ពិតជាមិនធម្មតាមែន ភោជនីយដ្ឋាន «មាតុភូមិ» ទើបបើកបាន ៤ ឆ្នាំសោះ តែអាចពង្រីករហូតដល់ ៣០ សាខា
ភោជនីយដ្ឋានខ្មែរមួយ មានឈ្មោះ«មាតុភូមិ» បានបើកដំណើរការលក់ម្ហូបខ្មែរយ៉ាងសម្បូរបែបមានដូចជា ផ្អក មុំា ប្រហុកអាំង ទឹកគ្រឿង អន្លក់ស្រស់ៗ និង ម្ហូបបែបខ្មែរជាច្រើនមុខ ។ពិតជាមិនធម្មតានោះទេ គ្រាន់តែបើករយៈពេល ៤ ឆ្នាំប៉ុណ្ណោះ ភោជនីយដ្ឋាន«មាតុភូមិ» ទទួលបានការចាប់អារម្មណ៍គាំទ្រច្រើនពីអតិថិជន ហើយបានពង្រីកសាខារហូតដល់ ៣០ កន្លែង ហើយក៏នឹងគ្រោងពង្រីកជាបន្តបន្ទាប់ទៀតរហូតឱ្យមានគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា នាពេលខាងមុខ ។
បច្ចុប្បន្ននេះ មិនពិបាករកហាងដែលមានម្ហូបខ្មែរដ៏ឈ្ងុយឆ្ងាញ់នោះទេ ដោយលោកអ្នកគ្រាន់តែចូលទៅហាងមាតុភូមិ ពិតជាមានលក់ម្ហូបខ្មែរជាច្រើនមុខ ដូចជាត្រីដុត បុកមាន់ បុកកំពិស ប្រហុក និង គ្រឿងអន្លក់ ដែលសុទ្អតែជាម្ហូបពិសេសនៅក្នុងហាង ដែលគ្រប់ម្ហូបអាហារទាំងអស់ សុទ្ធតែមានរសជាតិប្រពៃណីខ្មែរ អាហារប្រភេទរ៉ែខនិច-អាហារការពារ ដែលល្អសម្រាប់សុខភាពរាងកាយ ។
លោក មាស ម៉ែន អគ្គនាយកភោជនីយដ្ឋាន«មាតុភូមិ» បានឱ្យដឹងថា៖ «ជាមួយឆន្ទៈបម្រើតែម្ហូបខ្មែរសុទ្ធនោះ តាំងពីបើកដំបូងនាខែមិថុនាឆ្នាំ២០១៦ នៅផ្លូវ ៣៦០ ក្បែរទួលស្លែងរហូតមកដល់សព្វថ្ងៃនេះ ហាង មាតុភូមិ បានពង្រឹងរសជាតិខ្លួនបន្ថែមរហូតដល់ ពង្រីកហាងបានដល់ ៣០ កន្លែង ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលចូលចិត្តទទួលទានម្ហូបខ្មែរ ។
មាតុភូមិ ប្រមូលផ្តុំម្ហូបប្រពៃណីជាតិ រួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម ដើម្បីថែរក្សា និង លើកស្ទួយម្ហូបប្រពៃណីជាតិ ដែលជាអត្តសញ្ញាណខ្មែរ ។ ត្រឡប់មកទទួលរសជាតិម្ហូបប្រពៃណីខ្មែរឡើងវិញ ជាមួយប្រភេទអាហារការពារ អាហាររ៉ែខនិច ពីគ្រប់រុក្ខជាតិ និង បន្លែចម្រុះ គ្រឿងអន្លក់សម្បូរបែប រសជាតិប្រពៃណី ដែលផ្តល់ប្រតិលាភដល់សុខភាពរាងកាយ ។
ម្ហូបអាហារនៅក្នុងហាង មាតុភូមិ លក់ក្នុងតម្លៃសមរម្យគឺមានចាប់ពី ៤៥០០ រៀលដល់ ១៨.០០០រៀល ហើយការបើកលក់ចាប់ពីម៉ោង ១០ កន្លះថ្ងៃត្រង់ដល់ម៉ោង៨កន្លះយប់ ។
កាលពីជំងឺកូវីដ ១៩ កំពុងរីករាលដាលខ្លាំងលើពិភពលោកនោះ ភោជនីយដ្ឋាន មាតុភូមិ ក៏បានផ្អាកលក់រយៈពេល ២ ខែដែរ និង ទើបបន្តដំណើរការធម្មតាឡើងវិញ កាលពីខែឧសភា កន្លងមកនេះ ។
ហាងលក់ម្ហូបប្រពៃណីខ្មែរ មាតុភូមិ មានសុទ្ធតែម្ហូបឆ្ងាញ់រក្សារសជាតិបែបប្រពៃណីខ្មែរ ស្ដង់ដាគុណភាព និង អនាម័យខ្ពស់ ពោលគឺមិនយកចំណេញខ្លាំង,ស្មោះត្រង់ជាមួយអតិថិជន,គិតដល់សុខភាពអតិថិជន,រាល់បន្លែត្រីសាច់សុទ្ធសឹងជារបស់ធម្មជាតិ ។
លោក មាស ម៉ែន បានបង្ហើបឱ្យដឹងផងដែរថា ៖ មាតុភូមិ គឺជាភោជនីយដ្ឋានដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស មានបម្រើ និង ផ្សព្វផ្សាយម្ហូបបែបខ្មែរដោយមាន អ្នកស្រី មាស ផានីដា ជាស្ថាបនិក ។
មាតុភូមិ បើកដំណើរការដំបូងក្នុងលក្ខណៈជាក្រុមគ្រួសារ ដោយប្រើដើមទុនសហការគ្នាជាមួយបងប្អូនសរុបមិនដល់មួយម៉ឺនដុល្លារនោះទេ ហើយការបើកនោះសំខាន់គឺចង់លើកកម្ពស់មុខម្ហូបខ្មែរដើម្បីឱ្យអ្នកមានជីវភាពមធ្យមក៏អាចចូលហាងពិសារអាហារខ្មែរបានដោយមិនចាំបាច់តែហូបម្ហូបអាហារបរទេស ទើបអាចចូលក្នុងហាងបាននោះទេ ។
ហាង មាតុភូមិ ត្រូវបានបង្កើតឡើង ដោយក្រុមគ្រួសារមួយ ដែលមានម្តាយជំនាញក្នុងការធ្វើម្ហូប ទើបកូនៗបែកគំនិតយកជំនាញនេះ មកអនុវត្តផ្ទាល់រហូតទទួលបានជោគជ័យក្នុងមុខរបរនេះ ៕