ក្ងានញីមួយក្បាលខូចចិត្ត រហូតងាប់ ក្រោយក្មេងទំនើងនាំគ្នាចោលដុំឥដ្ឋបំបែកពងវា
សត្វក្ងានញីមួយក្បាល ត្រូវបានឲ្យដឹងថា បានងាប់ដោយសារការខូចចិត្ត ក្រោយពពួកក្មេងទំនើងចិត្តសាហាវយង់ឃ្នង នាំគ្នាបំបែកពងដែលមិនទាន់ញាស់របស់វាជាមួយនឹងដុំឥដ្ឋ ។
ក្មេងប្រុសៗទំនើងមួយក្រុម បានសម្លាប់ពងក្ងានដែលមិនទាន់ញាស់ ក្រោយពួកគេចោលដុំថ្ម និងដុំឥដ្ឋទៅលើពងទាំងនោះ កាលពីខែមុន នៅ Bolton នៃក្រុង Greater Manchester ប្រទេសអង់គ្លេស ។ ជាមួយគ្នានេះដែរ បើតាមសារព័ត៌មាន Manchester Evening News បានបញ្ជាក់ថា ក្ងានញីដែលជាម្ដាយ ត្រូវបានប្រទះឃើញងាប់នៅដើមសប្ដាហ៍នេះ ក្រោយក្ងានឈ្មោលដែលជាដៃគូវា បានបាត់ខ្លួនទៅមិនយូរប៉ុន្មាននោះ ។
បើតាមសាក្សីដែលបានឃើញហេតុការណ៍ បាននិយាយថា ក្មេងៗទាំងនោះបាននាំគ្នាយកដុំថ្ម និងឥដ្ឋគប់ទៅលើសំបុកក្ងាន ហើយពងចំនួន ៣ ក្នុងចំណោមពងទាំង ៦ របស់ក្ងានញីនោះ ត្រូវបានបែកខ្ទេច ។ ក្នុងនោះដែរ តាមក្រុមសកម្មជនសង្គ្រោះសត្វព្រៃ បានបញ្ជាក់បន្ថែមថា ពងដែលនៅសេសសល់របស់វា បានបន្តបាត់នៅប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដោយទុកសល់តែពងមួយប៉ុណ្ណោះដែលនៅរស់រាន ។ ចំពោះក្ងានឈ្មោលវិញ វាត្រូវបង្ខំចិត្តចេញពីសំបុក កាលពី ២ សប្ដាហ៍មុន ដោយសារមានបញ្ហាផ្លូវចិត្ត ហើយក៏មិនបានឃើញត្រឡប់មកវិញដែរ ។
ក្ងានញីដ៏កម្សត់ ត្រូវបានពពួកមាន់ញី ទា និងសត្វឆ្កែវាយប្រហារឥតឈប់ឈរ ចាប់តាំងពីពងរបស់វាត្រូវបានពពួកមនុស្សយាយីមក ។ ជាអកុសល និងគួរឲ្យអាណិតជាទីបំផុត ក្ងានញីដ៏ឯកោមួយក្បាលនេះ ត្រូវបានប្រទះឃើញងាប់ក្នុងសំបុករបស់វា ហើយបើតាមក្រុមសកម្មជនបានបញ្ជាក់ថា វាងាប់ដោយសារតែការខូចចិត្ត ។
«វាអាចនឹងងាប់ដោយសារតែការខូចចិត្ត ដោយសារតែដៃគូជីវិតរបស់វា ក៏សម្រេចចិត្តចោលវា ដោយសារតែបញ្ហាផ្លូវចិត្ត» ។ គួរបញ្ជាក់ថា សត្វក្ងាន ត្រូវបានឲ្យដឹងថា នឹងត្រូវងាប់ដោយការខូចចិត្ត ប្រសិនបើវាបាត់បង់ដៃគូជីវិតរបស់ខ្លួន ៕
ប្រភព៖ Dailymail