មិនធម្មតា កសិករ ព្រុំ វ៉ាត រកចំណូលពីការភ្ញាស់ ចិញ្ចឹមបង្កង លក់បាន ៥០ ម៉ឺនដុល្លារក្នុង ១ ឆ្នាំ
បង្កងគេអាចយកមកធ្វើជាមុខម្ហូបអាហារដ៏ឆ្ងាញ់ពិសារ បានជាច្រើនមុខ និង មានតម្លៃខ្ពស់ជាងប្រភេទត្រីផ្សេងៗទៀត ។ បច្ចុប្បន្ន ដោយសារតែបង្កងធម្មជាតិមានតម្លៃខ្ពស់ និង មិនអាចផ្គត់ផ្គង់ទីផ្សារបានគ្រប់គ្រាន់នោះ ទើបប្រជាពលរដ្ឋមួយចំនួន នៅក្នុងខេត្តតាកែវ បានងាកមកចាប់យកមុខរបរចិញ្ចឹមបង្កងនេះដើម្បីបំពេញតម្រូវការទីផ្សារ ។
ប៉ុន្តែការចិញ្ចឹមបង្កងនេះ មិនមែនសុទ្ធតែទទួលបានជោគជ័យទាំងអស់គ្នានោះទេ ហើយក៏មានកសិករខ្លះខាតចុង ខាតដើម លើមុខរបរចិញ្ចឹមបង្កងនេះដែរ ។ ចំពោះកសិករ ព្រុំ វ៉ាត វិញ ពិតជាមិនធម្មតាឡើយ គាត់បានចាប់យកមុខរបរភ្ញាស់ និង ចិញ្ចឹមបង្កងនេះ អស់រយៈពេលជាង ១០ ឆ្នាំមកហើយ ដែលទទួលបានជោគជ័យជាទីគាប់ចិត្ត ។
កសិករ ព្រុំ វ៉ាត បានឱ្យដឹងថា ខ្ញុំបានចាប់ផ្តើមពីការបង្កាត់ពូជបង្កងលក្ខណៈតូចតាច ប៉ុន្តែក្រោយពីទទួលបានការរៀនបច្ចេកទេសបង្កាត់បង្កងកាលពីឆ្នាំ ២០១៦ មក នៅឆ្នាំ ២០១៧ ខ្ញុំក៏បានបង្កើតទៅជាកសិកដ្ឋាន ភ្ញាស់ និង ចិញ្ចឹមបង្កងលក់ដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅក្នុង ភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ។ ហើយនៅពេលនេះដែរ ខ្ញុំកំពុងភ្ញាស់ និង ចិញ្ចឹមបង្កង សម្រាប់លក់ចំនួន ១០ ស្រះធំៗនៅលើផ្ទៃដីទំហំ ៥ ហិកតា ។ ខ្ញុំបានភ្ញាស់កូនបង្កងលក់បានប្រមាណជា ៥០០ ០០០ កូន ក្នុងមួយឆ្នាំ ក្នុងតម្លៃពី ២៥០ ទៅ ៣០០ រៀល សម្រាប់កូនបង្កងមួយក្បាល ។ ចំពោះបង្កងសាច់វិញ មានតម្លៃពី ៣០ ទៅ ៤៥ ដុល្លារ តាមប្រភេទបង្កងធំ ឬ តូច ដែលក្នុងមួយឆ្នាំ ខ្ញុំចិញ្ចឹមបង្កងលក់បានចន្លោះពី ២,៥ ទៅ ៣តោន ឬ អាចលើសនេះ ។ សរុបមកក្នុងមួយឆ្នាំ ខ្ញុំអាចរកចំណូលបានពីការលក់បង្កងនេះបានចំនួនពី ២០ម៉ឺនដុល្លារ ទៅ ៣០ម៉ឺនដុល្លា ក្នុងមួយឆ្នាំ ហើយមានឆ្នាំខ្លះអាចលក់បង្កងបានរហូតដល់ទៅ ៥០ម៉ឺនដុល្លារ ក៏មានដែរ ។
កសិករ ព្រុំ វ៉ាត បានបង្ហើបពីការបង្កាត់កូនបង្កង ត្រួសៗថា ការបង្កាត់ពូបង្កងនេះ វាមិនងាយស្រួលប៉ុន្មានឡើយ វាមានភាពស្មុកស្មាញបន្តិច ត្រូវការបច្ចេកទេសខ្ពស់ ដោយដំបូងត្រូវសំអាត អាងបង្កាត់ឱ្យស្អាត ដាក់ក្លរសម្លាប់មេរោគ រួចលាយល្បាយកំហាប់ទឹកសាប និង ទឹកប្រៃចូលក្នុងល្បាយ ១២លើ១០០០កំហាប់ទឹក ។ ការលាយកំហាប់ទឹកត្រូវទើបពងបង្កងញាស់ ។ ពេលវាញ៉ាស់ហើយ ត្រូវថែវារយៈពេលពី ២៨ ទៅ ៣០ថ្ងៃ ទើបកូនបង្កងអាចហែលបាន ព្រោះបង្កង វាញាស់ភ្លាម គឺវាអណ្តែតផ្ងាពោះឡើងលើ ទើបយកវាទៅដាក់ចូលទៅក្នុងស្រះចិញ្ចឹម តែម្តង ហើយវាមានអាយុចន្លោះពី ៦ខែ ទៅ ៨ខែ ទើបអាចលក់បាន ។
បើតាមការឱ្យដឹងពី លោក ទេព្យ វុទ្ធី ប្រធានការិយាល័កសិកម្ម ស្រុកអង្គរបុរី ខេត្តតាកែវបានឱ្យដឹងថា នៅក្នុងស្រុកអង្គរបុរី មានកសិដ្ឋានចិញ្ចឹមបង្កងជាង ១០ ឯណោះ តែមានតែកសិដ្ឋាធំៗចំនួន ២ ប៉ុណ្ណោះគឺ ទី១ កសិដ្ឋានរបស់ លោក ព្រំ វ៉ាត និង ទី២ កសិដ្ឋានរបស់លោក ឡា អះម៉ាត់ នៅភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី ដែលកំពង់ចិញ្ចឹមបង្កង និង បង្កាត់បង្កង ដោយធម្មជាតិលើផ្ទៃដីទំហំប្រមាណជា ៣ ហិតតា ក្នុងនោះមានស្រះចិញ្ចឹមបង្កងចំនួន ៤ និង ស្រះបង្កាត់ចំនួនមួយ ដែលមានមេពូជជាង ១០០ ក្បាល ។ គាត់ ទើបចាប់ផ្តើមចិញ្ចឹមបានមួយឆ្នាំកន្លងមកនេះ ។ បច្ចុប្បន្នគាត់កំពុងចិញ្ចឹមបង្កងជាង ១០ ម៉ឺនក្បាល នៅក្នុងស្រះចំនួន ៤ ។ កាលពីឆ្នាំកន្លងទៅ គាត់ចិញ្ចឹមបានមួយស្រះ លក់បង្កងបានជាង ១ តោន ដោយលក់ក្នុងតម្លៃ ១៣០ ០០០ រៀល ក្នុងមួយគីឡូក្រាម និង កូនបង្កងលក់បាន ១០ ០០០ ក្បាល តម្លៃ ៥០០ រៀល ក្នុងមួយក្បាល ៕