បច្ចុប្បន្នគេសង្កេតឃើញមានអ្នកលក់កាហ្វេតែគុជ កាហ្វេដូង… លក់ហូរហែដោយសារទំនោរប្រជាជនខ្មែរនិយមចូលចិត្តភេសជ្ជៈបែបនោះស្ទើរគ្រប់វ័យ ហេតុនេះអ្នកដែលចង់ប្រកបអាជីវកម្មក្នុងកម្រិតមធ្យមលក់តាមរទេះហោចណាស់ត្រូវមានដើមទុនពី ១៥០០ ទៅ ២០០០ ដុល្លារទើបដំណើរការបាន ។
តាមបទពិសោធរបស់អ្នកប្រកបអាជីវកម្មភេសជ្ជៈកាហ្វេតែគុជ កាហ្វេដូង… ទទួលបានជោគជ័យសុទ្ធ តែបង្ហាញទស្សនៈដូចៗគ្នាថាក្រៅតែពីមានដើមទុនអាចឱ្យអាជីវកម្មដំណើរការបាន ចាំបាច់ត្រូវមានចំណុចពិសេសមួយចំនួនទៀតដើម្បីឱ្យជោគជ័យក្នុងមុខរបរ ។
កញ្ញា ខៀវ ចាន់នេត្រា ហៅ យូអាយ អាយុ ២៤ ឆ្នាំជាស្ថាបនិកបង្កើតកន្លែងលក់ «អាយកាហ្វេថៃដូងក្រអូប» នៅតាមបណ្ដោយផ្លូវ ២៦៥ កែងនឹងផ្លូវ ១៥០ ចំពីខាងក្រោយមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ដែលពេលនេះពង្រីកសាខាបាន ៣ កន្លែងបង្ហើបឱ្យដឹងពីបទពិសោធផ្ទាល់ខ្លួនថា នៅពេលចាប់ផ្តើមអាជីវកម្មដំបូងនាងបានដាក់ទុនចំនួន ២០០០ ដុល្លារ ដែលបានពីការជួយពីសំណាក់ឪពុកម្តាយរបស់នាង ក្រោយពីបានទៅហាត់រៀនពីរបៀបធ្វើភេសជ្ជៈទាំងនោះពីប្រទេសថៃ ។
ការរើសទីតាំងសម្រាប់លក់គឺសំខាន់ណាស់ ព្រោះយើងលក់តាមដងផ្លូវចាំបាច់ត្រូវរកមើលទីតាំងណាដែលមានការធ្វើចរាចរចុះឡើងច្រើនជិតទីប្រជុំជន សាលារៀន មន្ទីរពេទ្យ… ដើម្បីងាយក្នុងការដែលអតិថិជនចូលទិញ ។
ដោយសារតែទទួលការគាំទ្រច្រើនពីអតិថិជនទើបអាជីវកម្មរបស់កញ្ញា ខៀវ ចាន់នេត្រា ហៅ យូអាយ មានការរីកចម្រើនដើមទុនកើនជាលំដាប់រហូតដល់ពេលនេះនាងមានដើមទុនកើនដល់រាប់ម៉ឺនដុល្លារមានកន្លែងលក់ ៣ កន្លែង និង បុគ្គលិកសរុប ១២ នាក់ និង ឈានដល់ការលក់ហ្វ្រេនឆាយជាបណ្តើរៗទៀតផង ។
ក៏ដូចគ្នាដែរអ្នកស្រី ញៀវ យិនហ្គេច ស្ថាបនិក Queen Bee Café ដែលសុខចិត្តបោះបង់ការងារអាចរកចំណូលបានខ្ទង់ពាន់ដុល្លារអាមេរិកមកចាប់ផ្តើមរបរលក់កាហ្វេតាមចិញ្ចើមផ្លូវមុនពេលដែលអាចវិវត្តន៍ខ្លួនមកជាយីហោមានសាខាចំនួន ១០ ដូចសព្វថ្ងៃបានបង្ហើបប្រាប់ថា នៅឆ្នាំ ២០១៥ អ្នកស្រីចាប់ផ្តើមអាជីវកម្មដំបូងគ្រាន់តែជាអ្នកលក់តាមរទះ ដោយចំណាយដើមទុន ១៥០០ ដុល្លារ ។
ក្នុងការចាប់ផ្តើម រយៈពេល ៣ ខែដំបូង គឺមានការខាតជារៀលរាល់ខែ ប៉ុន្តែខាតមិនច្រើនទេត្រឹមតែ ១០០ ដុល្លារប៉ុណ្ណោះព្រោះអាជីវកម្មគាត់តូច ណាមួយគាត់មានភ្ញៀវជួយទិញច្រើន គ្រាន់តែពេលនោះទឹកភេសជ្ជៈគាត់ធ្វើមិនសូវឆ្ងាញ់ ដូច្នេះមិនអាចទាក់ចិត្តភ្ញៀវឱ្យមកទិញជាប្រចាំបានឡើយ រហូតចូលដល់ ខែទី ៤ ទើបអាចរកប្រាក់ចំណេញវិញបាន ។
សហគ្រិនវ័យ ២៨ ឆ្នាំអ្នកស្រី ញៀវ យិនហ្គេច បានឱ្យដឹងថា ទម្រាំអាចពង្រីកខ្លួនបានដូចបច្ចុប្បន្ន គឺដោយសារតែ Queen Bee Café យកចិត្តទុកដាក់ខ្លាំងទៅលើការបង្កើតផលិតផលថ្មីៗជារៀងរាល់ខែពោលគឺគុណភាពផលិតផលថ្មីរសជាតិឆ្ងាញ់ប្លែករហូត ។ កន្លងទៅមូលហេតុដែលធ្វើឱ្យអាជីវកម្មរបស់គាត់ រកស៊ីខាត ក៏ដោយសារមិនមានផលិតផលថ្មីសម្រាប់អតិថិជន ។ ហេតុនេះហើយទើបគាត់ព្យាយាមស្វែងរក និង ដេញតាមចំណង់ចំណូលចិត្តអតិថិជន តាមរយៈការបង្កើតផលិតផលថ្មី និង ឆ្លៀតទៅរៀនដល់ក្រៅប្រទេស ដើម្បីយកចំណេះដឹងថ្មីមកអភិវឌ្ឍន៍ផលិតផលរបស់ខ្លួន ។
ការជ្រើសទីតាំង គ្រប់សាខាទាំងអស់របស់យីហោតែគុជ Queen Bee Café សុទ្ធតែជ្រើសរើសទីតាំងណាដែលត្រូវនឹងអតិថិជនគោលដៅរបស់ខ្លួន ។ ជាក់ស្តែង សាខានីមួយៗរបស់ Queen Bee Café សុទ្ធតែនៅជិតសាលារៀន កន្លែងធ្វើការ ដែលមានសិស្ស និស្សិត និង បុគ្គលិកធ្វើការផ្សេងៗ ជាដើម ។
សហគ្រិនស្រ្តីវ័យក្មេងខាងលើនេះ បានបញ្ជាក់ប្រាប់ថា គ្រប់អ្នកដែលចង់មកទិញសិទ្ធិអាជីវកម្មពីខាងគាត់ គាត់តែងតែតម្រូវឱ្យអ្នកនោះ មានទីតាំងណាដែលសម្បូរទៅដោយសិស្សសាលា និង អ្នកធ្វើការផ្សេងៗជានិច្ច ។ ព្រោះការជ្រើសរើសទីតាំងក្នុងការបើកហាង គឺជាចំណុចស្លាប់មួយរបស់អាជីវកម្ម ដែលផ្តោតលើវិស័យម្ហូបអាហារ និងភេសជ្ជៈ ។
ការបំរើសេវាកម្មត្រូវបានយកចិត្តទុកដាក់ខ្លាំង លើការផ្តល់សេវាកម្មដល់អតិថិជនដែលនេះ ជាចំណុចពិសេសមួយ ដែលជួយឱ្យអាជីវកម្មរបស់គាត់ទទួលបានជោគជ័យ ៕