម ហើយមានទីផ្សារល្អ ។ ហាន់ សុធី គឺជាកសិករមួយ ដែលមានស្រះចិញ្ចឹមត្រីអណ្តែងរហូតដល់ទៅ ១៣ស្រះ ដោយសារតែមុខរបរចិញ្ចឹមត្រីអណ្តែងនេះ បានធ្វើឱ្យគ្រួសាររបស់គាត់មានជីវភាពល្អប្រសើរជាងកាលពីពេលមុន ។
បច្ចុប្បន្ន ហាន់ សុធី រស់នៅក្នុងភូមិ ស្រែសៀម ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ លោកត្រូវបានប្រជាពលរដ្ឋនៅក្នុងភូមិចាត់ទុកថា ជាកសិករគំរូ ។ ពេលជួបជាមួយ «ប្រជាប្រិយ» លោកបានប្រាប់ថា ត្រីអណ្តែង ដែលខ្ញុំចិញ្ចឹមនេះ គឺចិញ្ចឹមក្នុងស្រះប្លាស្ទិកចំនួន ១៣ស្រះ ហើយស្រះទំហំ ៣ម៉ែត្រ គុណ ៨ម៉ែត្រ មានចំនួន ៤ស្រះ និង ស្រះទំហំ ៣ម៉ែត្រ គុណ ៥ម៉ែត្រមានចំនួន ៩ស្រះ ។ ក្នុងការចញ្ចឹមត្រីអណ្តែងមុនដំបូង ខ្ញុំបានជួបបញ្ហា និង ការបរាជ័យខ្លះៗដែរ ដោយកាលណោះមិនទាន់មានបទពិសោធន៍ក្នុងការចិញ្ចឹមវា ។ ដោយសារមុនដំបូង ខ្ញុំបានឱ្យចំណីត្រីរហូតដល់៣ដងក្នុងមួយថ្ងៃ ឱ្យវាស៊ីឆ្អែតពេក ធ្វើឱ្យត្រីហើមពោះស្លាប់ ប៉ុន្តែឥឡូវនេះ វាលែងមានបញ្ហាអ្វីទៀតហើយ ។
**បច្ចេកទេសក្នុងការចិញ្ចឹមត្រីអណ្តែង
លោក ហាន់ សុធី បានប្រាប់ពីបទពិសោធក្នុងការចិញ្ចឹមត្រីអណ្តែងនេះថា ដើម្បីចិញ្ចឹមត្រីអណ្តែងនៅក្នុងស្រះប្លាស្ទិកឱ្យទទួលបានផលល្អនោះ គឺមុនដំបូង យើងត្រូវជីកស្រះទៅតាមទំហំ ដែលយើងចង់បាន និង ទំហំផ្ទៃដីដែលយើងមាន ក្នុងជម្រៅពី ៥តឹក ទៅ ៦តឹក បន្ទាប់មកយើងយកប្លាស្ទិកមកដាក់ក្រាល ហើយយើងបញ្ចូលទឹកទៅក្នុងស្រះប្លាស្ទិកនោះ ទើបយើងដាក់ត្រីចូល ។ សម្រាប់ស្រះទំហំ ៣ម៉ែត្រ គុណ ៥ម៉ែត្រ ខ្ញុំបានដាក់កូនត្រីអណ្តែងចំនួន ១០គីឡូក្រាម ដែលមានកូនត្រីចំនួន ២០០០ក្បាល ។ ដោយឡែក សម្រាប់ស្រះមានទំហំ ៣ម៉ែត្រ គុណ ៨ម៉ែត្រ ខ្ញុំដាក់កូនត្រីអណ្តែងចំនួន ១៥គីឡូក្រាម ដែលមានកូនត្រីចំនួន ៣០០០ក្បាល ។ ក្នុងការចិញ្ចឹមត្រីអណ្តែងនេះ យើងត្រូវដាក់ អាសូឡា ដែលជាប្រភេទរុក្ខជាតិម្យ៉ាង ដែលមានតួនាទីផ្តល់ជាចំណីត្រីផង ហើយវាជួយធ្វើឱ្យទឹកស្អាតផង ដើម្បីឱ្យត្រីលូតលាស់បានល្អ ។ បើយើងមានដាក់អាសូឡានេះ នៅក្នុងស្រះចិញ្ចឹមត្រីនោះ យើងកាត់បន្ថយឱ្យចំណីត្រី ដោយក្នុងមួយថ្ងៃ យើងផ្តល់ចំណីឱ្យត្រីតែ ២ដងប៉ុណ្ណោះ ហើយនៅពេលយើងជាប់រវល់ទៅណាឆ្ងាយ ក៏យើងមិនសូវមានការព្រួយបារម្ភពីរឿងការផ្តល់ចំណីឱ្យត្រីដែរ ព្រោះវាអាចស៊ីអាសូឡានោះបាន ។ កាលពីខ្ញុំមិនទាន់ដាក់រក្ខជាតិអាសូឡា នៅក្នុងស្រះ ខ្ញុំបានចំណាយលុយ ៥ម៉ឺនរៀលក្នុងមួយថ្ងៃ ដើម្បីទិញចំណីឱ្យត្រីស៊ី ប៉ុន្តែចាប់តាំងពីដាក់អាសូឡានេះមក ខ្ញុំចំណាយលុយទិញចំណីឱ្យត្រីស៊ីតែ ៣ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ ដូច្នេះធូរច្រើនដែរ ។ ហើយការផ្តល់ចំណីឱ្យត្រីនេះគឺផ្តល់ឱ្យវាស៊ីទៀងពេល ទាំងព្រឹក និង ល្ងាច ។
ការដាក់កូនត្រីចំនួន ២០០០ក្បាលចិញ្ចឹមក្នុងស្រះទំហំ ៣ម៉ែត្រ គុណ ៥ម៉ែត្រនោះ វាជាចំនួនដ៏ច្រើន ប៉ុន្តែ លោកហាន់ សុធី បានប្រាប់ថា បន្ទាប់ពីដាក់វាចិញ្ចឹមនៅក្នុងស្រះហើយនោះ រយៈពេល ២ខែ យើងរើស ឬ រំលែកយកត្រីធំៗជាងគេ ទៅដាក់នៅក្នុងស្រះមួយផ្សេងទៀត ធ្វើបែបនេះ ដើម្បីកុំឱ្យត្រីធំស៊ីត្រីតូច ហើយឱ្យការលូតលាស់របស់វាបានល្អ ។ ការចិញ្ចឹមត្រីរបស់ខ្ញុំរាល់ថ្ងៃនេះ មានពីរប្រភេទគឺប្រភេទត្រីអណ្តែងស្រែ និង ប្រភេទត្រីអណ្តែងអាហ្វ្រិក ។ ដោយត្រីអណ្តែងស្រែចិញ្ចឹមក្នុងរយៈពេល ២ខែគឺអាចចាប់លក់បានហើយ ។ ចំណែកត្រីអណ្តែងអាហ្វ្រិកវិញ ចិញ្ចឹមរយៈពេល ៣ខែទើបអាចលក់បាន ។ ឱ្យតែមានត្រីលក់គឺមានម៉ូយគេមកទិញដល់កន្លែងតែម្តង ដូច្នេះមិនខ្វះម៉ូយ ឬ ទីផ្សារនោះទេ ។ ក្នុងមួយថ្ងៃខ្ញុំអាចលក់ត្រីអណ្តែងបានពី ៥០គីឡូក្រាមទៅ ៦០គីឡូក្រាម សម្រាប់ម៉ូយក្នុងភូមិលក់បាន មួយគីឡូក្រាមពី ៥០០០រៀលទៅ ៦០០០រៀល ។ ដោយឡែកសម្រាប់ម៉ូយបោះដុំ ក្នុង មួយគីឡូក្រាមអាចលក់បានតែ ៤០០០រៀល ទៅ ៤៥០០រៀលប៉ុណ្ណោះ ។
បើបងប្អូនមានការចាប់អារម្មណ៍ ឬ ចង់ដឹងពីបទពិសោធន៍ក្នុងការចិញ្ចឹមត្រីអណ្តែងអាចទាក់ទង ទៅលោក ហាន់ សុធី ដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទ ៖ ០១២ ៣៥៤០៥៩ ,០៨១៤៩៣៨៤៦ ៕