កោះស្ដេចជារណីយដ្ឋានធម្មជាតិលើផ្ទៃសមុទ្រនាខេត្តកោះកុង ជាទីពេញនិយមរបស់ទេសចរជាតិ និងអន្តរជាតិ ។ កោះស្ដេចជាទីឋានរស់នៅរបស់ប្រជាជនខ្មែរយ៉ាងសុខសាន្ត ភាគច្រើនជាអ្នកនេសាទ អ្នកលក់ដូរ ម្ចាស់ផ្ទះសំណាក់ និងរីសតជាដើម ។ ប្រិយមិត្តមិនធ្លាប់ទៅកម្សាន្តនៅទីនោះប្រាកដជានឹកស្រម៉ៃថា នៅទីនោះមានឆ្នេរសមុទ្រ ងូតលេងកម្សាន្តដូចនៅព្រះសីហនុដែរ ប៉ុន្តែជាក់ស្ដែងវាមិនដូច្នោះឡើយ ។ បើអ្នកចង់ទៅកម្សាន្តនៅទីនោះឱ្យសប្បាយលុះត្រាដឹងពីវិធីកម្សាន្តសប្បាយមួយចំនួនដូចខាងក្រោមនេះ ៖
១. ការស្ទូចត្រី
កោះស្ដេចល្បីល្បាញបំផុតសម្បូរជីវិតមច្ឆាជាតិរស់នៅ ប្រជុំទៅដោយត្រីជាច្រើនប្រភេទ ដែលអ្នកអាចស្ទូចយកមកចម្អិនជាអាហារជួយកាត់បន្ថយការចំណាយ ហើយថែមទាំងសប្បាយទៀត ព្រោះអ្នកមិនខកចិត្តចិត្តមួយសន្ទូចដឹងមួយតែម្ដង ។
២. ការងូតទឹកមើលផ្កាថ្មនៅប្រជុំកោះក្បែរៗកោះស្ដេច
ជាទូទៅនៅកោះស្ដេចអ្នកអាចកម្សាន្តអារម្មណ៍មួយទៀតគឺការងូតទឹកមើលផ្កាថ្ម ។ ដូច្នេះអ្នកគួរត្រៀមវែនតាទឹក ឬ ជើងទាឱ្យហើយ ។ ចំពោះការជិះមើលផ្កាថ្ម ឬ ស្ទូចត្រីនេះ អ្នកអាចជួលទូករបស់អ្នកកោះ អាចម៉ៅជាថ្ងៃក៏បានតម្លៃសមរម្យ និងជូនអ្នកទៅគ្រប់ទីកន្លែង ។
៣. ការចម្អិនម្ហូបដោយខ្លួនឯង
បើអ្នកមិនចង់អស់ថ្លៃឱ្យគេធ្វើម្ហូបឱ្យ គួរត្រៀមចាន ឆ្នាំង ចង្ក្រាន ពីផ្ទះទៅ ។ ទៅដល់ទីនោះអ្នកអាចទិញគ្រឿងសមុទ្រស្រស់ៗមកចម្អិនយ៉ាងឆ្ងាញ់ពិសារ ។ ចំពោះគ្រឿងទេសវិញ បើមិនចង់រញ៉េរញ៉ៃច្រើនចាំទៅទិញលើកោះក៏បានព្រោះប្រជាជនមានលក់ចាប់ហួយមិនខ្វះទេ ។
៤. មើលពីជីវភាពរស់នៅរបស់អ្នកលើកោះ
នៅលើកោះស្ដេចគឺជាទីប្រជុំជនដ៏ធំមួយ មានសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងពិសេសនោះ គឺភូមិឋានរបស់អ្នកស្រុក ។ យើងអាចដើរមើលផ្ទះរបស់ប្រជាជនឃើញមានឆ្កែសមុទ្រ និងជីវិតរស់នៅការនេសាទរបស់ពួកគាត់ជាដើម ។
ក្រៅពីនៅមានសកម្មភាពផ្សេងៗទៀត ដែលយើងអាចបង្កើតឡើងបាន ដូចជាការដុតភ្លើងអាំងគ្រឿងសមុទ្រ ចាក់តន្ត្រីរាំលេងកម្សាន្តជាដើម ៕